ការដោះស្រាយបញ្ហាគ្រោះធម្មជាតិដែលមានភាពរាំងស្ងួតដែលកំពុងកើតមានឡើងនិងគ្រោះទឹកជំនន់ដែលអាចកើតមានឡើងក្នុងពេលខាងមុខក្នុងប្រទេសកម្ពុជាត្រូវមានការចូលរួមជាច្រើនភាគីដែលមិនមែនមានតែរដ្ឋាភិបាលម្នាក់ឯងទេ។ ប៉ុន្តែបរិយាកាសនយោបាយសព្វថ្ងៃដែលបង្កឲ្យមានការភ័យខ្លាច ការបារម្ភ ធ្វើឲ្យភាគីនានាពិបាកធ្វើការជាមួយគ្នា។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA ប្រចាំខែកាលពីថ្ងៃច័ន្ទថា ដោយសារតែមានការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងសកម្មជននយោបាយនាំឲ្យមជ្ឈដ្ឋាននានារួមទាំងបញ្ញវន្តផង មានការប្រយ័ត្នប្រយែងនិងខ្លាចរអារក្នុងការបញ្ចេញមតិលើបញ្ហានានាដែលទាមទារឲ្យមានការគិតគូរផ្ដល់យោបល់រួមគ្នា ដោយសារតែពួកគេខ្លាចមានការចាប់ទោសអូសដំណើរនៅពេលដែលនិយាយដល់បញ្ហាដែលមានភាពចាំបាច់ចំពោះប្រទេសជាតិទាំងនោះ។ ឧទាហរណ៍បញ្ហាគ្រោះរាំងស្ងួតនិងទឹកជំនន់ដែលបណ្ដាលមកពីសកម្មភាពបំផ្លាញធម្មជាតិមួយចំនួន។
លោកបានបន្ថែមថា៖ «ចឹងហើយបានជាខ្ញុំថា ចំពោះមុខគ្រោះរាំងស្ងួតឬមួយទឹកជន់ដែលធំ ដែលត្រូវការសាមគ្គីជាតិទាំងមូល ខ្ញុំគិតថាពេលវេលានេះជាពេលវេលាសមស្របហើយ ដែលរាជរដ្ឋាភិបាលគួរតែធ្វើការណាមួយហើយគណបក្សធំៗទាំងពីរហ្នឹងគួរតែត្រឡប់មកអង្គុយចរចាគ្នាវិញដើម្បីដោះស្រាយបន្ធូរបន្ថយបញ្ហាដែលយើងកំពុងតែជួបប្រទះសព្វថ្ងៃហ្នឹង គឺថាដោះស្រាយយ៉ាងម៉េចទៅតាមមុខច្បាប់ហ្នឹងដើម្បី ឲ្យចេញរួចទាំងអស់គ្នាទៅ ទាំងសកម្មជនសិទ្ធិមនុស្សនិងទាំងសកម្មជនគណបក្សនយោបាយដើម្បីបន្ធូរបន្ថយបរិយាកាសហ្នឹងរួមគ្នាប្រឈមទៅនឹងតម្រូវការពិតប្រាកដគួរឲ្យបារម្ភរបស់ប្រជាពលរដ្ឋ»។
សហគមន៍នានានៅទូទាំងប្រទេសកម្ពុជាបានជួបភាពរាំងស្ងួតរយៈពេលយូររហូតដល់មានកន្លែងខ្លះខ្វះខាតទឹកផឹករហូតដល់រដ្ឋាភិបាលត្រូវអំពាវនាវឲ្យមានការផ្តល់ទឹកជូនពលរដ្ឋដែលរងគ្រោះ។
លោក សោភក្តិ៍ យល់ថានៅពេលដែលសហគមន៍អន្តរជាតិឃើញប្រជាជនជួបគ្រោះមហន្តរាយបែបហ្នឹងមិនមានអ្នកណាដែលទល់ភ្នែកមើលទេ មិនមានអ្នកណាដែលបិទភ្នែកហើយមិនឈឺឆ្អាលទេ គឺមានការបារម្ភគ្រប់គ្នាទាំងអស់ ប៉ុន្តែម្ចាស់ជំនួយត្រូវការធ្វើការជាមួយដៃគូរបស់គេគឺសង្គមស៊ីវិលដែលធ្វើការនៅក្នុងផ្នែកអភិវឌ្ឍន៍ហ្នឹង។
