តំណាងសហភាពអឺរ៉ុបបានជួបពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃច័ន្ទពីលទ្ធភាពដកឋានៈអនុគ្រោះពន្ធ បើសិនជាស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនល្អប្រសើរឡើងវិញទេ។
លោកស្រី សេស៊ីលៀ ម៉ាលស្ត្រុម (Cecilia Malstrom) ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបានបញ្ជាក់តាមសារធ្វីតថឺ (Twitter) ពីជំនួបជាមួយនឹងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានៅក្នុងទីក្រុង ប៊្រុចសែល ប្រទេស ប៊ែលហ្ស៊ិក ថា៖
«យើងបានពិភាក្សាពីកិច្ចព្រមព្រៀងEBA និងលទ្ធភាពដកហូតឋានៈអនុគ្រោះពន្ធ។ ដោយបានបញ្ជាក់ពីការព្រួយបារម្ភរបស់យើងពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ សហភាពអឺរ៉ុបនៅបន្តច្រកចរចាបើកចំហដដែល»។
រីឯលោក ប្រាក់ សុខុន ក៏បានបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់លោកដែរថា លោកបានជួបពិភាក្សាការងារជាមួយលោកស្រី សេស៊ីលីលៀ ម៉ាលស្រ្តុម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប នៅក្រៅកិច្ចប្រជុំលើកទី២២ រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុង ប៊្រុចសែល ដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីជំហររបស់កម្ពុជាទេ។
សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការពិនិត្យមើលលទ្ធភាពដកឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»(EBA) តាំងពីខែតុលាមកដោយសារតែការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ក្រោយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញអ្នកនយោបាយអតីតគណបក្សប្រឆាំង បង្ក្រាបលើបណ្តាញព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលនៅមុនពេលបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំជាងគេបំផុតរបស់កម្ពុជាហើយ ការអនុគ្រោះពន្ធធ្វើឱ្យកម្ពុជាចំណេញប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុនសហភាពអឺរ៉ុបបានចាប់ផ្តើមយកពន្ធអង្ករកម្ពុជារយៈពេល៣ឆ្នាំដោយសារតែបរិមាណនាំចូលមានការកើនឡើងច្រើន ដែលការណ៍នេះធ្វើឱ្យកម្ពុជាត្រូវបង់ពន្ធចំនួន៥០លានដុល្លារក្នុងមួយឆ្នាំៗ៕