ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ទាម​ទារ​ប្រាក់​ខែ​គោល​២០៧​ដុល្លារ​សម្រាប់​កម្មករ


កម្មការិនីរោងចក្រទិញម្ហូបចម្អិនស្រាប់នៅទិដ្ឋភាពនៃបន្ទប់ស្នាក់នៅជួលរបស់កម្មកររោងចក្រនៅតំបន់ផ្លូវវេងស្រេង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ស៊ូ ពិសែន/VOA)
កម្មការិនីរោងចក្រទិញម្ហូបចម្អិនស្រាប់នៅទិដ្ឋភាពនៃបន្ទប់ស្នាក់នៅជួលរបស់កម្មកររោងចក្រនៅតំបន់ផ្លូវវេងស្រេង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ស៊ូ ពិសែន/VOA)

មេដឹកនាំ​សហជីព​​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ត្រៀម​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៧​ដុល្លារ ​ក្នុង​មួយ​ខែ​ដល់​កម្មករ​ ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

មេដឹកនាំ​សហជីពក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ត្រៀម​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៧​ដុល្លារ ​ក្នុង​មួយ​ខែ​ដល់​កម្មករ​ ដោយ​ផ្អែក​លើ​លទ្ធផល​នៃការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន២០៧​ដុល្លា​រនេះ​ គឺ​ខុស​ពី​ចំនួន​តួលេខ​ចាស់​១៧៧​ដុល្លារ​ដែល​មេដឹកនាំ​សហជីព​គ្រោង​ទាម​ទារ​កាល​ពីពេល​កន្លង​មក។​

លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ថ្លែង​ថា​ សហជីព​ឯករាជ្យ​ស្ទើ​តែ​ជិត​៨០​ភាគរយ​គ្រោង​នឹង​យក​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​២០៧​ដុល្លារ​នេះ​ ដើម្បី​ចចារ​ជាមួយ​និយោ​ជក​ ពី​ព្រោះ​តួលេខ​នេះ​ បាន​មក​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​សង្គម​សេដ្ឋកិច្ចចុង​ក្រោយ​មួយ​ដែល​អាច​ទុក​ចិត្ត​បាន។​

«យើង​ត្រូវ​យក​អាហ្នឹង​ទៅ​ យើង​រង់​ចាំ​តែ​ការ​ស្រាវ​ជ្រាវ​ហ្នឹង​ទេ​ ឥឡូវ​ យើង​ឃើញ​ហើយ​ការ​ស្រាវជ្រាវ​ហ្នឹង​ អញ្ចឹង​យើង​នឹងទៅយក​អា​លេខ​ហ្នឹង​ទៅ»។​ ​

មេដឹកនាំ​សហជីព​រូប​នេះ​ បាន​បញ្ជាក់​ផងដែរ​ថា​ ក្រុម​សហជីព​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ដើម្បី​កំណត់​ជំហរ​រួម​មួយ​រវាង​សហជីព​ឯករាជ្យ​ និង​សហជីព​ដែល​ទោ​រទន់​ទៅ​រក​រដ្ឋាភិបាល​។ការជួបប្រជុំ​គ្នានេះ ​មាន​គោល​បំណង​ធ្វើការ​សម្រេចយក​តួលេខ​២០៧​ដុល្លារ​នេះ​ ទៅជួប​ចចារ​ជា​មួយនិយោជក​នៅ​ពេល​ខាង​មុខ។

លទ្ធផល​បឋម​ដែល​បាន​មក​ពី​ការ​ស្ទាប​ស្ទង់​នៃ​តម្រូវការរបស់​កម្មករ​ចំនួន​៧៤៥​នាក់​ ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ DC Research​ បង្ហាញ​ថា​ ​ចំនួន​ពាក់​កណ្តាល​នៃ​កម្មករ​ទាំង​អស់នេះ​ ចង់​ទទួល​បាន​ប្រាក់​ឈ្នួល​២០៧,៥០​ដុល្លារ​ក្នុង​មួយ​ខែ។ លទ្ធផល​បឋម​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លងទៅ ហើយ​លទ្ធ​ផល​ស្រាវជ្រាវ​ពេញ​លេញ​របស់​ DC Research​នេះ ត្រូវ​គេរំពឹង​ថា​នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​សប្តាហ៍​នេះ។​

អ្នក​ស្រី​ឆេង ដានោ​ ប្រធាន​ស្តី​ទី​នៃ​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយណភណ្ឌ​កាត់​ដេរ​កម្ពុជា​ ឲ្យ​ដឹង​ថា​ តួលេខ​នេះ​ មិន​អាច​ជួយ​ឲ្យ​កម្មករ​រស់​នៅ​ដោយ​សម​រម្យ​នោះ​ទេ​ តែ​វាអាច​ជួយ​ឲ្យ​កម្មករ​រស់​បាន​មិន​ខ្វះ​មុខ​មិន​ខ្វះ​ក្រោយ​ ក្នុង​មួយ​ខែៗ។​

«ខាង​ជំហរ​ពួក​ខ្ញុំ​ គឺ​បើ​យើង​ស្រាវជ្រាវ​ឃើញ​ប៉ុណ្ណឹង​ហើយ​ យើង​ត្រូវ​ដាក់​ប៉ុណ្ណឹង​ ព្រោះ​ប៉ុណ្ណឹង​វា​មិន​មែន​ជា​ ជាការ​ចាយ​វាយ​សមរម្យ​ទេ​ អាហ្នឹង​នោះ​ គឺ​គាត់​ចាយវាយ​ប្រចាំ​ថ្ងៃ​និង​បច្ចុប្បន្ន​ ដែល​យើង​ស្រាវជ្រាវ​ឃើញ​ថា​គាត់​ចាយ​រាល់​ថ្ងៃ​ហ្មង​ ក្នុង​បច្ចុប្បន្ន​វា​មិន​មែនជា​រឿង​ដែល​ថា​អាហារ​សមរម្យ​អីគាត់ហូបដែល​ត្រូវ​កាឡូរី​ហ្នឹង​អត់​ទេ​»។​

