សមាគមរោងចក្រកាត់ដេរនៅកម្ពុជាស្នើឲ្យកម្មករបង្កើនផលិតភាព បន្ទាប់ពីប្រាក់ឈ្នួលរបស់កម្មករបានឡើងដល់១៤០ដុល្លារ។ ប៉ុន្តែមេដឹកនាំសហជីពថ្លែងថា និយោជកទៅវិញទេដែលមានការទទួលខុសត្រូវធំជាងកម្មករក្នុងការបង្កើនផលិតភាព។
តំណាងនិយោជកនៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងបានជំរុញឲ្យកម្មករនៅក្នុងឧស្សាហកម្មនេះបង្កើនផលិតភាពដើម្បីទប់ទល់នឹងការចំណាយលើប្រាក់ឈ្នួលដែលនឹងកើនឡើង។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហើយកាត់ថា GMAC ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
សេចក្តីអំពាវនាវរបស់និយោកជកនេះកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកំណត់ជាផ្លូវការនូវប្រាក់ឈ្នួលអប្បរមា ដែលបានដំឡើងពី១២៨ដុល្លារដល់១៤០ដុល្លារក្នុងមួយខែ បើទោះជាមានការមិនពេញចិត្តពីក្រុមសហជីពឯករាជ្យក៏ដោយ។
លោក ខេន លូ អគ្គលេខាធិការរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖
«ប្រាក់ឈ្នួលគឺជាចំណាយប្រតិបត្តិការដ៏ធំមួយសម្រាប់រោងចក្រកាត់ដេរ។ ឥឡូវនេះ យើងត្រូវមើលថា ភាគីទាំងអស់ ទាំងអ្នកបញ្ជាទិញ ដោយផ្តោតលើការបង្កើនផលិតភាពការងារ ដើម្បីជួយទប់ទល់នឹងចំណាយដែលកើនឡើង ទើបអាចរក្សារោងចក្រឲ្យបន្តទៅមុខបាន»។
ការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីដែលនឹងធ្វើឡើងនៅដើមខែមករាខាងមុខនេះ បានទទួលអន្តរាគមន៍ពីលោកហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានឥទិ្ធពល ដោយលោកបានបញ្ជាឲ្យបន្ថែម៥ដុល្លារទៀតទៅលើប្រាក់ឈ្នួលត្រឹមតែ១៣៥ដុល្លារដែលបានកំណត់ដោយក្រុមប្រឹក្សាការងារ។
គណបក្សរបស់លោកហ៊ុន សែនហៀបចាញ់ការបោះឆ្នោតសភានៅឆ្នាំ២០១៣។ ការបោះឆ្នោតសភាលើកក្រោយត្រូវបានគ្រោងធ្វើឡើងនៅឆ្នាំ២០១៨ ហើយគណបក្សកាន់អំណាចត្រូវតែលើកស្ទួយកិត្យានុភាពរបស់ខ្លួនក្នុងចំណោមពួកកម្មករកាត់ដេរ ដែលភាគច្រើនជាស្រ្តីក្មេងៗ ដែលជាប្រពៃណីគាំទ្រគណបក្សប្រឆាំង។ កម្មការិនីភាគច្រើនចែករំលែកប្រាក់ឈ្នួលរបស់ពួកគេជួយឧបត្ថម្ភក្រុមគ្រួសារក្នុងតំបន់ទីជនបទ។
