សកម្មជនបរិស្ថានមួយចំនួនជំរុញឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធពង្រឹងការអនុវត្តការចាត់វិធានការបន្ថែមឱ្យមានប្រសិទ្ធភាពលើការធ្វើអាជីវកម្មខ្សាច់ ខណៈពួកគេថា បញ្ហាពីការធ្វើអាជីវកម្មនេះនៅតែបន្តកើតមាន។
ការលើកឡើងរបស់ក្រុមសកម្មជនទាំងនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលចេញសេចក្តីសម្រេចស្តីពីការកំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។
ក្នុងសេចក្តីសម្រចដែលមាន៩ប្រការនោះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចទៅក្រសួងរ៉ែ និងថាមពល ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទនៅកម្ពុជា ដោយគិតចាប់ពីពេលដាក់ពាក្យស្នើសុំរហូតដល់ការចេញអាជ្ញាបណ្ណ ហើយរាល់អាជ្ញាបណ្ណទាំងអស់ ក្រសួងរ៉ែ និងថាមពលត្រូវចម្លងជូនក្រសួងស្ថាប័នពាក់ព័ន្ធ។
ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោក សាន់ ម៉ាឡា ប្រាប់វីអូអេថ្ងៃសុក្រនេះថា លោកសាទរចំពោះការចេញសេចក្តីសម្រេចនេះ ប៉ុន្តែលោកថា រដ្ឋាភិបាលគួរតែផ្សព្វផ្សាយព័ត៌មានបន្ថែមដល់សាធារណជនឱ្យបានយល់ដឹងទូលំទូលាយ ដើម្បីចូលរួមទប់ស្កាត់រាល់អំពើពុករលួយដែលកើតមានឡើង។
លោកថ្លែងថា៖ «កន្លងមកមានរឿងចម្រូងចម្រាស់ច្រើនទាក់ទងទៅនឹងការបូមខ្សាច់ ដោយហេតុថា ក្រុមអ្នកការងារលើវិស័យបរិស្ថានបានរកឃើញពីភាពមិនប្រក្រតីពាក់ព័ន្ធពីការរត់ពន្ធខ្សាច់ពីកម្ពុជាទៅកាន់ទីផ្សារបរទេស ជាហេតុធ្វើឱ្យក្រសួងរ៉ែ និងថាមពលសម្រេចផ្អាកអាជីវកម្មនេះមួយរយៈធំ។ ពិសេសក៏បានហាមឃាត់ការនាំចេញខ្សាច់ទៅលក់នៅក្រៅប្រទេសផងដែរ»។
លោកបន្ត៖ «យើងក៏ឃើញផងដែរថា ប្រជាជនដែលរស់នៅក្បែរទីតាំងបូមខ្សាច់ហ្នឹង គាត់តែងតែមិនសប្បាយចិត្ត ដោយសារការបូមខ្សាច់កន្លងមកបានធ្វើឱ្យបាក់ច្រាំង បាក់ផ្លូវថ្នល់ ផ្ទះរបស់ប្រជាពលរដ្ឋបាក់ស្រុតចូលក្នុងទន្លេជាដើម»។
ទោះជាយ៉ាងណាលោកសង្ឃឹមថា ការកំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់នេះ នឹងចូលរួមចំណែកក្នុងការធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ក៏ដូចជាប្រមូលប្រយោជន៍ជូនដ្ឋ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថាន។
កញ្ញា មាន លីសា យុវជនចលនាមាតាធម្មជាតិលើកឡើងថា ប្រសិនបើចង់ប្រជាពលរដ្ឋជឿថាសេចក្ដីសម្រចនេះពិតជាបានគិតគូរដល់ពលរដ្ឋ បរិស្ថាន និងប្រយោជន៍ជាតិ នោះការអនុវត្តត្រូវតែមានប្រសិទ្ធភាពពិតប្រាកដ។
កញ្ញា មាន លីសា ថ្លែងថា៖ «ដូចខ្ញុំឃើញនៅក្នុងប្រការទី៦ បានបញ្ជាក់ថា ពលរដ្ឋនៅពេលដែលឃើញការបូមខ្សាច់អនាធិបតេយ្យ គាត់អាចផ្ដល់ដំណឹងដល់ចែកចាយព័ត៌មានជាបន្ទាន់ទៅក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ក៏ប៉ុន្ដែវាជាការពិតនៅពេលដែលការអនុវត្តហ្នឹង ថាតើនៅពេលដែលប្រជាពលរដ្ឋបានចែកព័ត៌មានហ្នឹងទៅកាន់ក្រសួងពាក់ព័ន្ធ ឬក៏រដ្ឋបាលថ្នាក់ក្រោមជាតិហើយ តើមានចំណាត់ការពិតប្រាកដឬក៏អត់»។
យុវជនចលនាមាតាធម្មជាតិរូបនេះបន្ថែមថា ចំពោះការផ្ដល់អាជ្ញាបណ្ណធ្វើអាជីវកម្មបូមខ្សាច់ ក្រសួងគួរតែបង្ហាញពីការស្រាវជ្រាវនៃអាជីវកម្មនោះជាសាធារណៈ ដើម្បីងាយស្រួលដល់ពលរដ្ឋក្នុងការទទួលបានព័ត៌មានថា អាជីវកម្មណាដែលមានអាជ្ញាបណ្ណត្រឹមត្រូវ និងអាជីវកម្មណាដែលកំពុងធ្វើសកម្មភាពខុសច្បាប់។ កញ្ញាបន្តថា ការបង្ហាញព័ត៌មានដល់ពលរដ្ឋពីអាជីវកម្មធនធានខ្សាច់នេះក៏ ដើម្បីឱ្យពលរដ្ឋយល់ដឹងពីការធ្វើអាជីវកម្មខ្សាច់នៅតំបន់ណាខ្លះដែលផ្ដល់ផលប៉ះពាល់ និងតំបន់ណាដែលផ្ដល់ផលប្រយោជន៍សម្រាប់សង្គមជាតិ។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង ប្រាប់វីអូអេថា លោកសាទរចំពោះការចេញសេចក្ដីសម្រេចគ្រប់គ្រងអាជីវកម្មខ្សាច់ តែលោកថា ប្រសិនបើមិនមានការគ្រប់គ្រងច្បាស់លាស់នោះទេ វាអាចបង្កឱ្យមានបញ្ហាបាក់ច្រាំង និងប៉ះពាល់បរិស្ថានដូចជាខូចដល់ផ្ទៃទន្លេ ប្រព័ន្ធអេកូឡូស៊ីទន្លេ បឹង សមុទ្រជាដើម។ លោកបន្ថែមថា ការគ្រប់គ្រងអាជីវកម្មខ្សាច់មិនច្បាស់លាស់ ក៏អាចបង្កផលប៉ះពាល់ដល់ការខាតបង់ចំណូលផ្នែកពន្ធដា។
លោក ហេង គឹមហុង ថ្លែងថា៖ «ប៉ុន្ដែយ៉ាងណាមិញត្រូវពង្រឹងគុណភាពបន្ថែមទៀតដែលកុំឱ្យមានភាពស៊ុំគ្រលំ ឬក៏ទំនាក់ទំនងផលប្រយោជន៍បុគ្គល ជាពិសេសនៅមូលដ្ឋាន។ កន្លែងខ្លះយើងឃើញថា អាជ្ញាធរមូលដ្ឋានក៏ពាក់ព័ន្ធជាមួយការមើលថែ ថែទាំទៅដល់សកម្មភាពខុសច្បាប់មួយចំនួនដែរ។ បើសិនជាមានសកម្មភាពដូច្នេះ មិនត្រូវលើកលែងហើយត្រូវមានការទទួលខុសត្រូវដោយខានពុំបាននេះជាអ្វីដែលយើងត្រូវគិតគូរហើយពិចារណាឱ្យបានខ្លាំងមែនទែន»។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជារូបនេះ យល់ថាអាជ្ញាធរមូលដ្ឋានត្រូវមានភារកិច្ចពិនិត្យមើលទៅលើសកម្មភាពឬទប់ស្កាត់អាជីវកម្មខ្សាច់ខុសច្បាប់ និងរាយការណ៍ទៅអាជ្ញាធរថ្នាក់ជាតិដើម្បីដោះស្រាយបញ្ហានេះ។
ស្ទើរតែរៀងរាល់ឆ្នាំ គេតែងឃើញមានការផ្សព្វផ្សាយតាមសារព័ត៌មានអំពីការបាក់ច្រាំងទន្លេដែលបណ្តាលមកពីការបូមខ្សាច់។ ករណីបាក់ច្រាំងខ្លះធ្វើឱ្យផ្ទះប្រជាពលរដ្ឋរាប់សិបខ្នងធ្លាក់ចូលទៅក្នុងទឹកទន្លេ និងខូចខាតទ្រព្យសម្បត្តិជាច្រើន តួយ៉ាង ករណីបាក់ច្រាំងទន្លេនៅស្រុកស្អាង ខេត្តកណ្តាល និងនៅបណ្តាខេត្តជាប់ទន្លេមួយចំនួនទៀត។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ប្រាប់វីអូអេថា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់នេះតាំងពីឆ្នាំ២០១៥ មកម្ល៉េះ។ លោកថា ការចេញសេចក្តីសម្រេចនាពេលថ្មីៗនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មខ្សាច់ឱ្យបានជាក់លាក់ជាងមុន ខណៈលោកថា ក្រុមហ៊ុនអាជីវកម្មមួយចំនួនមិនទាន់គោរពតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់នៅឡើយ។
លោកថ្លែងថា៖ «សេចក្តីសម្រេចថ្មីនេះ គឺដើម្បីធ្វើឱ្យមានភាពជាក់លាក់ជាងមុន គោលបំណងរបស់រាជរដ្ឋាភិបាលហ្នឹងគឺគ្រប់គ្រងអាជីវកម្មខ្សាច់ឱ្យមានប្រសិទ្ធភាព ដោយឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសផង ហើយនិងស្របតាមលក្ខណៈបច្ចេកទេសផង»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបាននៅឡើយទេ។
តាមសេចក្តីសម្រេចស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធានធនខ្សាច់បញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំឱ្យមានយន្តការចែករំលែកព័ត៌មាន និងយន្តការឆ្លើយតបបន្ទាន់ចំពោះ ការរកឃើញការបូមខ្សាច់អនាធិបតេយ្យខុសពេលវេលា និងខុសពីការកំណត់ក្នុងអាជ្ញាបណ្ណ ហើយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ក៏អាចរាយការណ៍អំពីការបូមខ្សាច់ អនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពលគ្រប់ពេលវេលា។
តំបន់ធនធានខ្សាច់ដែលក្រសួងពាក់ព័ន្ធត្រូវមាន និយាមការឱ្យបានច្បាស់លាស់គឺ តំបន់ដែលអនុញ្ញាតឱ្យធ្វើអាជីវកម្ម តំបន់ដែលតម្រូវឱ្យមានការអនុញ្ញាតតាមការស្នើសុំពិសេស និង តំបន់ដែលពុំអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ ចំណែកក្រសួងបរិស្ថានត្រូវធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយមានការចូលរួមពីក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម។
សេចក្តីសម្រេចនេះឱ្យដឹងទៀតថា អាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ ត្រូវមានសុពលភាពកំណត់រយៈពេល២ (ពីរ)ឆ្នាំ និងពុំអនុញ្ញាតឱ្យចេញ អាជ្ញាបណ្ណបណ្តោះអាសន្ន ជាដាច់ខាត។
គួរបញ្ជាក់ថា តាមទិន្នន័យស្តីពីការនាំចេញនិងនាំចូលរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ ២០២១ កម្ពុជាជាប់លំដាប់លេខ ១២ ក្នុងនាមជាប្រទេសដែលនាំចេញខ្សាច់ច្រើនជាងគេនៅក្នុងពិភពលោក។ ក្នុងឆ្នាំដដែលនោះ កម្ពុជាបាននាំចេញខ្សាច់ជិត ៨ សែនតោន៕
វេទិកាបញ្ចេញមតិ