គ្រាមានសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានអន្តរជាតិមួយថា សហភាពអឺរ៉ុបជិតដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងប្រទេសកម្ពុជាដោយសារតែការរំលោភបំពានសិទ្ធិមនុស្សដែលគេចោទថា បានកើតមានឡើងនៅក្នុងប្រទេសកម្ពុជានោះ ប្រធានបេសកកម្មការទូតសហភាពអឺរ៉ុបនៅប្រទេសកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេឲ្យដឹងនៅថ្ងៃពុធនេះថា ការកំណត់ពេលវេលាសម្រាប់ការដាក់ទណ្ឌកម្មពាណិជ្ជកម្មមកលើកម្ពុជានេះនៅមិនទាន់ត្រូវបានកំណត់នៅឡើយ។
សេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Bloomberg ដែលជាបណ្តាញព័ត៌មានពាណិជ្ជកម្មនាំមុខគេមួយក្នុងវិស័យសារព័ត៌មាន បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី២២ ខែមករាថា គណៈកម្មការអឺរ៉ុបក្នុងទីក្រុង ប៊្រុចសែល បានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ផ្តល់ភ្លើងខៀវឲ្យបានត្រឹមថ្ងៃទី២៩ខែមករា ដើម្បីព្យួរគោលនយោបាយមួយ ដែលបានអនុញ្ញាតឲ្យប្រទេសកម្ពុជានាំយករាល់ទំនិញទាំងអស់ដោយមិនជាប់ពន្ធគយ ទៅលក់ក្នុងទីផ្សារនៅអឺរ៉ុប និងមិនកំណត់ចំនួនកូតាទៅក្នុងសហគមន៍នេះ។ ភ្នាក់ងារព័ត៌មាន Bloomberg បានយោងទៅតាមមន្ត្រីពីររូបដែលស្និទ្ធនឹងបញ្ហានេះ ហើយដែលសុំមិនបញ្ចេញអត្តសញ្ញាណ។
យ៉ាងណាក្តី លោក George Edgar ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា មិនអាចផ្តល់ការអធិប្បាយភ្លាមៗអំពីពេលវេលាដែលអាចកំណត់សម្រាប់ការចាប់ផ្តើមដកជាផ្លូវការប្រព័ន្ធអនុគ្រោះពន្ធ ឬ EBAនេះពីប្រទេសកម្ពុជានោះទេ។
លោកបានបញ្ជាក់ឲ្យ VOAដឹងតាមសារអេឡិចត្រូនិក ឬ Email នៅថ្ងៃពុធនេះថាមិនមានការកំណត់ពេលជាក់លាក់សម្រាប់ការដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធ EBA នេះនៅឡើយទេ។
លោកបានសរសរជាភាសាអង់គ្លេស ដែលត្រូវបានប្រែសម្រួលជាភាសារខ្មែរក្នុងន័យដើមថា៖
«រហូតមកដល់ពេលនេះ នីតិវិធីផ្លូវការសម្រាប់កម្ពុជា មិនទាន់ចាប់ផ្តើមនៅឡើយទេ។
ប្រសិនបើនីតិវិធីផ្លូវការនេះចាប់ផ្តើមនោះ វានឹងមានពេល១២ខែ មុនមានការសម្រេចចិត្តដោយគណៈកម្មការសភាពអឺរ៉ុបថា តើនឹងដក ឬមិនដកការអនុគ្រោះពន្ធ ទាំងអស់ ឬក៏ផ្នែកណាមួយនោះ។ រាល់ការសម្រេចព្យួរការអនុគ្រោះនេះនឹងត្រូវគេតាមពិនិត្យ៦ខែបន្ថែមទៀត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ បានប្រាប់ VOA កាលពីថ្ងៃអង្គារថា បើមើលទៅលើប្រាក់ចំណូលពលរដ្ឋខ្មែរដែលបានកើនឡើងនោះ គឺកម្ពុជាមិនអាចទទួលបានការគាំទ្រខាងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប តាមប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ បានទាំងស្រុងតទៅទៀតទេ។
«លក្ខខណ្ឌសំខាន់បំផុតហ្នឹងគឺការចំណូលរបស់ប្រជាពលរដ្ឋហ្នឹង វាផុតពីខ្សែបន្ទាត់ក្រហមរបស់គេអាហ្នឹង។ គេទៅបាន គេនឹងចាប់ផ្តើមពិភាក្សា ហើយពិនិត្យមើលសារជាថ្មី។ អានេះសារៈសំខាន់។ អាហ្នឹងមិនមែនជារឿងនយោបាយ ដែលពាក់ព័ន្ធនៅក្នុងហ្នឹងទេ»។
យ៉ាងណាក្តី អ្នកនាំពាក្យរដ្ឋាភិបាលខ្មែររូបនេះបានបន្ថែមថា កម្ពុជាក្នុងនាមជាប្រទេសមានអធិបតេយ្យភាពមួយ នៅបន្តតវ៉ាជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងចំណែកនៃកញ្ចប់អនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបនឹងបន្តផ្តល់ឲ្យកម្ពុជា ឬក៏កាត់ចំណែកណាមួយនៃកញ្ចប់នេះពីកម្ពុជា។
«ប្រទេសកម្ពុជានៅតែមានសិទ្ធិ និងអធិបតេយ្យភាពរបស់ផងខ្លួន ក្នុងការតវ៉ាថា តើអាការអនុគ្រោះពន្ធហ្នឹង។ តើដកទាំងអស់? ឬដកនៅក្នុងភាគណាមួយ នៃពន្ធនេះឯង? អានេះជាសារៈសំខាន់»។
