លោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Haider al-Abadiបាននិយាយនៅថ្ងៃអង្គារនេះថា កងទ័ពដែលគាំទ្ររដ្ឋាភិបាល មិនបានទទួលការគាំទ្រគ្រប់គ្រាន់ពីក្រុមចម្រុះអន្តរជាតិ ដើម្បីជួយអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឡើយ។
លោកបាននិយាយនៅក្នុងទីក្រុងប៉ារីស មុនពេលមានជំនួបជាមួយរដ្ឋមន្រ្តីការបរទេសក្រុមប្រទេសចម្រុះ ដើម្បីពិភាក្សាពីយុទ្ធសាស្រ្ត ក្រោយពីការកើនឡើងនៃការកាន់កាប់របស់ក្រុមរដ្ឋអ៊ីស្លាមនោះ។
លោក Abadi បាននិយាយថា គេត្រូវការការស៊ើបការណ៍សម្ងាត់កាន់តែច្រើនឡើង ហើយថាចំនួនក្រុមអ្នកប្រយុទ្ធបរទេស ដែលបានឆ្លងកាត់ចូលក្នុងប្រទេសអ៊ីរ៉ាក់មិនបានចុះថយទេ ថ្វីបើគោលដៅនៃការវាយប្រហាររបស់ក្រុមចម្រុះ ដើម្បីបញ្ឈប់ពួកគេកុំឲ្យចូលរួមក្រុមរដ្ឋអ៊ីស្លាមក៏ដោយ។
ក្រុមចម្រុះមិនបានផ្តល់កងទ័ពថ្មើរជើងទេ តែជំនួសទៅវិញ ពឹងផ្អែកលើយុទ្ធនាការនៃការវាយប្រហារតាមអាកាស ដើម្បីគាំទ្រកងទ័ពដែលគាំទ្ររដ្ឋាភិបាល។
យោងតាមទិន្នន័យក្រសួងការពារប្រទេសអាមេរិកប្រាប់ឲ្យដឹងថា ចាប់តាំងពីដើមខែសីហាមក យន្តហោះចំបាំងបានធ្វើការវាយប្រហារតាមអាកាសជាង៤២០០លើកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
ការចរចានៅក្នុងទីក្រុងប៉ារីស កើតមានឡើង២សប្តាហ៍បន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមបានកាន់កាប់ទីក្រុងរ៉ាម៉ាឌី នៃខេត្ត Anbar ដែលស្ថិតនៅចម្ងាយ១២៥គីឡូម៉ែត្រភាគខាងលិចទីក្រុងបាដាដ ដែលបានបណ្តាលឲ្យលោក Abadi អំពាវនាវឲ្យក្រុមកងជីវពលរូតរះទៅកាន់តំបន់នោះ ដើម្បីចូលរួមការវាយប្រហារតបតដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន៕