ភាពតានតឹងផ្នែកជាតិពន្ធុ (ជនជាតិភាគតិច) ក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីហាក់ដូចជាកំពុងធ្វើឲ្យខូចដំណើរកិច្ចខំប្រឹងប្រែងដើម្បីជម្នះលើក្រុមរដ្ឋអ៊ីស្លាម។ យោធារបស់អ៊ីរ៉ាក់ពឹងផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយកងជីវពលស៊ីវិល ដើម្បីបណ្តេញពួកសកម្មប្រយុទ្ធជ្រុលនិយមចេញពីភាគខាងជើងនៃប្រទេស។ ក៏ប៉ុន្តែចំពេលដែលក្រុមអំបូរផ្សេងៗប្រដាប់ដោយអាវុធកំពុងវាយប្រហារយកទឹកដីពីក្រុមភេរវជនមកវិញនោះ ពួកគេក៏មានការប៉ះទង្គិចជាមួយគ្នាដែរ ដែលការប៉ះទង្គិចនេះបានបន្ថែមបន្ទុកទៅលើវិបត្តិមនុស្សធម៌ដែលកំពុងតែរីកកាន់តែធំ។
នៅខណៈដែលកងកម្លាំងយោធា Kurds ប្រុងប្រៀបបើកការវាយប្រហារដ៏ធំមួយប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះ ប្រជាជនស៊ីវិលជាច្រើនរយនាក់កំពុងរត់គេចខ្លួនទៅកាន់ប្រទេសតួកគី (Turkey)។ មន្ត្រីតួកគីម្នាក់បានចោទប្រកាន់ពួកអំបូរ Kurds ថា បានបណ្តេញជនអារ៉ាប់ចេញពីតំបន់ដែលពួកគេបានគ្រប់គ្រង។ ស.រ.អាគាំទ្រអំបូរ Kurds ក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋអ៊ីស្លាម ក៏ប៉ុន្តែបានព្រមានផងដែរថា អំពើហិង្សានិកាយអាចនឹងកើតមានឡើង។
«យើងបានលើកឡើងអំពីក្តីបារម្ភនេះ។ មានសេចក្តីរាយការណ៍អំពីបញ្ហានេះរួចមកហើយកាលពីមុន ហើយយើងក៏បានលើកឡើងក្តីបារម្ភអំពីបញ្ហានេះជាមួយពួកគេរួចហើយដែរ»។
ទន្ទឹមនឹងនេះដែរ សមាជិកនៃអំបូរភាគតិច Druze នៅប៉ែកមជ្ឈិមបូព៌ាបានអំពាវនាវសហគមន៍អន្តរជាតិឲ្យជួយការពារបងប្អូនរបស់ពួកគេនៅក្នុងប្រទេសស៊ីរី ជាទីដែលពួករណសិរ្ស al-Nusra បានសម្លាប់ជនជាតិ Druze អស់ចំនួន២០នាក់។
«ស្ថានភាពនៅពេលបច្ចុប្បន្ននេះគួរឲ្យព្រួយបារម្ភណាស់។ យើងទាំងអស់គ្នាមានការព្រួយបារម្ភ អំពីសមាជិកអំបូរ Druze នៅទីនេះក៏ដូចជានៅក្នុងប្រទេសលីបង់ដែរ។ យើងឃ្លាំមើលស្ថានភាពនេះមិនដាច់ពីភ្នែកនោះទេ»។
មានក្រុមផ្សេងៗកំពុងវាយប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុមរណសិរ្ស al-Nusra ក្នុងប្រទេសស៊ីរី ដែលរួមមានទាំងកងកម្លាំងរដ្ឋាភិបាលផង។ ក៏ប៉ុន្តែ ពួកគេក៏កំពុងតែវាយប្រហារគ្នាផងដែរ។ រដ្ឋាភិបាលស៊ីរីក្រោមការដឹកនាំរបស់លោក bashar al-Assad ដែលជាសមាជិកមួយរូបនៃនិកាយ Alawite ទទួលបានការគាំទ្រពីក្រុមអំបូរជាតិ Druze ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងពួកអ្នកប្រឆាំង ហើយនិងក្រុមភេរវជននៅក្នុងប្រទេសស៊ីរី។
មន្ត្រីស៊ីរីម្នាក់បានចោទប្រកាន់ប្រទេសតួកគីកាលពីដើមសប្តាហ៍នេះ អំពីការហ្វឹកហ្វឺន និងការផ្តល់ហិរញ្ញវត្ថុដល់ក្រុមដែលប្រឆាំងនឹងរដ្ឋាភិបាលក្នុងប្រទេសស៊ីរី។
«មានតម្រូវការចាំបាច់ក្នុងការបញ្ឈប់ការអន្តរាគមន៍របស់ក្រុមសន្តិសុខ និងកងទ័ពតួកគីដែលគាំទ្រក្រុមភេរវជន មិនថាតាមរយៈការធ្វើអន្តរាគមន៍ឆ្លងព្រំដែន ឬដោយការចូលរួមក្នុងការវាយប្រយុទ្ធផ្សេងៗ ដែលក្រុមទាំងនេះធ្វើការវាយប្រហារដោយមានជំនួយពីតួកគី»។
ភាពតានតឹងក្នុងបណ្តាក្រុមផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីបានបន្ថែមការលំបាកជាច្រើនក្នុងការវាយប្រហារលើក្រុមរដ្ឋអ៊ីស្លាម និងក្រុមភេរវជនដទៃទៀត ដើម្បីធ្វើឲ្យតំបន់នេះមានស្ថិរភាពឡើងវិញ៕
ប្រែសម្រួលដោយ នៀម ឆេង