បន្ទាប់ពីព្រះរាជក្រឹត្យចេញដោយព្រះមហាក្សត្រស្តីពីការរំលាយដែនជម្រកសត្វព្រៃពីរកន្លែងមានទំហំជាង១សែនហិកតា នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថា ការរំសាយនោះ គឺដើម្បីកែសម្រួលទំហំផ្ទៃដីដែលត្រូវអភិរក្សឡើងវិញ ក្រោយពេលប្រជាពលរដ្ឋបានទន្ទ្រានយក និងបង្កើតជាភូមិរួចមក។
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានត្រាស់បង្គាប់រំសាយដែនជម្រកសត្វព្រៃចំនួន២កន្លែង ក្នុងខេត្តក្រចេះ និងខេត្តបាត់ដំបង ដែលមានទំហំជាង១សែនហិកតា ទៅតាមការស្នើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែល VOA បានទទួលនៅថ្ងៃសុក្រ។
ក្នុងព្រះរាជក្រឹត្យស្តីពីការរំលាយដែនជម្រកសត្វព្រៃស្នួល ស្ថិតក្នុងខេត្តក្រចេះ និងការរំលាយដែនជម្រកសត្វព្រៃរនាមដូនសំ ស្ថិតក្នុងខេត្តបាត់ដំបង ដែលត្រូវបានឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ បញ្ជាក់ថា ព្រះមហាក្សត្រត្រាស់បង្គាប់រំសាយដែនជម្រកសត្វព្រៃចំនួនពីរ ដោយទ្រង់យល់សេចក្តីបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្រ្តី។
ក្នុងព្រះរាជក្រឹត្យនោះ ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់ក្នុងន័យដើមថា៖
«ត្រូវបានរំសាយដែនជម្រកសត្វព្រៃស្នូល ដែលមានផ្ទៃដីចំនួន៧៥០០០ហិកតាចេញពីព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលបានកំណត់តំបន់ការពារ។ ត្រូវបានរំសាយដែនជម្រកសត្វព្រៃរនាមដូនសំ ដែលមានផ្ទៃដីចំនួន៣៩៩៦១ហិកតា ចេញពីព្រះរាជក្រឹត្យ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៣ ដែលបានកែសម្រួលផ្ទៃដីតំបន់ដែនជម្រកសត្វព្រៃរនាមដូនសំ»។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រាប់ VOA នាល្ងាចថ្ងៃសុក្រនេះថា រដ្ឋាភិបាលសម្រេចស្នើឲ្យមានការរំលាយដែនជម្រកសត្វព្រៃទាំងពីរនោះគឺដោយសារតំបន់នេះប្រជាពលរដ្ឋបានទន្រ្ទានយកធ្វើជាកម្មសិទ្ធិ និងបានក្លាយទៅជាភូមិរួចទៅហើយ។ លោកបន្ថែមថា ការរំសាយនេះគឺដើម្បីកែសម្រួលទំហំផ្ទៃដីដែលត្រូវអភិរក្សឡើងវិញតែប៉ុណ្ណោះ។
លោក សាយ សំអាល់មានប្រសាសន៍ក្នុងន័យដើមថា៖
«ដោយសារថា វាមានការទន្ទ្រានយកដីហ្នឹងតាំងពីយូរឆ្នាំណាស់មកហើយ។ អាហ្នឹងរឿងមួយ។ រឿងទីពីរហ្នឹង កន្លែងខ្លះហ្នឹងក៏វាបាន....កាលយើងរៀបចំតំបន់ហ្នឹងនៅឆ្នាំ១៩៩៣ហ្នឹង កន្លែងខ្លះក៏មានភូមិមានអីនៅហ្នឹងដែរ។ ដូចរនាមដូនសំ កាលយើងរៀបចំឆ្នាំ១៩៩៣ នៅជាតំបន់ត្រួតត្រាដោយខ្មែរក្រហមនៅឡើយហ្នឹង។ ដល់ឥឡូវហ្នឹងយើងបានវាស់វែង កាត់ចេញនូវផលប៉ះពាល់ជាមួយប្រជាជនអស់ហើយហ្នឹង។ យើងក៏ឃើញ ក៏សម្រេចចិត្តថា វាមិនមាននៅសេសសល់ដូចការរៀបចំនៅលើក្រដាសហ្នឹងដែរ»។
បើតាមលោក សាយ សំអាល់ រហូតមកដល់ពេលនេះ ព្រៃតំបន់អភិរក្សដែលក្រសួងបាននិងកំពុងបន្តបង្កើត មានទំហំសរុបប្រមាណជា៧លានហិកតាកន្លះទូទាំងប្រទេសកម្ពុជា ដែលរួមមានព្រៃបម្រុង តំបន់ការពារទេសភាព ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិជាដើម៕