ក្រុមសម្ព័ន្ធក្រៅរដ្ឋាភិបាលចំនួនពីរដែលធ្វើការក្នុងបុព្វហេតុការពារសិទ្ធិពលរដ្ឋជនជាតិដើមភាគតិច បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យបើកការស៊ើបអង្កេតជាបន្ទាន់មួយ លើករណីផ្ទុះអាវុធដែលគួរឲ្យសង្ស័យទៅលើលោក វ៉ែន អៀត សកម្មជនជនជាតិភាគតិចជង ដើម្បីបើកឱកាសឲ្យសកម្មជនរូបនេះ អាចធ្វើសកម្មភាពការងារនិងការពារសហគមន៍ខ្លួនក្នុងតំបន់អារ៉ែងរបស់ខេត្តកោះកុងឡើងវិញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមសម្ព័ន្ធទាំងពីរដែល VOA ទទួលបាននៅសប្តាហ៍នេះ។
តាមការបញ្ជាក់របស់សម្ព័ន្ធជនជាតិដើមភាគតិចអាស៊ី (Asia Indigenous People Pact) និងសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា គឺលោក វ៉ែន អៀត ដែលជាប្អូនប្រុសបង្កើតរបស់លោកវ៉ែន វ៉ន សកម្មជនការពារតំបន់អារ៉ែងដែលធ្លាប់ត្រូវបានគេចាប់ដាក់ក្នុងពន្ធនាគារកាលពីពេលកន្លងមកផងដែរក្នុងសំណុំរឿងព្រៃឈើ។ លោក វ៉ែន អៀត ក៏ជាសកម្មជនដែលតស៊ូមតិប្រឆាំងការកាប់បំផ្លាញព្រៃឈើ និងការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់អារ៉ែង។
សេចក្តីថ្លែងការណ៍របស់ក្រុមសម្ព័ន្ធទាំងពីរនេះ បានពណ៌នាថា មានការបាញ់ប្រហារដ៏គួរឲ្យសង្ស័យមកលើ លោក វ៉ែន អៀត កាលពីថ្ងៃទី១២ ខែឧសភា គឺជាពេលដែលលោកបានវិលត្រឡប់ទៅនៅផ្ទះរបស់លោកវិញនៅក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
សេចក្តីថ្លែងការណ៍បន្តថា នៅមុនថ្ងៃកើតហេតុការណ៍បាញ់ប្រហារនោះ លោក វ៉ែន អៀត បានគេចពីផ្ទះទៅលាក់ខ្លួននៅទីមានសុវត្ថិភាពចំនួន១២ថ្ងៃ ពោលគឺក្រោយពេលលោកយកញត្តិទៅដាក់នៅក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីស្នើសុំការគាំទ្រឲ្យមានការបញ្ជាក់អត្តសញ្ញាណជនជាតិដើមភាគតិច ដែលជាតំណាក់កាលដំបូងនៃការស្នើសុំបណ្ណកម្មសិទ្ធិដីសហគមន៍។ បន្ទាប់ពីការដាក់ញត្តិនោះមក លោក វ៉ែន អៀត ទទួលបានការគំរាមសម្លាប់ពីលោក តិល ចាន់ ជាសមាជិកមួយរូបរបស់គណបក្សប្រជាជនកម្ពុជា។
លោកវ៉ែន អៀត ត្រូវបានស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍នោះថា ហេតុការណ៍បាញ់ប្រហារមកលើលោកនោះ បានធ្វើឲ្យលោកមានការភ័យភិតកាន់តែខ្លាំងចំពោះជីវិត និងសន្តិសុខរបស់លោក។
លោក វ៉ែន អៀត ត្រូវបានស្រង់សម្តីតាមន័យដើមថា៖
«ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងបារម្ភអំពីសនិ្តសុខផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំគិតថា លើកនេះ គេធ្វើខ្ញុំមិនបាន តែលើកក្រោយប្រហែលមិនអាចទេ។ ការវាយប្រហារនេះ មិនល្អសោះឡើយ ហើយខ្ញុំសុំទទូចដល់កងកម្លាំងប្រដាប់អាវុធ និងប៉ូលីសចាត់វិធានការក្នុងរឿងនេះ»។
