ខណៈខួបគម្រប់៨ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយល្បីល្បាញមួយរូបគឺ លោក កែម ឡី កំពុងចូលមកដល់ក្នុងខែកក្កដានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា (CCHR) បានបង្ហាញផែនការរៀបចំការរំឭកខួបនៃមរណភាពលោកកែម ឡី ដែលទទួលបានការគាំទ្រច្រើនពីមហាជនចំពោះការវិភាគនានាលើបញ្ហាសង្គម អំពើពុករលួយ និងនយោបាយនៅកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថា លោក កែម ឡី ជាអ្នកសកម្មក្នុងការតស៊ូមតិដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោកក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលនេះ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ផងដែរ។
ក្នុងការប្រារព្ធកម្មវិធីរំឭកខួបប្រាំបីឆ្នាំ នៃឃាតកម្ម លោក កែម ឡី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងអនុវត្តសកម្មភាពមួយចំនួននៅក្នុងខែកក្កដានេះ ដូចជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែកក្កដាមជ្ឈមណ្ឌលនឹងប្តូរគម្របទំព័រហ្វេសប៊ុក ដោយដាក់តាំង ជំនួសវិញនូវរូបថតរបស់លោកកែម ឡី ហើយនៅថ្ងៃខ្លះទៀតក្នុងចន្លោះពេលនេះ មជ្ឈមណ្ឌលនឹងរៀបចំកម្មវិធីវិទ្យុពិភាក្សាផ្សាយទៅលើប្រធានបទស្តីពី «ការរម្លឹកខួបប្រាំបីឆ្នាំ នៃមរណភាពលោក បណ្ឌិត កែម ឡី» និងការបង្ហោះសម្រង់សម្តីរបស់ លោក កែម ឡី ជាប្រភេទ វីដេអូសំឡេង នៅលើទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌល។
អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក រស់ សារ៉ាត់ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការធ្វើពិធីរំឭកខួបនៃមរណភាពលោក បណ្ឌិត កែម ឡី ធ្វើឡើងដើម្បីជាសារមួយបញ្ជាក់ពីភាពនៅតែនឹករឭក និងចងចាំជានិច្ចនូវវីរៈភាព គំរូភាព ក៏ដូចជាទស្សនៈទានដែលលោកបានបន្សល់ទុកសម្រាប់សង្គមកម្ពុជា ដែលទទួលបានការគាំទ្រជាច្រើនពីមហាជន។
លោកថា មជ្ឈមណ្ឌលមានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់លោកកែម ឡី និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ដោយស្នើសុំឱ្យមានការស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីនេះ។
លោកថ្លែងថា៖«យើងនៅតែអំពាវនាវឱ្យមានការស៊ើបអង្កេតស៊ីជម្រៅនាំខ្លួនអ្នកពាក់ព័ន្ធមកផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជា ជម្រះនូវមន្ទិលសង្ស័យពីសំណាក់មហាជនផងដែរ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ឃើញថា ការរៀបចំរំឭកខួបនៃមរណភាពរបស់លោកកែម ឡី ពីសំណាក់អង្គការឬ សាធារណជន ធ្វើឡើងដើម្បីបង្ហាញពីការគោរពស្រឡាញ់ ការដឹងគុណចំពោះភក្តីភាពរបស់អ្នកវិភាគរូបនេះ និងដើម្បីបង្ហាញពីការបន្តទាមទាររកយុត្តិធម៌ជូនលោក ខណៈពួកគេនៅតែមានភាពមន្ទិលសង្ស័យជុំវិញអ្នកនៅពីក្រោយផែនការឃាតកម្មកាលពី៨ឆ្នាំមុន។
លោកថ្លែងថា៖«ចំពោះការរម្លឹកខួបរៀងរាល់ឆ្នាំនេះ យើងហាក់បីជាមានគោលដៅពីរ ទី១គឺ ការរម្លឹករតាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមនុស្សទាំងអស់និយមស្រឡាញ់មាន ស្វាមីភក្តិចំពោះលោក បណ្ឌិត កែម ឡី ហើយចាត់ទុកថាលោកមានវត្តមាន លោកបានកសាង វប្បធម៌ ទាក់ទងនឹងការអប់រំទៅដល់ចំណេះដឹងដល់យុវជន ដល់ប្រជាពលរដ្ឋខ្មែរ...»។
លោកបន្ថែមថា ៖«ប៉ុន្តែរឿងទី២ វាបានបង្ហាញពីសញ្ញាណមួយនៃការទាមទារយុត្តិធម៌ពីមហាជន ពីព្រោះថាក្នុងនៅហ្នឹងដូចខ្ញុំបានជម្រាបថា មហាជនមួយចំនួនដែលនិយមគាំទ្រហ្នឹងគេ យល់ឃើញថា ការដែលមានការចាប់ជនដៃដល់យកទៅផ្តន្ទាទោសដាក់ពន្ធនាគារហ្នឹងគឺថា មិនទាន់ជារឿងមួយដែលបង្ហាញពីភាពយុត្តិធម៌ឱ្យបានត្រឹមត្រូវទៅដល់លោក បណ្ឌិត កែម ឡី ទេ។ ព្រោះនៅមានចំណុចមួយចំនួនដែលសង្ស័យដែលគេ នៅតែចង់ឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ដើម្បីជម្រះមន្ទិលសង្ស័យទាំងអស់ហ្នឹងមួយចំនួន»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ជុំវិញការបាញ់សម្លាប់លោកកែម ឡី សមត្ថកិច្ចបានចាប់ជនល្មើសយកទៅសាកសួរ និងផ្តន្ទាទោសទៅតាមនីតិវិធីរបស់តុលាការរួចរាល់ហើយ ដូច្នេះគ្មានអ្វីដែលត្រូវតាមដានស្រាវជ្រាវបន្តទៀតដែរចំពោះករណីនេះ។
លោកថ្លែងថា៖«ដូច្នេះ! យើងដូចជាហេតុផលគ្មានអីដើម្បី យើងស្វែងរកអីទៅជាសកម្មភាពទេ! មានតែប៉ុណ្ណឹងដើម្បីជម្រាបជូន»។
លោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ក្នុងកន្លែងលក់ទំនិញមួយរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយការបាញ់សម្លាប់លោក កែម ឡី អាជ្ញាធរចាប់បានបុគ្គលម្នាក់ ឈ្មោះ អឿត អាង ហៅក្រៅថាជួប សម្លាប់។
បុរសនោះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។ តុលាការបានបំបែកសំណុំរឿងនេះជាពីរ គឺការដាក់ទោសលោក ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារមួយជីវិត និងសំណុំរឿងពាក់ព័ន្ធបុគ្គលដទៃទៀតចំពោះឃាតកម្មលើលោក កែម ឡី ហើយសំណុំរឿងពាក់ព័ន្ធបុគ្គលដទៃនេះ មិនទាន់មានតម្រុយអ្វីនៅឡើយទេ។ នេះបើយោងតាមអ្នកការពារសិទ្ធិមនុស្ស៕
វេទិកាបញ្ចេញមតិ