ទោះណាជាប្រាក់ឈ្នួលអប្បបរមានេះត្រូវបានដំឡើងដល់១៤០ដុល្លារក្តី ក្រុមសហជីពឯករាជ្យតូចធំនៅក្នុងប្រទេសកម្ពុជា មិនបានត្រេកអរចំពោះការដំឡើងនេះទេ។ មេដឹកនាំសហជីពទាំងនោះនិយាយថា ការបង្កើនផលិតភាពមិនមែនជាបន្ទុកទាំងស្រុងរបស់កម្មករទេគឺវាជាការទទួលខុសត្រូវរបស់ភាគីនិយោជក និងរដ្ឋាភិបាលផងដែរ។ ពួកគេថា ការដំឡើងប្រាក់ឈ្នួលដែលនៅមានចំនួនតិចនេះគឺជាផ្នែកមួយនៃការមិនអាចធ្វើឲ្យមានការបង្កើនផលិតភាពកាន់តែច្រើនទៅវិញ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងប្រាប់ VOA ថា និយោជកមានចំណែកនៃការទទួលត្រូវ៩០%នៅក្នុងការបង្កើនផលិតភាព។ លោកបញ្ជាក់ថា៖
«មានន័យថា បច្ចុប្បន្ននេះកម្មកររបស់យើងប្រាក់ខែតិច។ នៅពេលដែលប្រាក់ខែតិច គាត់ធ្វើការច្រើនម៉ោង គាត់អស់សង្ឃឹម។ គាត់ធ្វើការយូរទៅនៅសល់តែជំងឺ។ គាត់ជំពាក់លុយគេច្រើន។ ហើយអ្នកខ្លះហ្នឹង កិច្ចសន្យាខ្លីៗដែលនិយោជកប្រើរាល់ថ្ងៃហ្នឹង ធ្វើឲ្យគាត់ហ្នឹងគឺថា មិនមានកម្លាំងចិត្តក្នុងការបង្កើនជំនាញ ឬមិនក៏ចង់ធ្វើការដោយយកចិត្តទុកដាក់ច្រើនប៉ុន្មានទេ ដោយសារតែឧបសគ្គទាំងអស់ ដែលនិយោជកធ្វើមកហ្នឹង»។
លោកបន្ថែមថា កង្វះខាតជំនាញច្បាស់លាស់ សីលធម៌របស់អ្នកគ្រប់គ្រងនៅក្នុងរោងចក្រ និងការធ្វើបាបកម្មករដោយការប្រើកិច្ចសន្យាការងារខ្លីៗ គួបផ្សំនិងការប្រើប្រាស់ឧបករណ៍ និងម៉ាស៊ីនចាស់ៗនៅក្នុងរោងចក្រគឺជាឧបសគ្គសំខាន់ផងដែរ ដែលនាំឲ្យរោងចក្រមិនអាចបង្កើនផលិតភាពបានច្រើនសម្រាប់ឧស្សាហកម្ម ដែលមានភាពចម្រូងចម្រាស់នេះ។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា យល់ឃើញស្រដៀងគ្នានឹងការលើកឡើងរបស់លោកអាត់ ធន់។ អ្នកស្រីនិយាយថា៖
«វាដូចជាមិនមែនជាការទទួលខុសត្រូវរបស់កម្មករតែម្នាក់ទេ។ អ្នកទទួលខុសត្រូវខ្ពស់បំផុតគឺនិយោជក ឬក៏ប្រធានផ្នែកក្រុម ប្រធានផ្នែកចិនដែលគាត់ជាអ្នកគ្រប់គ្រងកម្មករ ពីព្រោះពួកគាត់ជាអ្នកដើរតួនាទីជាអ្នកបង្រៀនកម្មករនៅក្នុងការធ្វើការងារ ដើម្បីធ្វើឲ្យផលិតភាពដើរទៅមុខ។ អញ្ចឹងពួកគាត់រួមចំណែកសំខាន់ណាស់ក្នុងការដែលធ្វើឲ្យពួកគាត់ កម្មករដំណើរការទៅមុខអីអញ្ចឹង តាមរយៈបច្ចេកទេស ដែលគាត់បានបង្រៀនទៅកម្មករ។ អញ្ចឹងខ្ញុំគិតថា ចំណែកធំបំផុត នៅក្នុងការទទួលខុសត្រូវហ្នឹងគឺពួកគាត់ជាអ្នកគ្រប់គ្រងហ្នឹង។ ហើយកម្មករគ្រាន់តែទទួលខុសត្រូវមួយផ្នែកតូចទេ»។
