ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាងតិច​៤០​នាក់ បាន​ស្លាប់​នៅ​ភាគឦសាន​អាមេរិក​ដោយសារ​ព្យុះ Ida


មនុស្សម្នា សម្លឹង​មើល​ផ្លូវ​ដែល​ជន់លិច​ដោយសារ​ទឹក​ជំនន់​លឿន​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​ដែល​បណ្តាល​មក​ពី​ព្យុះ​សង្ឃរា​ Ida នៅ​ក្រុង Somerville រដ្ឋ New Jersey កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។
មនុស្សម្នា សម្លឹង​មើល​ផ្លូវ​ដែល​ជន់លិច​ដោយសារ​ទឹក​ជំនន់​លឿន​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​ដែល​បណ្តាល​មក​ពី​ព្យុះ​សង្ឃរា​ Ida នៅ​ក្រុង Somerville រដ្ឋ New Jersey កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។

ក្រុម​មន្រ្តី​នៅ​រដ្ឋ​ញូវយ៉ក​ រដ្ឋ​ New Jersey ​និងរដ្ឋ Pennsylvania ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា​ មនុស្ស​យ៉ាង​តិច​ ៤០​ នាក់ ​បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​លឿន​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​ដែល​បណ្តាល​មកពីព្យុះ​សង្ឃរា​ Ida។

មន្រ្តី​នៅ​ទីក្រុង​ញូវយ៉ក​និយាយ​ថា​ មនុស្ស​រហូតដល់​១៥​ នាក់​បាន​ស្លាប់​ ខណៈ​ជាប់​នៅ​ក្នុង​បន្ទប់​ក្រោមដី​ក្នុង​ផ្ទះ​ដោយសារ​ទឹក​ជំនន់ ​ឬ​ជាប់​នៅក្នុង​រថយន្ត។

ព្យុះ​ដែល​ដើម​ដំបូង​បាន​មក​ដល់​ឆ្នេរ​សមុទ្រ​កាលពី​ថ្ងៃ​អាទិត្យ​ ដោយមាន​កម្លាំង​កម្រិត​ទី​៤​ នៅ​រដ្ឋ​ Louisiana ​នោះ​ បាន​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ច្រើន​នៅភាគ​ឦសាន​សហ​រដ្ឋ​អាមេរិក​ ហើយ​កាលពី​ថ្ងៃ​ពុធ​ ទីភ្នាក់ងារ​សេវាកម្ម​ជាតិ​ផ្នែក​អាកាស​ធាតុ​ បាន​ចេញ​ការព្រមាន​ដំបូង​អំពី​ទឹក​ជំនន់នៅ​ទីក្រុង​ញូវយ៉ក ​និង​ទីក្រុង​ Newark ​រដ្ឋ ​New Jersey។​

មនុស្ស​យ៉ាងហោច​ណាស់​២៣​នាក់ទៀត​បាន​ស្លាប់​នៅ​រដ្ឋ​ New Jersey ​និង​យ៉ាងតិច​៥​នាក់​ នៅ​រដ្ឋ​ Pennsylvania។​

ផ្លូវ​ជាច្រើន​បាន​ក្លាយ​ជា​ទន្លេ​យ៉ាងលឿន​ លិច​ឡាន​ទេសចរណ៍ ​និង​សូម្បី​តែ​ឡាន​ក្រុង​ដឹក​អ្នក​ដំណើរ។​ ប្រព័ន្ធ​ផ្លូវក្រោម​ដី​របស់​ទីក្រុង​ភាគច្រើន​ត្រូវ​បាន​បិទ​ដោយ​ទឹកជំនន់។

ថ្លែង​នៅ​ឯ​សេតវិមាន​ ប្រធានាធិបតី​ស.រ.អ.​លោក​Joe Biden​ បាន​សន្យា​ផ្តល់​ជំនួយ​បន្ទាន់​ដល់​អភិបាល​នៃ​រដ្ឋ​ New Jersey និង​រដ្ឋ​ញូវយ៉ក​ ក៏ដូច​ជា​រដ្ឋ​ដទៃ​ទៀត​នៅក្នុង​តំបន់​ ហើយលោក​បាន​ផ្ញើការ​ចូល​រួម​រំលែក​ទុក្ខ​របស់លោក​ដល់​គ្រួសារ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត។​

លោក​ប្រធានាធិបតី​ក៏​បាន​និយាយ​ផង​ដែរ​ថា​ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ ​Louisiana ​នៅ​ថ្ងៃសុក្រ​ដើម្បី​ជួប​ជាមួយ​លោក​ John Bel Edwards អភិបាល​រដ្ឋ​ដើម្បី​ពិភាក្សា​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារ​ឡើង​វិញ​បន្ទាប់​ពី​ព្យុះ​ Ida ​នៅ​ទីនោះ។​ លោក​ប្រធានាធិបតី​បាន​និយាយ​ថា​ ទីភ្នាក់ងារ​សហព័ន្ធ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​(FEMA)​ របស់​ស.រ.អ.​និង​ទីភ្នាក់ងារ​ដទៃ​ទៀត​ នឹង​ត្រូវ​ធ្វើការ​គ្រប់​ពេល​វេលា​រហូត​ដល់​តម្រូវការ​ក្នុង​តំបន់​ត្រូវ​បាន​ដោះស្រាយ៕​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន Associated Press និង Reuters។

XS
SM
MD
LG