ក្រោយពីមានការផ្តន្ទាទោសយុវជនចលនាមាតាធម្មជាតិឱ្យជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំ ទៅ៨ឆ្នាំ សហភាពអឺរ៉ុប និងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗប្រចាំនៅកម្ពុជាមួយចំនួនទៀត ដូចជា អង់គ្លេស អាមេរិក និងអូស្រា្តលី និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សទាំងជាតិនិងអន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងការកើនឡើងនៃការយាយី និងការចាប់ខ្លួនអ្នកការពារផលប្រយោជន៍សង្គម និងបរិស្ថាន។
អង្គការសង្គមស៊ីវិល និងបណ្តាប្រទេសទាំងនោះ បានរិះគន់ចំពោះការផ្តន្ទាទោសក្រុមយុវជនចលនាមាតាធម្មជាតិដែលហ៊ានចេញមុខការពារបរិស្ថានថា ជារឿងអយុត្តិធម៌ និងជារូបភាពគំរាមកំហែង ធ្វើទុក្ខបុកម្នេញសកម្មជនផ្សេងទៀត និងបានទាមទារឱ្យដោះលែងសកម្មជនបរិស្ថានដោយឥតលក្ខខណ្ឌ និងបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវស្តង់ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិក្នុងការតវ៉ាដោយសន្តិវិធីជាដើម។
ចំណែក លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ស្ថាបនិកអង្គការមាតាធម្មជាតិ ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥ចំពោះសកម្មភាពការពារបរិស្ថានរបស់លោក ខកចិត្តនឹងសាលក្រមមួយនេះ។ លោកថាការផ្តន្ទាទោសនេះ គឺអយុត្តិធម៌ខ្លាំងបំផុត និងជាកំហុសដ៏ធំមួយ ខណៈលោកក៍ជាមនុស្សម្នាក់ដែលត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ និងពិន័យ១០លានរៀលក្នុងសំណុះរឿង«រួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ»។
លោក អាឡិចហ្សង់ដ្រូ ប្រាប់វីអូអេថា៖ «សាលក្រមនេះ គឺមហាអយុត្តិធម៌ ហើយខ្ញុំក៏ចាត់ទុកសាលក្រមនេះជាឧក្រិដ្ឋកម្មផងដែរ។ ខ្ញុំដឹងហើយថា មានចៅក្រម មានព្រះរាជអាជ្ញា មានតុលាការអី ប៉ុន្តែអ្វីដែលជារឿងពិតហ្នឹងគឺ ជាឧក្រិដ្ឋកម្មរបស់រដ្ឋអំណាចហ្មង។ ចាប់សកម្មជន ចាប់យុវជនគ្មានកំហុសដាក់ពន្ធនាគារ។ ហើយដាក់ក្នុងពន្ធនាគារយូរ៦ឆ្នាំ ៨ឆ្នាំផង»។
លោកបន្ថែមថា៖ «ខ្ញុំថា ជាកំហុសធ្ងន់ធ្ងរណាស់ ដូចអ្វីដែលយើងបានឃើញកន្លងមកហ្នឹង ចាប់សកម្មជនមាតាធម្មជាតិប៉ុន្មានដង? ហើយយុវជនចូលរួមជាមួយយើង ឬយុវជនក្លាយទៅសកម្មជនខ្វល់ខ្វាយពីសង្គមកាន់តែច្រើនទៅៗ។ អ៊ីចឹងបើនិយាយពីយុទ្ធសាស្ត្រ យុទ្ធសាស្ត្រហ្នឹងគឺខុសហើយ។ ហើយលើកនេះ ខុសធ្ងន់ជាងលើកមុនទៀត ពីព្រោះទាំង ភួន កែវរស្មី ទាំង តារាវុត ទាំង ថុន រដ្ឋា គឺមនុស្សហៅថាគេស្គាល់ច្រើន នៅក្នុងស្រុកខ្មែរក៏គេស្គាល់ នៅក្រៅប្រទេសក៏ស្គាល់»។
ក្នុងសំណុះរឿងនេះ ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមកាលថ្ងៃអង្គារ ដោយបានផ្ទន្ទាទោសមនុស្សចំនួន៣នាក់ រួមមានស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិច លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ពីបទ«ប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់»។ ចំណែក លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា លោក ពក ខឿយ ត្រូវបានចោទពីបទ «រួមគំនិតក្បត់» ហើយតុលាការផ្តន្ទាទោសក្នុងម្នាក់ៗ រយៈពេល៦ឆ្នាំ។
បន្ទាប់ពីប្រកាសសាលក្រមភ្លាមៗ នៅម៉ោង១០និង៤០នាទីព្រឹក យ៉ាងហោចណាស់មនុស្ស៤នាក់ រួមមានលោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី ត្រូវបានកងកម្លាំងនគរបាលដែលមានទាំងសម្លៀកបំពាក់ឯកសណ្ឋាន និងស៊ីវិល ចាប់ទាញអ្នកទាំងនោះយ៉ាងហិង្សា រុញចូលទៅក្នុងរថយន្ត ខណៈអ្នកគាំទ្រជាច្រើន ស្រែកទាមទារឱ្យមានការដោះលែង។ ដោយឡែក លោក យឹម លាងហ៊ី ដែលមិនមានវត្តមាននៅក្រៅតុលាការ ក៏ត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែមិនច្បាស់ទីកន្លែងដែលចាប់ខ្លួននោះទេ។ នេះបើតាមអង្គការលីកាដូ។
ក្រោយមានព្រឹត្តិការណ៍នេះកើតឡើង សហភាពអ៊ឺរ៉ុប បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២ ខែកក្កដា ថា៖ «សហភាពអឺរ៉ុប និងប្រទេសជាសមាជិក រួមមានបែលហ្ស៊ិក ដាណឺម៉ាក បារាំង ហ្វាំងឡង់ អាល្លឺម៉ង់ អៀរឡង់ ហូឡង់ និងស៊ុយអែត មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការកើនឡើងនៃការយាយី និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ សាលក្រមដែលត្រូវបានប្រកាសពាក់ព័ន្ធនឹងសកម្មជនការពារបរិស្ថាននៃអង្គការមាតាធម្មជាតិមានលក្ខណៈគួរឱ្យព្រួយបារម្ភ។ យើងសូមអំពាវនាវឱ្យមានការគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិក្នុងការសម្តែងមតិដោយអហិង្សាផងដែរ»។
ចំណែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានសម្តែងការព្រួយបារម្ភ ជុំវិញការផ្តន្ទាទោសសកម្មជនមាតាធម្មជាតិ ចំនួន ១០រូបនេះផងដែរ។ នេះបើតាមការសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូត នាថ្ងៃពុធនេះ។
ស្ថានទូតអាមេរិកបន្ថែមថា៖ «សហរដ្ឋអាមេរិក នៅតែគាំទ្រសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយរួមទាំងសេរីភាពបញ្ចេញមតិ និងការចងក្រងជាក្រុម ជាសមាគម ដែលជាធាតុផ្សំសំខាន់នៃអភិបាលកិច្ចប្រជាធិបតេយ្យ។ ជាធម្មតា យើងនៅតែបន្តប្តេជ្ញាចិត្តចំពោះបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសមានភាពរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យជាងនេះ ដែលក្នុងនោះ សំឡេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព»។
ក្រៅពីនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរិះគន់ថា ការសម្រេចរបស់សាលាដំបូងដែលផ្តន្ទទោសសកម្មជនមាតាធម្មជាតិឱ្យជាប់ពន្ធនាគាររយៈ៦ឆ្នាំ ទៅ៨ឆ្នាំ គឺជារឿងអយុត្តិធម៌ និងជារូបភាពគំរាមកំហែង ធ្វើទុក្ខបុកម្នេញសកម្មជនផ្សេងទៀត។
នាយិការងផ្នែកស្រាវជ្រាវនៃអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) អ្នកស្រី Montse Ferrer បញ្ចេញមតិតាមទំព័រហ្វេសប៊ុកអង្គការនេះ កាលពីថ្ងៃអង្គារថា៖ «សាលក្រមថ្ងៃនេះគឺជាការវាយប្រហារដ៏អាក្រក់មួយទៀតដល់សង្គមស៊ីវិលកម្ពុជា។ ចលនាមាតាធម្មជាតិ គឺជាក្រុមសកម្មជនដ៏ល្បីមួយដែលតែងលើកយកបញ្ហានៃការបំផ្លិចបំផ្លាញបរិស្ថាន ដែលបង្កឡើងដោយអំពើពុករលួយដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសកម្ពុជា។ អាជ្ញាធរកម្ពុជាត្រូវដោះលែងអ្នកការពារបរិស្ថានទាំងអស់នេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»។
ចំណែកអនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាលោក Marc Thayre លើកឡើងថា៖«ប្រជាពលរដ្ឋទាំងអស់គួរតែអាចចូលរួមបញ្ចេញមតិក្នុងកិច្ចការដែលប៉ះពាល់ដល់អនាគតរបស់ពួកគេ ក្នុងស្ថានភាពដោយមិនភ័យខ្លាចការកាត់ទោស។ សេរីភាពនៃការបញ្ចេញមតិត្រូវតែទទួលបានការការពារ ប្រសិនបើប្រទេសកម្ពុជាត្រូវបោះជំហ៊ានទៅដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ»។ នេះបើតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី២ខែកក្កដា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងថា ការផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិ គឺមានតែស្ថាប័នតុលាការ ដែលមានសិទ្ធិសម្រេច ដូច្នេះការរិះគន់ណាមួយ គួរតែបែងចែកឱ្យច្បាស់អំពីសេរីភាពបញ្ចេញមតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឬក្នុងកតិកាសញ្ញា និងសេចក្តីប្រកាសជាសកលនានា ជាជាងប្រើមនោសញ្ចេតនាដើម្បីកាត់សេចក្តី។
