ក្រុមអ្នកការពារសិទ្ធិពលករនៅប្រទេសកម្ពុជាបានសាទរចំពោះការខិតខំរបស់សភាពាណិជ្ជកម្មកម្ពុជាដែលបានចូលរួមជាមួយក្រុមអ្នកតំណាងវិស័យឯកជនចំនួន៣៨ផ្សេងទៀតសើ្នសុំឲ្យសហភាពអឺរ៉ុបពិចារណារក្សាទុកប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មឈ្មោះ«អនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ»ឬ EBA ដែលផ្តល់ឱកាសឲ្យកម្ពុជានាំទំនិញដោយគ្មានជាប់ពន្ធចូលក្នុងទីផ្សារសហភាពអឺរ៉ុប ដែលជាទីផ្សារដ៏ធំបំផុតមួយក្នុងពិភពលោក។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានចាត់ទុកថា ការប្រឹងប្រែងរបស់សភាពាណិជ្ជកម្មកម្ពុជាជាសេចក្តីក្លាហានមួយ ព្រោះរដ្ឋាភិបាលកម្ពុជាកន្លងមក បានមាក់ងាយជាច្រើនដងមកលើប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។
លោកប្រាប់ VOA នៅថ្ងៃអង្គារនេះថា៖
«ក្នុងនាមយើង យើងសុំកោតសរសើរនូវសេចក្តីក្លាហានក្នុងការលើកឡើងនូវបញ្ហាទាំងអស់នេះមានន័យថា ទទួលទៅនឹងការណ៍ពិត អ្វីដែលកើតឡើង បន្ទាប់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ»។
លិខិតរបស់សភាពាណិជ្ជកម្មកម្ពុជា និងតំណាងខាងវិស័យឯកជនផ្សេងទៀត មានទាំងខាងសភាពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកផលិតសម្លៀកបំពាក់នៅកម្ពុជា ឬ GMAC និងសហជីពចុះថ្ងៃទី២១ខែមករា ដែលបានផ្ញើជូនអ្នកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានបញ្ជាក់ឲ្យដឹងថា ទោះបីសហភាពអឺរ៉ុបមិនទាន់ផ្តល់សេចក្តីសន្និដ្ឋានចុងក្រោយថា នឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក៏ដោយ ពោលគឺគិតចាប់តាំងពីការប្រកាសផ្លូវការនៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះមកនោះ ក៏«ផលវិបាលជាច្រើននៃការសម្រេចចិត្តនេះនឹងបង្កការខូចខាតខាងសេដ្ឋកិច្ចធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា»ដែរ។
ក្រុមតំណាងវិស័យឯកជនបានឲ្យដឹងទៀតថា «ការសម្រេចនោះនឹងអាចជាមិនការអើពើដល់ការខិតខំយ៉ាងសម្បើមរបស់វិស័យឯកជនកម្ពុជាដើម្បីធ្វើឲ្យស្របតាមគុណតម្លៃ និងគោលនយោបាយជាមួយគម្រូសេដ្ឋកិច្ច ដែលនាំមុខដោយសហភាពអឺរ៉ុប»។
លិខិតរបស់ក្រុមតំណាងវិស័យឯកជននេះបានសរសេរក្នុងន័យដើមថា៖
«ជំនួសមកវិញ យើងសុំឲ្យគណៈកម្មការអឺរ៉ុបពិនិត្យស្ថានភាពបច្ចុប្បន្នតាមរយៈបរិការណ៍នៃប្រវត្តិសាស្ត្រដ៏លំបាករបស់ប្រទេសកម្ពុជា»។
លោករ៉ុង ឈុន ដែលជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា(គ.ជ.ប.) មកពីកូតាគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលនោះ មានប្រសាសន៍បន្ថែមថា ក្រុមតំណាងវិស័យឯកជនទាំងនេះត្រូវរកច្រកជជែកជាមួយរដ្ឋាភិបាលខ្មែរដើម្បីការពារឲ្យបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ។
«យើងចង់ផ្តល់អនុសាសន៍ជូនដល់សភាកម្ពុជា ក៏ដូចអ្នកវិនិយោគវិស័យឯកជន គួរតែលើកបញ្ហាហ្នឹងទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជា វាប្រសើរជាងការលើកឡើងទៅដាក់គណៈកម្មការសភាអឺរ៉ុប»។
