ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី៧​ក្នុងពិភព​លោក​សម្រាប់​ការ​នាំចេញ​ខ្សាច់


រូបភាព​នៃ​កប៉ាល់​បូម​ខ្សាច់​មួយ​នៅ​ខេត្ត​កោះកុង។ (រូបភាព​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​មាតាធម្មជាតិ)
រូបភាព​នៃ​កប៉ាល់​បូម​ខ្សាច់​មួយ​នៅ​ខេត្ត​កោះកុង។ (រូបភាព​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​មាតាធម្មជាតិ)

សកម្មជន​ការពារ​បរិស្ថាន​កម្ពុជា​យល់​ថា ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​អាច​ប្រឈម​នឹង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​មួយ​នេះ សម្រាប់​តម្រូវការ​ក្នុង​ស្រុក ស្រប​ពេល​ដែល​សកម្មភាព​បូម​ខ្សាច់​នេះ​បន្ត​បង្ក​ផលប៉ះពាល់​ខាង​បរិស្ថាន​ក្នុង​ប្រទេស។

នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៥​ដែល​នាំ​ចេញ​ខ្សាច់​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ទី៧ នាំ​មុខ​ប្រទេស​មួយ​ចំនួន​មក​ពី​តំបន់​អឺរ៉ុប និង​អាហ្វ្រិក។ នេះ​បើ​យោង​តាម​តួលេខ​ដែល​ចេញ​ផ្សាយ​ដោយ​គេហទំព័រ World's Top Exports ឬ​ហៅ​កាត់​ថា (WTEx) ដែល​ស្រាវជ្រាវ​អំពី​ការ​នាំចេញ​របស់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក។

តួលេខ​ស្តី​ពី​ការ​នាំ​ចេញ​ខ្សាច់​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា ដែល​ជា​ប្រទេស​ដ៏​តូច​បំផុត​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ចំណោម​ប្រទេស​ទាំង​១៥​នេះ បាន​នាំ​ចេញ​ខ្សាច់​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៣៤លាន ​៦សែន​ដុល្លារ​អាមេរិក បន្ទាប់​ពី​ប្រទេស​បារាំង​ដែល​ជាប់​លំដាប់​ថ្នាក់​ទី៦ ដោយ​នាំ​ចេញ​ខ្សាច់​ក្នុង​ទឹក​ប្រាក់​ចំនួន​ ៥៤លាន ៧សែន​ដុល្លារ។ បើ​ប្រៀប​ធៀប​ពី​ឆ្នាំ​២០១៤ ការ​នាំ​ខ្សាច់​កម្ពុជា​កើន​ឡើង​ចំនួន​ជាង ៤៦០០​ភាគរយ ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​នាំ​ចេញ​ខ្សាច់​ដ៏​រហ័ស​បំផុត។ ក្នុង​ចំណោម​ប្រទេស​ទាំង​១៥​នេះ សហរដ្ឋ​អាមេរិក​ជាប់​លំដាប់​ថ្នាក់​លេខ​១ ដោយ​នាំ​ចេញ​ខ្សាច់​ជា​ទឹក​ប្រាក់​សរុប​ ៥៣៤លាន ១សែន​ដុល្លារ។​

ខ្សាច់ ​គឺជា​ធនធាន​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​សំណង់ ឧស្សាហកម្ម និង​ដំណាំ​កសិកម្ម​ផ្សេងៗ ជាពិសេស​ខ្សាច់​ល្បាយ​ភក់។ កម្ពុជា​ធ្វើ​សកម្មភាព​បូម​ខ្សាច់​តាម​តំបន់​ទន្លេ​មេគង្គ និង​តាម​តំបន់​មាត់​សមុទ្រ ជាពិសេស​នៅ​ខេត្ត​កោះកុង ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ដូច​ជា​ទៅកាន់​ប្រទេស​សិង្ហបុរី ​តៃវ៉ាន់ និង​ឥណ្ឌា​ជា​ដើម។

ក៏​ប៉ុន្តែ សកម្មភាព​បូម​ខ្សាច់​ដែល​មិន​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​សមត្ថកិច្ច​ដោយ​ក្រុមហ៊ុន​ឯកជន និង​ដែល​កើត​ឡើងដោយ​សារ​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម​ បាន​បង្ក​ជា​ក្តី​កង្វល់​ធ្ងន់ធ្ងរ​ខាង​បរិស្ថាន និង​ការ​ប្រឈម​ខាង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។ នេះ​បើ​តាម​លើក​ឡើង​ជា​បន្តបន្ទាប់​របស់​ក្រុមអ្នក​ការពារ​បរិស្ថាន​នៅ​កម្ពុជា។

លោក ថុន រដ្ឋា សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​ប្រាប់ VOA ថា អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា​ផ្តល់​ផល​ប្រយោជន៍​ដល់​តែ​ក្រុម​អ្នក​វិនិយោគទុន​តែ​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​រងផល​ប៉ះពាល់​ពី​សកម្មភាព​រុក​រក​ធម្មជាតិមួយ​នេះ គឺ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។

«ទី​១​គឺ​តម្រូវ​ការ​ក្នុង​ស្រុក កំពុង​តែ​មាន​ការ​កើន​ឡើង ហើយ​យើង​សោកស្តាយ​ ដែល​នៅ​ពេល​ខ្សាច់​ខ្មែរ​ត្រូវបាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​អ្វី​ដែល​យើង​កាន់​តែ​សោក​ស្តាយ​ទៀត​នោះ គឺ​វា​បាន​បំផ្លាញ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ដែល​គាត់​រងគ្រោះ​ដោយសារ​តែ​អាជីវកម្ម​បូម​ខ្សាច់‍»។

ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ការ​បូម​ខ្សាច់​ រួម​មាន​ការ​បំផ្លាញ​ប្រព័ន្ធជីវៈ​ចម្រុះ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ការ​បាត់​បង់​ផ្ទះ​សម្បែង​ដោយសារ​តែ​ការ​បាក់​ច្រាំង​ដី ជាពិសេស​សហគមន៍​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ការ​បាត់បង់​មធ្យោបាយ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ តាមរយៈ​ការ​នេសាទ​ត្រី​សាប និង​សមុទ្រ​ជា​ដើម។

លោក ថុន ​រដ្ឋា បាន​លើក​ឡើង​ថា៖ «‍ការ​បាក់​ច្រាំង​ច្រើន ​មាន​ទាំង​នៅ​រការកោង ជា​ពិសេស​ហ្នឹង​គឺ​នៅ​តាម​តំបន់​ណា​ក៏​ដោយ នៅ​ពេល​ណា​មាន​អាជីវកម្ម​បូម​ខ្សាច់ យើង​តែ​សង្កេត​ឃើញ​ថា​មាន​ការ​បាក់​ច្រាំង​ រហូត​ដល់​បាក់​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវ»។

ការ​បូម​ខ្សាច់​សម្រាប់​ការ​នាំ​ចេញ​ក្រៅ​ប្រទេស​នេះ​គឺជា​អាជីវកម្ម​មួយ​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​រាប់​រយ​លាន​ដុល្លារ។ កាលពី​ឆ្នាំ​២០១៧ ​របាយការណ៍​មួយ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​បាន​រក​ឃើញ​ថា កម្ពុជា​បាន​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​ទៅ​កាន់​ដែន​កោះ​តៃវ៉ាន់ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ ៣១លាន​ដុល្លារ​អាមេរិក​ក្នុង​ចន្លោះ​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៦ ប៉ុន្តែ​របាយការណ៍​នេះ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល។