ផ្ទុយពីការអធិប្បាយរបស់អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ ក្រុមអ្នកតំណាងវិស័យឯកជនចំនួន៣៩ស្ថាប័ន ទើបតែបានបញ្ជូនលិខិតមួយជូនមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ដោយក្រុមអ្នកតំណាងទាំងនោះបានលើកឡើងពី«ការខូចខាតខាងសេដ្ឋកិច្ចធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា» ប្រសិនបើសហភាពអឺរ៉ុប នៅនាទីចុងក្រោយ សម្រេចផ្អាកមិនផ្តល់ឲ្យកម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ។
ក្រុមអ្នកតំណាងវិស័យឯកជនទាំង៣៩ ក្នុងនោះមានសភាពាណិជ្ជកម្មកម្ពុជាដឹកនាំដោយលោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group បានស្នើឲ្យសហភាពអឺរ៉ុបកុំធ្វើសេចក្តីសម្រេចណាមួយនាំឲ្យកម្ពុជាបាត់បង់ការគាំទ្រខាងពាណិជ្ជកម្មរបស់ខ្លួន។
ពួកគេបានសរសេរក្នុងលិខិតចុះថ្ងៃទី២១ខែមករាឆ្នាំ២០១៩ និងបានផ្ញើជូនអ្នកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ដោយបានស្នើឡើងថា«ជំនួសមកវិញ យើងសុំឲ្យគណៈកម្មការអឺរ៉ុបពិនិត្យស្ថានភាពបច្ចុប្បន្នតាមរយៈបរិការណ៍នៃប្រវត្តិសាស្ត្រដ៏លំបាករបស់ប្រទេសកម្ពុជា»។
លិខិតរបស់ក្រុមតំណាងវិស័យឯកជនចំនួន៣៩ស្ថាប័ននោះបានធ្វើឡើង ក្នុងថ្ងៃដែលអ្នកស្រី Cecilia Malmstrom បានជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេសកម្ពុជា នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុប ដែលបានធ្វើឡើងនៅទីក្រុង ប៊្រុចសែល ប្រទេស បែលហ្ស៊ិកកាលពីថ្ងៃទី២១ ខែមករាឆ្នាំ២០១៩។
ក្រោយជំនួបនោះ អ្នកស្រី Cecilia Malmstrom បានសរសេរលើគណនី Twitter របស់អ្នកស្រីថា សហភាពអឺរ៉ុបបន្តរក្សាច្រកសន្ទនាជាមួយរដ្ឋាភិបាលកម្ពុជា។
អ្នកស្រីបានសរសេរក្នុងន័យដើមថា៖
«ថ្ងៃនេះ យើងបានជួបរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន។ យើងបានពិភាក្សាកិច្ចព្រមព្រៀង EBA និងលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ។ យើងបានរំឭកឡើងវិញនូវការបារម្ភរបស់ពួកយើងអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ សហភាពអឺរ៉ុបបន្តរក្សាទុកគន្លងសន្ទនាឲ្យនៅចំហដដែល»។
លោកប្រាក់ សុខុនក៏បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកក្នុងន័យដើមថា៖
«ថ្ងៃនេះ ខ្ញុំបានជួបពិភាក្សាការងារជាមួយលោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបនៅក្រៅកិច្ចប្រជុំលើកទី២២នៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប៊្រុចសែល»។
លោកប្រាក់ សុខុន មិនបាននិយាយឲ្យចំប្រធានបទការពិភាក្សាដែលផ្តោតលើកិច្ចព្រមព្រៀង EBA ដូចអ្នកស្រី Cecilia Malmstrom នោះទេ។ ប្រមុខកិច្ចការបរទេសកម្ពុជារូបនេះក៏មិនបានផ្តល់ការអធិប្បាយណាមួយអំពីកិច្ចព្រមព្រៀងនេះដែរ។
ក្នុងការឆ្លើយឆ្លងតាមសារអេឡិចត្រូនិកឬ Email លោកGeorge Edgar បានបញ្ជាក់ឲ្យដឹងជាថ្មីទៀតថា៖
«សហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា ខ្លួននឹងរក្សាទុកប្រព័ន្ធសន្ទនាជាមួយកម្ពុជាឲ្យនៅចំហដដែល ហើយបើសិនកម្ពុជាចាត់វិធានការកែសម្រួលជាបន្ទាន់ស្ថានការណ៍ ដែលនាំដល់ការផ្តួចផ្តើមនៃនីតិវិធីដកហូតនេះ នោះសហភាពអឺរ៉ុបនឹងពិចារណាឡើងវិញចំពោះលក្ខខណ្ឌនានា»។
សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការពិនិត្យមើលលទ្ធភាពដកឋានៈអនុគ្រោះពន្ធ EBAនេះ តាំងពីខែតុលាមក ដោយសារតែការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ក្រោយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើទុក្ខបុកម្នេញអ្នកនយោបាយអតីតគណបក្សប្រឆាំង បង្ក្រាបលើបណ្តាញព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលនៅមុនពេលបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំជាងគេបំផុតរបស់កម្ពុជា ហើយការអនុគ្រោះពន្ធធ្វើឱ្យកម្ពុជាចំណេញប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ៕