ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​ទាមទារ​ឱ្យ​ដោះ​លែង​លោក កើត សារ៉ាយ ​ខណៈ​តុលាការ​បន្ត​ឃុំ​ខ្លួន


អ្នកគាំទ្រ ទាមទារឱ្យដោះលែង លោក កើត សារ៉ាយ ឱ្យមានសេរីភាព នៅខាងមុខតុលាការក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
អ្នកគាំទ្រ ទាមទារឱ្យដោះលែង លោក កើត សារ៉ាយ ឱ្យមានសេរីភាព នៅខាងមុខតុលាការក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ប្រធាន​ក្រុម​ប្រឹក្សា​នៃ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កើត សារ៉ាយ ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​(KSILA)​ក្នុង​ពន្ធនាគារ​ព្រៃស។​

លោក ​កើត សារ៉ាយ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ​និង​មិន​រាង​ចាល ​ពាក់​ព័ន្ធ​ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​សារ​ព័ត៌មាន​ អំពី​វិវាទ​ដីធ្លី​ដ៏​រសើប​នៅ​ឃុំ​ស្រយង់ ​និង​ឃុំ​ភ្នំ​ត្បែង​ពីរ ​ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ ​កាល​ពី​ថ្ងៃ​ទី២១ ​ខែ​មីនា​កន្លង​ទៅ។ ​គិត​រហូត​មក​ដល់​ពេល​នេះ ​លោក ​កើត សារ៉ាយ ​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​រយៈ​ពេល​ជាង​២​ខែ​មក​ហើយ។​

ស្រប​ពេល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​យុវជន ​និង​យុវតី​ប្រមាណ​១០​នាក់​ដែល​មក​គាំទ្រ​លោក ​កើត សារ៉ាយ ​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ ​ចង់​ឃើញ​តុលាការ​ផ្តល់​យុត្តិធម៌ ​និង​ដោះលែង​លោក​ កើត សារ៉ាយ ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។​

ពួកគេ​ក៏​បាន​សរសេរ​ពាក្យពេជន៍​មួយ​ចំនួន​នៅ​លើ​ក្រដាស​ស​ដូចជា​«យុត្តិធម៌​សម្រាប់​លោក ​កើត សារ៉ាយ» ​«កើត​ សារ៉ាយ ​គ្មាន​កំហុស​ទេ»​ និង​«ដោះ​លែង ​កើត សារ៉ាយ» ​ជាដើម។​

លោក ​សំ ទិត្យសីហា ​មេធាវី​ការពារក្តី​លោក ​កើត សារ៉ាយ ​ប្រាប់​វីអូអេ​ថា​ ការ​ប្តឹង​ទាស់​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​លោក ​ភូ ពៅស្រ៊ុន​ប្រកាស​សាល​ដីកា​ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កើត សារ៉ាយ​ នៅ​ពន្ធនាគារ​ព្រៃ​ស។​

លោក​ថ្លែង​ថា៖ ​«តុលាការ​យល់​ថា​ ការ​រក្សា​[បន្ត​ឃុំ​ខ្លួន​លោក ​កើត សារ៉ាយ]​ហ្នឹង​ដើម្បី​ទុក​ដំណើរ​ការ​នីតិវីធី​បន្ត»។​

កញ្ញា ​អៀម ស្រីពេជ្ររតនា​ អាយុ​២០​ឆ្នាំ ​ជា​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ ​ដែល​មក​គាំទ្រ​លោក ​កើត​ សារ៉ាយ​ នៅ​សាលា​ឧទ្ធរណ៍ ​យល់​ឃើញ​ថា ​សកម្ម​ភាព​របស់​លោក​ កើត សារ៉ាយ​ ដែល​ចុះ​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​រត់ចូល​ព្រៃ ​ភ័យ​ខ្លាច​ក្នុង​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​ព្រះវិហារ​កាល​ពី​កន្លង​ទៅ ​គឺ​គ្រាន់តែ​ចង់​ឃើញ​អាជ្ញាធរ​ និង​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​នោះ។ ​កញ្ញា​បញ្ជាក់​ថា​ លោក ​កើត សារ៉ាយ ​មិន​បាន​ញុះញង់​ ឬ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អាជ្ញាធរ​នោះ​ឡើយ។​

កញ្ញា​នៅ​តែ​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​លោក ​កើត សារ៉ាយ ​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ។​

កញ្ញា​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅ​របង​តុលាការ​ថា៖ ​«ចា៎!​ ថ្ងៃ​នេះ​ ហេតុអ្វី​បាន​ជា​មាន​ក្រុម​យុវជន​ក៏ដូច​ជា​ខ្ញុំ​ផ្ទាល់​មក​ចូលរួម​លើក​ស្លាក​ឱ្យ​ដោះ​លែង​ លោក​ កើត សារ៉ាយ ​ឬ​ក៏​ស្លាក​យុត្តិធម៌​សម្រាប់​លោក ​កើត សារ៉ាយ ​[គឺ]​ដោយ​សារ​តែខ្ញុំ​មើល​ឃើញ​ថា​ លោក ​កើត សារ៉ាយ ​ពិតជា​មិន​មាន​កំហុស។ ​ហើយ​គោល​បំណង​គឺ​មក​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​គាត់ ​ដែល​គាត់​បាន​លះបង់​កម្លាំង​កាយ​ ចិត្ត​ដើម្បី​ជួយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ ​និង​ធ្វើ​កិច្ច​ការងារ​សង្គម​ ប៉ុន្តែ​គាត់​ត្រូវ​ជួប​រឿង​មួយ​ដែល​អយុត្តិធម៌។​ អ៊ីចឹង​ថ្ងៃ​នេះ ​គោល​បំណង​ធំ​ គឺ​មក​លើក​ទឹកចិត្ត​ហើយ​ក៏​ដូចជា​មក​ទទូច​ស្នើ​សុំ​ចង់​ឱ្យ​តុលាការ​ត្រូវ​តែ​ដោះ​លែង​លោក ​កើត សារ៉ាយ»។​

ចំណែក​លោក ​យឹម លាងហ៊ី ​ប្រធាន​ស្តីទី​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ​ ប្រាប់​អ្នក​សារព័ត៌​មាន​ថា​ លោក​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ដែល​បន្ត​ឃុំ​ខ្លួន​លោក​ កើត សារ៉ាយ។ ​លោក​បន្ថែម​ថា​ រដ្ឋាភិបាល​និង​អាជ្ញាធរ​គួរ​តែ​ចាត់​ទុក​លោក ​កើត សារ៉ាយ ​ជា​ដៃគូ​ដើម្បី​ដោះ​ស្រាយ​ចំណុច​ខ្វះខាត​នានា​ ជាជាង​ចោទ​ប្រកាន់​រូប​លោក​តាម​ផ្លូវ​តុលាការ។​

ប្រធានស្តីទីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក យឹម លាងហ៊ី ផ្តល់សម្ភាសន៍នៅមុខតុលាការភ្នំពេញ នៅថ្ងៃទី២០មិថុនាឆ្នាំ២០២៤។(លាស់ លីបលីប/វីអូអេ)
ប្រធានស្តីទីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក យឹម លាងហ៊ី ផ្តល់សម្ភាសន៍នៅមុខតុលាការភ្នំពេញ នៅថ្ងៃទី២០មិថុនាឆ្នាំ២០២៤។(លាស់ លីបលីប/វីអូអេ)

លោក​ថ្លែង​នៅ​សាលា​ឧទ្ធរណ៍​ថា៖ ​«រដ្ឋាភិបាល ​ឬ​អាជ្ញាធរ​ ឬ​ក៏​សមត្ថ​កិច្ច​គួរតែ​ចាត់​ទុក​លោក ​កើត សារ៉ាយ ​ជា​ដៃគូ​ដ៏​មាន​សក្តា​នុពល ​ឬ​ជា​ដៃ​គូ​ដ៏​ល្អ​បំផុត​សម្រាប់​រដ្ឋាភិបាល ​ដើម្បី​លើក​កម្ពស់​យុត្តិធម៌​សង្គម​ទៅ​វិញ​ទេ ​ទើប​ជា​ការ​ល្អ​ មិន​មែន​ជា​ការ​ផ្តល់​ឱ្យ​គាត់​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​តាម​រយៈ​ការ​បន្ត​ឃុំ​ខ្លួន​ដែល​នឹង​អាច​ធ្វើ​ឱ្យ​ស្ថាប័ន​ជាតិ​ អន្តរ​ជាតិ​ អង្គការ​ផ្សេងៗ​ ឬ​ប្រទេស​នាំមុខ​លទ្ធិ​ប្រជា​ធិបតេយ្យ​បន្ត​ថ្កោលទោស​រដ្ឋាភិបាល​យើង​ទៀត​ទេ»។​

លោក ​ឃុន លាងម៉េង ​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ជា​អក្សរ​ថា៖ ​«ជន​ត្រូវ​ចោទ ​ពុំ​មាន​ទីលំនៅ​ច្បាស់​លាស់​ បើ​ឱ្យ​នៅ​ក្រៅ​ឃុំ​អាច​ប៉ះពាល់​ការ​ស៊ើបសួរ»។​

ក្រោយ​មាន​ការ​ចោទ​ និង​ឃុំខ្លួន​លោក ​កើត សារ៉ាយ​ ក្រុម​យុវជន​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ បាន​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ទាមទារ​ឱ្យ​ដោះ​លែង​លោក​ កើត សារ៉ាយ​ ជា​បន្ទាន់​ និង​ឥត​លក្ខខណ្ឌ។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត​ បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នាពេល​នេះ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «យើង​ឃើញ​ថា ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ហ្នឹង ​លោក​ កើត សារ៉ាយ ​និង​មេធាវី ​លោក ​កើត សារ៉ាយ​ បាន​ដាក់​នូវ​លក្ខខណ្ឌ​ដែល​ជា​ការ​មើល​ទៅ​គួរ​គ្រប់​គ្រាន់​ក្នុង​ការ​អនុញ្ញាត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​មែន។ ​ ហើយ​មួយ​ទៀត​ ជា​គោល​ការណ៍​នៃ​ច្បាប់​ ​ជម្រើស​សេរីភាព​ជាធំ ​[ចំណែក]​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​គឺ​ជា​ជម្រើស​ចុង​ក្រោយ​ ហើយ​ត្រូវ​មាន​លក្ខខណ្ឌ​ចាំបាច់​ត្រូវ​ឃុំ​ខ្លួន​ ព្រោះ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ជន​ដែល​ត្រូវ​ចោទ»។​

លោក ​អំ សំអាត ​បន្ថែម​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស ​និង​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​និង​ចោទ​ប្រកាន់​លោក​ កើត សារ៉ាយ​ប៉ះ​ពាល់​សេរីភាព​បង្កើត​សមាគម ​ប៉ះពាល់​សេរី​ភាព​ជួប​ជុំ ​ដោយ​សន្តិវិធី​ និង​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ។​ លោក​បញ្ជាក់​ថា​ លោក ​កើត សារ៉ាយ ​គ្រាន់​តែ​បញ្ចេញ​មតិ​តាម​សារ​ព័ត៌មាន​ផ្សេងៗ​ និង​ធ្វើ​សកម្ម​ភាព​ស្រប​តាម​លក្ខន្តិកៈ​ដែល​សមាគម​របស់​លោក​តម្តល់​នៅ​ក្រសួង​មហាផ្ទៃ។​

គួរ​បញ្ជាក់​ថា​ លោក ​កើត សារ៉ាយ ​ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​ដែល​មាន​ទាំង​ស្លៀក​ពាក់​ស៊ីវិល ​និង​ឯក​សណ្ឋាន​ជាង​១០​នាក់ ​ចាប់​ខ្លួន​នៅ​ទីស្នាក់​ការ​សមាគម​សម្ព័ន្ធ​និស្សិតបញ្ញវន្ត​ខ្មែរ ​ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ ​និង​បាន​នាំ​ខ្លួន​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី៥ ​ខែ​មេសា ​ឆ្នាំ​២០២៤ ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ ​និង​បញ្ចេញ​មតិ​អំពី​វិវាទ​ដីធ្លី​នៅ​ឃុំ​ស្រយង់ ​និង​ឃុំ​ភ្នំ​ត្បែង​ពីរ ​ស្រុក​គូលែន ​ខេត្ត​ព្រះវិហារ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG