លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក កំពុងអំពាវនាវដល់ប្រទេសអ៊ីរ៉ាក់ឲ្យធ្វើការតាំងចិត្តកាន់តែខ្លាំងឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានកាន់កាប់តំបន់ដ៏ធំល្វឹងល្វើយរបស់ប្រទេសនោះ ដោយនិយាយថា រដ្ឋាភិបាលទីក្រុងបាដាក បានបរាជ័យមិនបានបង្កើតកងទ័ពថ្មើរជើងឲ្យបានគ្រប់គ្រាន់។
លោករដ្ឋមន្រ្តីការពារប្រទេសAsh Carter បានបា្រប់គណៈកម្មការសភាតំណាងរាស្រ្តអាមេរិកថា៖ «យើង មិនបានទទួលការជ្រើសរើសទ័ពឲ្យបានគ្រប់គ្រាន់ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់២ម៉ឺន៤ពាន់នាក់ដែលយើងគិតចង់បានពីដំបូងដើម្បីហ្វឹកហាត់នៅឯទីតាំងរបស់យើងនៅរដូវស្លឹកឈើជ្រុះនោះ យើងជ្រើសរើសបានតែប្រហែល៧ពាន់នាក់ប៉ុណ្ណោះដើម្បីហ្វឹកហាត់»។
លោកបានប្រាប់គណៈកម្មាធិការសេវាកម្មអាវុធរបស់សភាតំណាងរាស្រ្តថា យុទ្ធនាការវាយប្រហារតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិកទៅលើទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ តម្រូវឲ្យមានសមត្ថភាព មានការបញ្ចូលរបៀបថ្មី ភាពស្របច្បាប់ដល់កងទ័ពថ្មើជើងដើម្បីរឹបអូសយកតំបន់នោះ។ លោកបានហៅការដួលរលំនៃទីក្រុងរ៉ាម៉ាឌីនៃខេត្ត Anbar កាលពីខែមុនចូលក្នុងកណ្តាប់ដៃរបស់ពួកអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមថា ជាការគួរឲ្យអាក់អន់ចិត្តយ៉ាងខ្លាំងមួយ។
លោកCarterបានមានប្រសាសន៍ថា៖ «នៅពេលដែលខ្ញុំបានប្រាប់ពួកមេនាំអ៊ីរ៉ាក់ ខណៈដែលសហរដ្ឋអាមេរិកធ្វើការគាំទ្រអ៊ីរ៉ាក់កាន់តែខ្លាំងឡើងកាលពីពេលមុន យើង ត្រូវតែមើលឃើញការតាំងចិត្តកាន់តែខ្លាំងឡើងពីផ្នែកទាំងអស់របស់រដ្ឋាភិបាលអ៊ីរ៉ាក់»៕