ខណៈគម្រោងអភិវឌ្ឍទីក្រុងនៅកម្ពុជានិងវៀតណាមបន្តកើនឡើងជាបន្តបន្ទាប់ សកម្មភាពបូមខ្សាច់ពីទន្លេមេគង្គនៅក្នុងប្រទេសទាំងពីរនេះក៏កើនឡើងដូចគ្នា ដែរ ដោយគេឃើញថា ប្រទេសកម្ពុជានិងវៀតណាមបានបូមខ្សាច់សរុបរួមគ្នាប្រមាណ ១០០ លានតោន ក្នុងរយៈពេលមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវ នៅក្នុងកិច្ចពិភាក្សាតាមអនឡាញមួយស្តីអំពីការបូមខ្សាច់ពីទន្លេមេគង្គ។
«នេះ [ការបូមខ្សាច់] ជាសកម្មភាពដ៏ធំនៅតំបន់មេគង្គក្រោម។ ការបូមខ្សាច់កំពុងរីករាលដាល ហើយទាញយកធនធានយ៉ាងច្រើនពីទន្លេ ហើយសកម្មភាពនេះមិនត្រូវបានរារាំង និងកត់ត្រាជាតួលេខនោះទេ»។
អ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យ Newcastle University ក្នុងប្រទេសអង់គ្លេស លោកChristopher Hackney បានថ្លែងដូច្នេះ នៅក្នុងកិច្ចពិភាក្សាតាមអនឡាញ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាន Stimson នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ទី ១៣ ខែមីនា។
តាមរយៈការសិក្សាស្រាវជ្រាវ ដោយប្រើប្រព័ន្ធផ្កាយរណបនិងកម្មវិធីបញ្ញានិម្មិតដើម្បីពិនិត្យទិន្នន័យ លោក Hackney និងដៃគូស្រាវជ្រាវម្នាក់ទៀតគឺអ្នកស្រី Magdalena Smigaj អ្នកស្រាវជ្រាវជាន់ខ្ពស់ថ្នាក់ក្រោយបណ្ឌិតនៃសាកលវិទ្យាល័យ Wageningen University បានរកឃើញថា ក្នុងចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ចំនួននាវាបូមខ្សាច់ដែលធ្វើចរាចរណ៍លើដងទន្លេមេគង្គនៅកម្ពុជាបានកើនឡើងពី ៥០នាវា ដល់ ១៥០នាវា ក្នុងខែ។ ចំនួនកើនឡើងនៃនាវាបូមខ្សាច់នេះក៏កើតមានឡើងប្រហាក់ប្រហែលគ្នាដែរនៅក្នុងប្រទេសវៀតណាម។
លោក Hackney បានថ្លែងថា៖ «ដូច្នេះ ដោយបូកបញ្ចូលគ្នារវាងប្រទេសទាំងពីរ យើងអាចសន្និដ្ឋានឃើញបរិមាណខ្សាច់ប្រមាណ ១០០ លានតោន។ តួលេខនេះមិនរាប់បញ្ចូលប្រទេសឡាវ និងតំបន់មេគង្គខាងលើនោះទេ»។
ប្រធានគម្រោងស្តីពីតំបន់អាស៊ីអាគ្នេយ៍ប្រចាំវិទ្យាស្ថាន Stimson លោក Brian Eyler បានបញ្ជាក់នៅក្នុងកិច្ចពិភាក្សានេះផងដែរថា ការបូមខ្សាច់ក្នុងអត្រាដ៏ខ្ពស់បែបនេះ «បង្កផលប៉ះពាល់ដល់ប្រព័ន្ធទន្លេ» ដោយលោកសង្កត់ធ្ងន់ថា សកម្មភាពនេះ «កំពុងកើតឡើងក្នុងអត្រាដែលមិនត្រូវបានត្រួតពិនិត្យ ហើយរាយការណ៍ឱ្យបានដិតដល់ និងកំពុងលុបបំបាត់ ឬទាញយកធាតុផ្សំដ៏សំខាន់បំផុតមួយពីទន្លេ [មេគង្គ] សម្រាប់ការប្រើប្រាស់នានា»។
បើយោងតាមទិន្នន័យស្តីពីការនាំចេញនិងនាំចូលរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ ២០២១ កម្ពុជាជាប់លំដាប់លេខ ១២ ក្នុងនាមជាប្រទេសដែលនាំចេញខ្សាច់ច្រើនជាងគេនៅក្នុងពិភពលោក។ ក្នុងឆ្នាំដដែលនោះ កម្ពុជាបាននាំចេញខ្សាច់ជិត ៨ សែនតោន៕