លោកបន្ថែមថាបើសិនជាបរិយាកាសនយោបាយដូចជានៅកម្ពុជា ដែលគេមើលឃើញពីខាងក្រៅមកដូចជាមានការគាបសង្កត់លើសកម្មជនដែលធ្វើការខាងការតស៊ូមតិនៅក្នុងរឿងសិទ្ធិមនុស្ស ក្នុងរឿងព្រៃឈើ និងក្នុងរឿងអ្វីផ្សេងទៀតអស់ហ្នឹង គឺពួកគេអាចនឹងមានការរារែក។
លោក សោភក្តិ៍ បានបន្ថែមថា៖ «ដូច្នេះបរិយាកាសនេះដែលធ្វើឲ្យសហគមន៍អន្តរជាតិដែលចង់ជួយនៅក្នុងរឿងរាំងស្ងួត រឿងទឹកជន់អ្វីហ្នឹងនឹងមានការខ្លាចរអា ព្រោះគេត្រូវការជាមួយដៃគូរបស់គេដែលធ្វើការនៅថ្នាក់ក្រោមជាតិ គឺសង្គមស៊ីវិលឬមួយក៏អ្នកធ្វើការនៅតាមសហគមន៍ជាដើម។ បើសិនជាយើងមិនធ្វើឲ្យស្ថានការណ៍នេះត្រជាក់មកវិញទេខ្ញុំជឿថានេះជាការពិបាកមិនខាន»។
ក្នុងពេលដែលកង្វះខាតទឹកកើតមានឡើង ពលរដ្ឋអាចនឹងប្រើប្រាស់ទឹកដែលមិនមានអនាម័យដែលអាចនឹងបង្កជាបញ្ហាសុខភាពនៅក្នុងពេលខាងមុខ ហើយនៅពេលមានគ្រោះមហន្តរាយដទៃទៀតដូចជាទឹកជំនន់ អាជ្ញាធរមានសមត្ថកិច្ចគួរតែធ្វើការរួមគ្នាដើម្បីផ្ដល់ដំណឹងពីគ្រោះថ្នាក់នានាដែលអាចនឹងកើតមានឡើងដើម្បីជួយដល់ពលរដ្ឋ។ នេះបើតាមការលើកឡើងរបស់លោកសេរីសោភក្តិ៍។
លោកបន្ថែមថា៖ «នៅពេលដែលបានទទួលដំណឹងហើយកន្លែងណាដែលងាយរងគ្រោះជាងគេហើយកន្លែងណាដែលមានស្ត្រី ដែលមានកុមារចាស់ជរាគឺត្រូវតែយកគាត់មកដាក់នៅកន្លែងណាដែលយើងអាចមើលថែគាត់បាន។ ដូច្នេះការដែលឲ្យដំណឹងឲ្យដឹងជាមុនប៉ុន្មានអាទិត្យដើម្បីឲ្យមានវិធានការរៀបចំហ្នឹងនោះ គឺជាការសំខាន់ណាស់»។
លោកក៏សង្កេតឃើញថាប្រជាពលរដ្ឋទូទៅនៅមានការខ្លាចរអា នៅពេលដែលលើកឡើងប្រាប់អាជ្ញាធរពីតម្រូវការផ្ទាល់រយៈពេលយូរដូចជាប្រឡាយទឹកសម្រាប់ស្រោចស្រពដំណាំនិងស្រូវស្រែរបស់គាត់ជាដើម។
«នៅពេលដែលជួបប្រទះនូវបញ្ហាក្រពះផ្ទាល់របស់គាត់ហ្នឹង គាត់ហ៊ាននិយាយជាមួយមេភូមិគាត់ហ៊ាននិយាយជាមួយនឹងមេឃុំ។ ហ្នឹងបើគាត់ជួបជាមួយនឹងបញ្ហាក្រពះរបស់គាត់ផ្ទាល់ក៏ប៉ុន្តែបើលើសពីហ្នឹងគាត់មានការខ្លាចរអាច្រើន»៕