បន្ថែមលើការអំពាវនាវរបស់លោកវ៉ែន អៀត អង្គការក្រៅរដ្ឋាភិបាលទាំងពីរខាងលើ គឺសម្ព័ន្ធជនជាតិដើមភាគតិចអាស៊ី (Asia Indigenous People Pact) និងសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាបានស្នើដល់រដ្ឋាភិបាលក្នុងន័យដើមថា៖ «យើងទទូចដល់ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិសហការគ្នាធ្វើការស៊ើបអង្កេត និងធានាថា ជនដែលទទួលខុសត្រូវចំពោះឧប្បតិ្តហេតុនេះ ត្រូវតែនាំមកឲ្យទទួលខុសត្រូវតាមច្បាប់។ ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជា ត្រូវតែគំាទ្រគោលបំណងរបស់សហគមន៍ជនជាតិដើមភាគតិចជង ដើម្បីធ្វើការជាមួយរដ្ឋាភិបាល ក្នុងកិច្ចការពារដីធ្លីរបស់ពួកគេ តាមនីតិវិធីច្បាប់ ពោលគឺការទទួលបានបណ្ណកម្មសិទ្ធិដីសហគមន៍»។
ក្រុមសម្ព័ន្ធទំាងពីរ បានបន្តទៀតថា «វាគួរតែមានការបញ្ឈប់ផងដែរនូវការធ្វើឲ្យមានទោសព្រហ្មទណ្ឌចំពោះមធ្យោបាយសន្តិវិធីនានានៃភាពសកម្មនៃអ្នកការពារបរិស្ថានជនជាតិដើមភាគតិចរបស់តំបន់អារ៉ែង និងបញ្ចប់ការរំលាយអភិបាលកិច្ចបែបប្រជាធិបតេយ្យ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកមិនទាន់បានដឹងច្បាស់ពីករណីនេះទេ ហើយបានស្នើឲ្យសួរទៅមន្ត្រីមានសមត្ថកិច្ចនៅមូលដ្ឋាន។
«ក្មួយ ក្មួយសួរទៅ ជួនកាលមូលដ្ឋានគេធ្វើកិច្ចការងារហ្នឹងហើយ មិនអាចដល់ក្រសួងបានវានៅ ក្មួយសួរទៅកោះកុងមើល»។
VOA ព្យាយាមសុំការអធិប្បាយពីលោក ស៊ឹម វ៉ារី អធិការនគរបាលស្រុកថ្មបាំង តែទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
លោក ហូរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង ថ្លែងថា លោក តិល ចាន់ ដែលគំរាមលោក វ៉ែន អៀត គឺជាជំទប់ទីមួយនៅឃុំជំនាប់របស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តថា លោក វ៉ែន អៀត បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋានអំពីការគំរាមរបស់លោក តិល ចាន់ តែអាជ្ញាធរគ្មានចាត់វិធានការ ហើយហេតុការណ៍ផ្ទុះអាវុធក៏បានកើតឡើង។ លោកលើកឡើងថា រដ្ឋាភិបាលត្រូវតែបើកការអង្កេតលើរឿងនេះ ព្រោះលោកវ៉ែន អៀតធ្លាប់ជាបេក្ខជនឃុំឈរលេខរៀងទីបីរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានគេរំលាយ ហើយក៏ជាសមាជិកគណៈកម្មការសហគមន៍ស្ទឹងអារ៉ែងផងដែរ។
«ចំពោះករណីនេះ ទោះបីជាវ៉ែន អៀត ហើយនិងឈ្មោះតិល ចាន់ហ្នឹង បានសម្របសម្រួលគ្នាបញ្ចប់ រឿងក៏ដោយ ប៉ូលិសត្រូវតែបើកការស៊ើបអង្កេត តើអ្នកណាជាអ្នកប្រព្រឹត្តរឿងហ្នឹង អ្នកណាជាអ្នកនៅពីក្រោយ ហើយមានអ្នកណាបានចូលរួម រួមខ្លះ? យើងឃើញហើយបន្ទាប់ពីមានការសម្របសម្រួលហើយ បញ្ចប់រឿងបានតែរយៈពេលបីថ្ងៃ ក៏មានករណីផ្ទុះអាវុធចឹងកើតឡើង ដែលធ្វើឲ្យគាត់ភ័យខ្លាច រហូតទាល់តែគាត់មានការគេចខ្លួន»។
ក្នុងសំណុំរឿងលោក វ៉ែន អៀត ដដែលនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើការកត់ត្រាទុកផងដែរ ហើយមជ្ឈមណ្ឌលនេះបានទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ដោយមានតម្លាភាព និងមិនលម្អៀងពីសំណាក់អាជ្ញាធរ ក៏ដូចជាចាត់វិធានការជាបន្ទាន់ដើម្បីធានានូវសុវត្ថិភាពរបស់លោក វ៉ែន អៀត ព្រមទាំងក្រុមគ្រួសាររបស់លោក៕