ចាប់​តាំង​ពី​ឆ្នាំ​២១៥​មក សកម្មជន​ការ​ពារ​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ បាន​ធ្វើ​ការ​ស៊ើបអង្កេត​ និង​ផ្សព្វផ្សាយ​អំពី​សកម្មភាព​បូម​ខ្សាច់​ខុស​ច្បាប់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​បណ្តាញសង្គម​ហ្វេសប៊ុក ដើម្បី​ទាមទារ​ការ​ចាត់វិធានការ​ពី​រដ្ឋាភិបាល​កម្ពុជា ដោយ​ទទួល​ការ​គំរាម​កំហែង​នានា ហើយ​សេចក្តី​រាយការណ៍​របស់​ពួកគេ​ត្រូវបានច្រានចោល​ដោយ​រដ្ឋាភិបាល​និង​អាជ្ញាធរ​កម្ពុជា​ជា​ញឹកញាប់។

នៅ​ខែ​កក្កដា ឆ្នាំ​២០១៧ ដោយ​ទទួល​បាន​សម្ពាធ​ជា​បន្តបន្ទាប់​ជុំ​វិញ​សកម្មភាព​បូម​ខ្សាច់​បែប​មិន​ប្រក្រតី ក្រសួង​រ៉ែ​និង​ថាមពល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​បាន​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ​ រួម​ទាំង​ខ្សាច់​ល្បាយ​ភក់ នៅ​ខេត្ត​កោះកុង ចេញ​ទៅ​ក្រៅ​ប្រទេស។

ទោះ​ជា​យ៉ាងណា​មិញ លោក ថុន រដ្ឋា បាន​លើក​ឡើង​ថា សកម្មភាព​បូម​ខ្សាច់​ខុស​ច្បាប់​នៅ​តែ​មាន ហើយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បន្ត​ចាត់​វិធានការ​តឹងរ៉ឹង​ជាង​មុន ដើម្បី​ផល​ប្រយោជន៍​នាពេល​អនាគត​របស់​កម្ពុជា។

«‍វា​អាច​ប៉ះពាល់​ទៅ​កាន់​ប្រទេស​ជាតិ​នៅ​ថ្ងៃ​ខាង​មុខ នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ខ្សាច់ យើង​ចាប់​ផ្តើម​បាត់​ អត់​មាន​ធនធាន​ទាំង​អស់​ហ្នឹង ហើយ​យើង​ចាប់​ផ្តើម​នឹង​ចំណាយ​លុយ​ច្រើន​ទៅ​ក្រៅ​ប្រទេស នេះ​បើ​យើង​គិត​ពី​ជីវភាព​របស់​ពលរដ្ឋ​វា​មាន​ផល​ប៉ះពាល់។ ហើយ​បច្ចុប្បន្ន​ ខណៈ​កម្ពុជា​មិន​ទាន់​មាន​ការ​គ្រប់គ្រង​អាជីវកម្ម​ខ្សាច់​ហ្នឹង​ទេ ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​និង​តម្លាភាព​ទេ វា​នឹង​ប៉ះពាល់​ទៅកាន់​បរិស្ថាន​ធ្ងន់ធរ ហើយ​ជា​ពិសេស​ហ្នឹង​គឺ​ប្រជាពលរដ្ឋ​ដែល​គាត់​រស់នៅ​ក្បែរ​តំបន់​ដែល​មាន​អាជីវកម្ម​ខ្សាច់​ហ្នឹង»។

ចាប់​តាំង​ពី​មាន​ការ​ហាម​ឃាត់​ការ​នាំ​ចេញ​ខ្សាច់​គ្រប់​ប្រភេទ​នៅ​ខេត្ត​កោះកុង​ចេញ​ក្រៅ​ប្រទេស​មក លោក ថុន រដ្ឋា បាន​កត់​សម្គាល់​ឃើញ​ថា ការ​បូម​ខ្សាច់​តាម​តំបន់​ឆ្នេរ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ការ​ថយ​ចុះ ប៉ុន្តែ​លោក​ថា ការ​បូម​ខ្សាច់​ទន្លេ​បែរ​ជា​មាន​ការ​កើន​ឡើង​ខ្លាំង។

រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​យ៉ាងណា​លើ​របាយការណ៍​របស់​ World's Top Exports នេះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG