ក្រុមអង្គការសង្គមស៊ីវិល បានសម្ដែងការមិនទាន់ពេញចិត្តនឹងការបកស្រាយបំភ្លឺរបស់រដ្ឋាភិបាលជុំវិញភាពចម្រូងចម្រាសទាក់ទងនឹងបរិមាណខ្សាច់នាំចេញពីកម្ពុជាទៅបរទេស ដែលគេសង្ស័យថា ធ្វើឲ្យបាត់ប្រាក់ចំណូលជាតិ រាប់លានដុល្លារអាមេរិក។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី«Hello VOA»កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករានេះយ៉ាងដូច្នេះថា៖
«យើងអត់ទាន់បានចម្លើយដែលអាចអស់ចិត្តទេ។ យើងមានការសង្ស័យថា អាចមានភាពមិនប្រក្រតីឬការគេចពន្ធណាមួយដែលបាត់លុយអស់រាប់រយលានដុល្លារជាចំណូលរបស់ជាតិ។ ដូច្នេះ យើងទាមទារ យើងធ្លាប់ឃើញមានការស៊ើបអង្កេត ការផ្ដល់ទិន្នន័យនិងការផ្ដល់ព័ត៌មានច្បាស់លាស់មួយសម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់នៃធនធានធម្មជាតិហ្នឹង ទទួលយកបាននិងអស់ចិត្ត»។
ការលើកឡើងនេះ ធ្វើឡើង ក្រោយពីបណ្ដុំអង្គការសង្គមស៊ីវិលចំនួន៤៧ រួមទាំងអង្គការតម្លាភាពកម្ពុជាផង កាលពីចុងខែតុលាកន្លងទៅ បានផ្ញើលិខិតចំហរួមគ្នាមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដើម្បីឲ្យបកស្រាយបំភ្លឺទាក់ទងនឹងតួលេខខុសគ្នា ដែលបង្ហាញដោយរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី អំពីបរិមាណខ្សាច់ដែលនាំចេញពីកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរីនោះ។
លិខិតរបស់អង្គការសង្គមស៊ីវិលទាំងនេះដែលបានផ្អែកលើទិន្នន័យស្ថិតិពាណិជ្ជកម្មលើទំនិញនាំចេញរបស់រដ្ឋាភិបាលកម្ពុជានិងទំនិញនាំចូលរបស់រដ្ឋាភិបាលសិង្ហបុរី បង្ហាញថា កម្ពុជា បាននាំចេញខ្សាច់ចំនួនត្រឹមតែ២.៨លានតោន ដែលមានតម្លៃ ៥.៥លានដុល្លារអាមេរិក នៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០១៥ ខណៈដែលកំណត់ត្រារបស់សិង្ហបុរី បង្ហាញថា សិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជាចំនួនដល់ទៅ៧២.៨លានតោនក្នុងរយៈពេលដូចគ្នានោះ។
បរិមាណខ្សាច់នាំចេញពីកម្ពុជាទៅប្រទេសសិង្ហបុរីប្រមាណ៧០លានតោននេះ ត្រូវគេប្រមាណថាមានតម្លៃជាង៧០០លានដុល្លារអាមេរិក។
លោក ព្រាប កុល មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានសមត្ថកិច្ចក្នុងការស៊ើបអង្កេតការចោទប្រកាន់ឬតម្រុយនៃអំពីពុករលួយណាមួយនោះ គួរតែចាត់វិធានការលើបញ្ហានេះ។
លោកបន្តថា ប្រសិនបើអង្គភាពនេះ មានចាត់វិធានការស៊ើបអង្កេតទៅលើភាពមន្ទិលសង្ស័យនេះទេ ប្រជាពលរដ្ឋ គួរដើរតួនាទីចូលរួមតាមឃ្លាំមើលករណីនេះទាំងអស់គ្នា៕