អ្នកស្រីបានបន្ទោសថា ថៅកែរោងចក្រមិនបានពង្រឹងបរិយាកាសក្នុងកន្លែងធ្វើការឲ្យបានល្អប្រសើរសម្រាប់កម្មករទេ។ ជាញឹកញាប់ចំនួនកម្មករដួលសន្លប់នៅតាមរោងចក្របានកើនឡើង ហើយថា ក្រសួងការងារក៏ពុំទាន់បានធ្វើការដិតដល់នៅក្នុងការចុះទៅពិនិត្យបរិយាកាស និងបញ្ហាការងារ នៅទីកន្លែងធ្វើការផងដែរ។ អ្នកស្រីសង្កត់ធ្ងន់ថា ថៅកែរោងចក្រច្រើនតែបង្ខំក្រុមកម្មករឲ្យធ្វើការលើសផែនការការងារដែលបានកំណត់ នៅក្រោយពេលកម្មករទទួលបានការដំឡើងប្រាក់ឈ្នួល។
«ខ្ញុំប្រៀបធៀបឆ្នាំមុន ឆ្នាំមុនខ្ញុំ ឧទាហរណ៍ថា គេដាក់គោលដៅឲ្យកម្មករមួយក្រុមអញ្ចឹង ត្រូវធ្វើខោអាវឲ្យបានប្រាំរយខោអាវ។ ខ្ញុំឧទាហរណ៍អញ្ចឹងទៅចុះ។ ប៉ុន្តែនៅពេលដែលមានការឡើងប្រាក់ឈ្នួលភ្លាមគឺការកំណត់គោលដៅហ្នឹងគឺលើសរហូតដល់៧០០អញ្ចឹងទៅចុះ លើស២០០ទៀត។ ហើយយើងសួរកម្មករគាត់តវ៉ាអញ្ចឹងទៅ គាត់សួរមូលហេតុអីបានជាអ្នកឯងដំឡើងគោលដៅខ្ពស់ម្ល៉េះ? គេថា អូ! ប្រាក់ឈ្នួលឡើងដែរ រឿងអីមិនឲ្យគេឡើង? រឿងហ្នឹងវាអញ្ចឹង។ ហើយស្ថានភាពហ្នឹង យើងជួបប្រទះនៅពេលឆ្នាំមុន។ ហើយអញ្ចឹងយើងឃើញថា ឆ្នាំនេះ យើងឃើញថា នឹងមានបញ្ហាហ្នឹងកើតឡើងទៀត ក្រោយការចរចាប្រាក់ឈ្នួលបានបញ្ចប់»។
មេដឹកនាំសហជីពទាំងពីរថ្លែងថា ពួកគេនៅបន្តការតស៊ូមតិក្នុងការទាមទារអត្ថប្រយោជន៍បន្ថែមទៀតដល់ក្រុមកម្មករ ពីព្រោះពួកគេយល់ថា ប្រាក់ឈ្នួលដែលទើបបានឯកភាពថ្មីៗនេះ មិនទាន់ជួយកម្មករឲ្យរស់នៅបានសមរម្យនៅឡើយនោះទេ ហើយប្រាក់ឈ្នួលដ៏តិចតូចនេះមិនអាចនាំឲ្យមានការបង្កើនផលិតភាពបានច្រើនដូចដែលនិយោជកទាមទារនោះដែរ។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រកាលពីថ្ងៃច័ន្ទថា ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាគឺខ្ពស់ជាងប្រាក់ឈ្នួលនៅប្រទេសភូមា ឡាវ និងបង់ក្លាដេស ដែលកម្មករទទួលបាន តែ៦៧ដុល្លារ ៨០ដុល្លារ និង៧៥ដុល្លារប៉ុណ្ណោះ។ លោកថា ប្រាក់ឈ្នួលនៅប្រទេសឥណ្ឌា និងប្រទេសណេប៉ាល់ក៏នៅទាបជាងកម្ពុជាផងដែរ។
VOA មិនអាចទាក់ទងលោកហេង សួ អ្នកនាំពាក្យក្រសួងការងារបានទេ ដោយទូរស័ព្ទរបស់លោករោទិ៍តែគ្មានអ្នកទទួល។
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់គឺជាសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដោយសារកម្ពុជានាំចេញសម្លៀកបំពាក់ដល់ទៅ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដែលបង្កើតការងារដល់មនុស្សជាង៧០ម៉ឺននាក់ជាស្ត្រី។ កម្ពុជានាំចេញមួយភាគធំនៃផលិតផលសម្លៀកបំពាក់របស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