លោកប្រាប់វីអូអេថា៖ «ខ្ញុំសូមឱ្យភាគីពាក់ព័ន្ធ អ្នកដែលចេញសេចក្តីថ្លែងការណ៍ហ្នឹង សូមកុំប្រើមនោសញ្ចេតនាដើម្បីកាត់សេចក្តីជំនួសឱ្យស្ថាប័នតុលាការ។ មានតែស្ថាប័នតុលាការទេ ដែលជាអ្នកជម្រះសេចក្តីបាន។ បើយើងប្រើមនោសញ្ចេតនា ប្រើអារម្មណ៍មកវាយតម្លៃសាច់រឿងមួយ អ៊ីចឹងគេចាំបាច់មានតុលាការធ្វើអ្វី?»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការសម្រេចរបស់តុលាការដើម្បីឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិ អាចប៉ះពាល់ដល់ការចូលរួមរបស់យុវជន ក្នុងការការពារបរិស្ថាន ការចូលរួមការងារសង្គម ក៏ដូចជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្ថែមថា កម្ពុជាក៏គួរតែពិនិត្យឡើងវិញ ទាក់ទងអនុសាសន៍នានាអំពីការលើកកម្ពស់ និងការកែលម្អសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ព្រោះកម្ពុជា ជារដ្ឋភាគីមួយ ដែលបានផ្តល់សច្ចាប័នផងដែរ។
កន្លងមក ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេស បានធ្វើឱ្យកម្ពុជា បាត់បង់នូវប្រព័ន្ធអនុគ្រោះពន្ធEBA២០% និងGSPរបស់សហរដ្ឋអាមេរិក។ នេះបើតាម លោក អំ សំអាត។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ រំពឹងថាសាលាឧទ្ធរណ៍ នឹងផ្តល់យុត្តិធម៌សម្រាប់សកម្មជនទាំងអស់នោះ បើសិនពួកគេធ្វើការប្តឹងទាស់នឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ។
លោកប្រាប់វីអូអេថា៖ «នេះជាការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើការផ្តន្ទាទោស ប៉ុន្តែអ្វីដែលបន្ត ខ្ញុំគិតថានៅពេលដែលមានការប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍គួរតែពិនិត្យ និងពិចារណា ការផ្តល់យុត្តិធម៌សម្រាប់អ្នកទាំងអស់នោះ ដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋានរបស់ពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ»។
ដោយឡែក ទាក់ទងការឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់នោះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា សកម្មជនទាំង៥នាក់នោះ ត្រូវបានយកទៅឃុំក្នុងពន្ធនាគារផ្សេងៗគ្នា ដោយក្នុងនោះ លោក ថុន រដ្ឋា យកឃុំនៅពន្ធនាគារត្រពាំងថ្លុង លោក លី ចាន់តារ៉ាវុត ឃុំនៅពន្ធនាគារខេត្តកណ្តាល លោក យឹម លាងហ៊ី ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ កញ្ញា ភួន កែវ រស្មី ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ និងកញ្ញា ឡុង គន្ធា ឃុំនៅពន្ធនាគារខេត្តព្រះវិហារ។
បើតាម លោក នុត សវនា ការឃុំខ្លួនសកម្មជនទាំង៥ នៅពន្ធនាគារផ្សេងៗគ្នាបែបនេះ គឺជាការងារបច្ចេកទេស ពាក់ព័ន្ធនឹងការគ្រប់គ្រងការងារសន្តិសុខ។
លោកថ្លែងថា៖ «ការងារបច្ចេសទេសសន្តិសុខដែលខ្ញុំលើកឡើងនេះ គឺការធ្វើមនោគមវិជ្ជា ការប្រើគំនិត ការប្រើពាក្យសម្តីជាអាវុធញុះញង់ ជាឧបរណ៍ញុះញង់ ដែលធ្វើឱ្យមនុស្សដទៃ គាត់ស្តាប់ហើយ គាត់យកទៅធ្វើរឿងអ្វីផ្សេងៗ ដែលបូករួមអំពើហិង្សាផងដែរ។ អ៊ីចឹង ដើម្បីការពារកុំឱ្យពួកគាត់មានការប្រមូលផ្តុំ ដែលអាចធ្វើសកម្មភាពញុះញង់អី ជាទ្រង់ទ្រាយធំអីបាន អាហ្នឹងបច្ចេកទេសសន្តិសុខគឺ ត្រូវតែបំបែកអ៊ីចឹងហើយ។ អាហ្នឹងខាងភេរវកម្ម ក៏យើងធ្វើបែបហ្នឹងដែរ»។
ក្នុងសំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិដដែលនេះ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនដូចជា គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ គណបក្សជំនាន់ថ្មី បានចេញសេចក្តីថ្លែងការណ៍ផ្សេងៗគ្នា ដោយបានសម្តែងការសោកស្តាយចំពោះការផ្តន្ទាទោសសកម្មជនបរិស្ថានទាំងនោះ និងបានជំរុញរដ្ឋាភិបាល ឱ្យអនុវត្តខ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋឱ្យស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស៕
វេទិកាបញ្ចេញមតិ