លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសង្កត់ធ្ងន់ពីសេចក្តីត្រូវការហ្វឹកហាត់កងទ័ពអ៊ីរ៉ាក់ឲ្យកាន់តែឆាប់រហ័សឡើង ដើម្បីទទួលបានជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។
លោកបាននិយាយកាលពីថ្ងៃច័ន្ទថា នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Haider al-Abadi បានព្រមព្រៀងចង់ឲ្យកងកម្លាំងសន្តិសុខកាន់តែច្រើនឡើងដែលមាន «ការហ្វឹកហាត់ថ្មីៗ បំពាក់ឧបករណ៍ល្អនិងផ្តោតយកចិត្តទុកដាក់»។
មេដឹកនាំទាំង២ បានជួបគ្នាកាលពីថ្ងៃច័ន្ទនៅក្នុងប្រទេសអាល្លឺម៉ង់ នៅក្នុងកិច្ចខំប្រឹងប្រែងកម្រិតខ្ពស់នៅពេលថ្មីៗបំផុត ដើម្បីរៀបចំយុទ្ធសាស្រ្តប្រឆាំងក្រុមជនសកម្មប្រយុទ្ធ ដែលបានកាន់កាប់តំបន់នានាកាន់តែធំឡើងរបស់អ៊ីរ៉ាក់កាលពីមួយឆ្នាំមុនហើយបានតស៊ូប្រយុទ្ធនៅក្នុងទីក្រុងធំៗបំផុតមួយចំនួន ថ្វីបើមានយុទ្ធនាការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីគាំទ្រកងទ័ពថ្មើរជើងអ៊ីរ៉ាក់។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា មន្ទីរបញ្ចកោណកំពុងធ្វើការលើផែនការ ដើម្បីជំរុញកិច្ចខំប្រឹងប្រែងហ្វឹកហាត់ ហើយទាហានដែលបានទទួលការហ្វឹកហាត់ កំពុងប្រតិបត្តិការមាន «ប្រសិទ្ធិភាព»។ ក៏ប៉ុន្តែលោកប្រធានាធិបតីមានប្រសាសន៍ទៀតថា ការជ្រើសរើសកងទ័ពមកហ្វឹកហាត់ត្រូវធ្វើការឲ្យអាទិភាព ជាពិសេសនិកាយស៊ុននី។
លោកប្រធានាធិបតីមានប្រសាសន៍ទៀតថា «ចំណុចមួយនៃចំណុចនានាដែលយើងកំពុងរកមើលនៅក្នុងអ៊ីរ៉ាក់ គឺជាទីកន្លែងដែលយើងមានការហ្វឹកហាត់សមត្ថភាពកាន់តែច្រើនឡើងជាង ទាហានដែលយើងបានជ្រើសរើស»។
លោកប្រធានាធិបតីក៏បានរំឭកឡើងវិញ ពីការចាំបាច់ដើម្បីបញ្ឈប់លំហូររបស់ក្រុមអ្នកប្រយុទ្ធបរទេស ដោយនិយាយថាក្រុមជនសកម្មប្រយុទ្ធរាប់ពាន់នាក់កំពុងចូលក្នុងប្រទេសស៊ីរីហើយបន្តទៅប្រទេសអ៊ីរ៉ាក់៕