អ្នក​ស្រី​បាន​សម្តែង​ក្តី​បារម្ភ​ ទាក់​ទិន​ការ​ចចារ​ទាមទារ​ឲ្យ​បាន​នូវ​ចំនួន​ ២០៧​ដុល្លា​រនេះ​ដែរ​ តែអ្នក​ស្រីថា​សហជីព​គ្មាន​ជម្រើស​ណា​ផ្សេង​ទៀត​នោះទេ។​ អ្នក​ស្រី​ថ្លែងថា​ ការ​ធ្វើ​យុទ្ធនាការ​នានា​នឹង​កើត​មាន​ ប្រសិន​បើ​និយោជក​មិន​អាច​បំពេញ​ការ​ទាម​ទារ​នេះ​ បាន។​

ទោះ​បី​ជាយ៉ាងណាក៏ដោយ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​កាលពី​ខែ​សីហា​ បានបង្ហាញ​ថា​ ថៅកែ​រោងចក្រ​កាត់​ដេរ​នៅតែ​រក្សា​ជំហរ​មិន​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម។​ ​លទ្ធផល​ស្ថាពរ​នៃ​ការ​ស្ទាប​ស្ទង់​ដដែលនេះ​បាន​បង្ហាញ​ថា​ ៦៦​ភាគរយ​នៃ​សមាជិក​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​មិន​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​នោះ​ទេ​ រីឯ២៧​ភាគរយ​នៃ​សមាជិកបោះ​ឆ្នោត​ដំឡើង​ពី​១​ដុល្លារ​ទៅ​៥​ដុល្លារ ​ហើយ​មានតែ​៤​ភាគរយ​នៃ​សមាជិក​ប៉ុណ្ណោះ បោះឆ្នោត​ដំឡើងពី​៦​ដុល្លារ​ដល់​១០​ដុល្លារ។​

លោកកាំង ម៉ូនីកា​ អគ្គ​លេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បានបញ្ជាក់​ថា​តួលេខ​២០៧​ដុល្លារ​នេះ​ មិន​មែន​ជា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ទេ​ ហើយ​ថា​តួលេខ​នេះ​គឺ​សំដៅ​លើ​ប្រាក់​សម្រាប់​ការរស់​នៅ។​ ក៏ប៉ុន្តែ​ លោក​ឲ្យ​ដឹង​ថា​ មេដឹកនាំ​សហជីព​អាច​យក​តួលេខ​នេះ​មក​ជជែក​គ្នា​ក្នុង​ពេល​ជួប​ចចារ។​

«ជា​សិទ្ធិ​របស់​ភាគី​ដាក់​លេខ​មក​ប៉ុន្មាន​ក៏បាន​ដែរ​។​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ គឺយើង​បាន​ព្រម​ព្រៀង​គ្នា​ហើយ​ គឺ​យើង​ពិនិត្យ​ទៅលើ​លក្ខណៈ​វិនិច្ឆ័យ​បែបសេដ្ឋកិច្ច​ និង​សង្គម គឺ​យើង​យក​ទាំង​ពីរ​ហ្នឹងមក​ ជាគោល​ជាមូលដ្ឋាន​សម្រាប់​ពិភាក្សា»។​ ​

VOA ពុំអាចទំនាក់​ទំនង​លោកហេង សួ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ទេ។

ឧស្សាហ​កម្មកាត់​ដេរ​បាន​ផ្តល់​ការងារ​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់​៦០០.០០០​នាក់។ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​មាន​ភាពចម្រូង​ចម្រាស​នៅ​ក្នុង​វិស័យ​នេះ​ ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​បាន​សមស្រប​ទៅ​នឹង​ការ​កើន​ឡើង​នូវ​ថ្លៃ​ទំនិញ​នានា​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​បន្ត​កើន​ឡើង​លឿន​ជាង​ប្រាក់​ខែ​កម្មករ។​

ការ​តវ៉ា​របស់​កម្មករ​ដើម្បី​ឲ្យ​មាន​ការ​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ខែ​មករា​ដើម​ឆ្នាំ​២០១៤​បាន​ប្រឈម​នឹង​ការ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​ពី​រដ្ឋាភិបាល​ ដែល​នាំឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំ​នាក់​បាន​ស្លាប់ ​និង​រាប់​សិប​នាក់​រង​របួសព្រម​ជាមួយ​នឹង​ការ​ចាប់​អ្នក​តវ៉ា​ដាក់​ពន្ធនាគារមួយ​ចំនួន​ថែម​ទៀត​ផង​។​

បន្ទាប់​ពី​មាន​ការ​តវ៉ា​ទាំង​នោះ​ រដ្ឋាភិបាល​បាន​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​ដល់​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ក្រុម​កម្មករ​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នូវ​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នា​ពេល​បច្ចុប្បន្ន។​

កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​ អប្បបរមា​ផ្នែក​វាយ​នភណ្ឌ​ កាត់​ដេរ​ និង​ផលិត​ស្បែក​ជើង​ សម្រាប់​ឆ្នាំ​២០១៦​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ដើម​ខែ​តុលា​ខាង​មុខ​នេះ។​ នេះ​បើយោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការងារ​ក្នុង​ពេល​កន្លង​មក​៕

XS
SM
MD
LG