អតីតសមាជិកគ.ជ.ប.រូបនេះបានបញ្ជាក់ទៀតថា ពេលវេលានៅមានច្រើនសម្រាប់រដ្ឋាភិបាលកម្ពុជាចរចាជាមួយសហភាពអឺរ៉ុប ដែលចង់ឃើញកម្ពុជាមានការអនុវត្តលទ្ធិប្រជាធិបតេយ្យខ្ជាប់ខ្ជួននោះ។ លោកបន្តថា បញ្ហាអាចនឹងធូរស្រាលមកវិញ បើរដ្ឋាភិបាលផ្តល់សិទ្ធិសេរីភាពដល់គណបក្សសង្គ្រោះជាតិ ឲ្យបានធ្វើនយោបាយឡើងវិញ ហើយមានការបោះឆ្នោតត្រឹមត្រូវ។
លោកឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central)ប្រាប់ VOA ថា ក្រុមអង្គការសង្គមស៊ីវិលមិនចង់ឃើញពលរដ្ឋខ្មែររងការលំបាកខាងសង្គម និងសេដ្ឋកិច្ច ដោយការបាត់បង់ការងារធ្វើនោះទេ។
«យើងចង់ឲ្យរាជរដ្ឋាភិបាលត្រូវតែបន្តយកចិត្តទុកដាក់ ហើយត្រូវពិនិត្យពិចារណាឲ្យបានល្អិតល្អន់នៅក្នុងអនុសាសន៍ ដែល EU បានដាក់ឲ្យប្រទេសកម្ពុជា ពីព្រោះថា ប្រព័ន្ធនៃការអនុគ្រោះពន្ធ EBA នេះ គឺជាយន្តការនៅក្នុងការជួយទ្រទ្រង់នៅបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអន់ថយ ដូចនៅក្នុងប្រទេសកម្ពុជាជាដើមហ្នឹង»។
VOA ព្យាយាមសុំការអធិប្បាយពីលោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃអង្គារនេះ។
លិខិតរបស់ក្រុមតំណាងវិស័យឯកជនចំនួន៣៩ស្ថាប័ននោះបានធ្វើឡើង ក្នុងថ្ងៃដែលអ្នកស្រី Cecilia Malmstrom បានជួបពិភាក្សាជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេសកម្ពុជា នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុប ដែលបានធ្វើឡើងនៅទីក្រុង ប៊្រុចសែល ប្រទេស ប៊ែលហ្សិក។
ក្រោយជំនួបនោះ អ្នកស្រី Cecilia Malmstrom បានសរសេរលើគណនី Twitter របស់អ្នកស្រីថា សហភាពអឺរ៉ុបបន្តរក្សាច្រកសន្ទនាជាមួយរដ្ឋាភិបាលកម្ពុជា។
អ្នកស្រីបានសរសេរក្នុងន័យដើមថា៖
«ថ្ងៃនេះ យើងបានជួបរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន។ យើងបានពិភាក្សាកិច្ចព្រមព្រៀង EBA និងលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ។ យើងបានរំឭកឡើងវិញនូវការបារម្ភរបស់ពួកយើងអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ សហភាពអឺរ៉ុបបន្តរក្សាទុកគន្លងសន្ទនាឲ្យនៅចំហដដែល»។
លោកប្រាក់ សុខុនក៏បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកក្នុងន័យដើមថា៖
«ថ្ងៃនេះ ខ្ញុំបានជួបពិភាក្សាការងារជាមួយលោកស្រីសេស៊ីលីយ៉ា ម៉ាលស្រ្តុម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបនៅក្រៅកិច្ចប្រជុំលើកទី២២រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប៊្រូសស៊ែល»។
លោក ប្រាក់ សុខុនមិនបាននិយាយឲ្យចំប្រធានបទការពិភាក្សាដែលផ្តោតលើកិច្ចព្រមព្រៀង EBA ដូចអ្នកស្រី Cecilia Malmstrom នោះទេ។ ប្រមុខកិច្ចការបរទេសកម្ពុជារូបនេះក៏មិនបានផ្តល់ការអធិប្បាយណាមួយអំពីកិច្ចព្រមព្រៀងនេះដែរ។
ទាក់ទិនប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ សហភាពអឺរ៉ុបបានសម្រេចទុកពេល១២ខែឲ្យកម្ពុជាស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ មុននឹងសម្រេចដកពន្ធអនុគ្រោះពន្ធនេះ ដែលនឹងមិនឲ្យកម្ពុជាជាប់ពន្ធមានទឹកប្រាក់ជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗសម្រាប់ការនាំចូលទំនិញទៅក្នុងទីផ្សារសហភាពអឺរ៉ុប៕