សមាគមរោងចក្រកាត់ដេរកម្ពុជាបាននិយាយថា យ៉ាងហោចណាស់មានរោងចក្រ១៥ដែលបានផ្អាកការងារកម្មករ ដោយសារតែមិនមានការបញ្ជាទិញនៅពេលដែលមេដឹកនាំសហជីពនិយាយថា ពួកគេនឹងទាមទារប្រាក់ឈ្នួលអប្បបរមាឲ្យខ្ពស់ជាងមុន។
វិស័យឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជាគឺជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយដែលផ្តល់ការងារដល់ប្រជាជនយ៉ាងហោចណាស់៦០០.០០០នាក់។ ប៉ុន្តែវិស័យនេះបានជួបប្រទះនឹងភាពចលាចលនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារមានកម្មករជាច្រើនបានទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលដើម្បីរក្សាលំនឹងជីវភាពទប់ទល់ជាមួយនឹងចំណាយការកើនឡើង។ ការចរចាប្រាក់ឈ្នួលជាបន្តបន្ទាប់ទៀតនឹងកើតមានឡើងនៅក្នុងខែនេះ។
ម្ចាស់រោងចក្របាននិយាយថា ភាពចលាចល និងការចំណាយខ្ពស់ជាងមុននឹងធ្វើឲ្យអតិថិជនធំៗគឺក្រុមហ៊ុនបញ្ជាទិញទៅបញ្ជាទិញពីរោងចក្រនៅប្រទេសផ្សេង។ លោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា បាននិយាយថា ជារៀងរាល់ឆ្នាំរោងចក្រមួយចំនួនផ្អាកការងារកម្មករ «ប៉ុន្តែមិនទាន់មានច្រើនទេ»។ លោកខេន លូបាននិយាយថា ការធ្លាក់ចុះក្នុងការបញ្ជាទិញគឺជាមូលហេតុចម្បងនៃការផ្អាកនេះ។
លោកបាននិយាយថា៖ «យើងព្រួយបារម្ភអំពីបញ្ហានេះតាំងពីឆ្នាំមុនម្ល៉េះ។ សហជីពមិនជឿយើងទេ»។
ទន្ទឹមនឹងនោះ មេដឹកនាំសហជីពបានប្រកាសកាលពីថ្ងៃច័ន្ទថា ពួកគេគ្រោងនឹងចរចាទាមទារប្រាក់ឈ្នួលអប្បបរមាដែលខ្ពស់ជាងកាលពីមុន។ យោងតាមលទ្ធផលនៃការស្រាវជ្រាវទៅលើការចាយវាយក្នុងការរស់ សហជីពជំរុញឱ្យប្រាក់ខែអប្បបរមាឡើងពី១២៨ដុល្លារទៅ១៧៧ដុល្លារថ្មីៗនេះ។ ប៉ុន្តែឥឡូវនេះពួកគនឹងជំរុញឲ្យប្រាក់ខែនេះឡើងដល់២០៧ដុល្លារក្នុងមួយខែ។
លោកស្រី ឈាង ធីតា តំណាងកម្មករនៅរោងចក្រតៃគី ដែលផលិតសម្លៀកបំពាក់សម្រាប់ហាង Armani និយាយថា កម្មករប្រហែល៥០០ធ្វើការក្នុងរោងចក្រនេះ ត្រូវបានក្រុមហ៊ុនផ្អាកការងារចាប់តាំងពីថ្ងៃទី១៥ខែកក្កដា។
គាត់និយាយថា៖ «នេះគឺជាឆ្នាំដំបូងដែលរោងចក្រផ្អាកការងារកម្មករ»។
គាត់បាននិយាយថា ថ្នាក់ដឹកនាំរោងចក្របានប្រាប់កម្មករថា ការផ្អាកនេះមិនមែនដោយសារមានការបង្ហោះរូបភាពលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីការដួលសន្លប់របស់កម្មករនោះទេ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បាននិយាយថា មានរោងចក្រច្រើនដែលផ្អាកការងារកម្មករ ជាពិសេសសម្រាប់ខែសីហា ដែលគួរតែជារដូវដែលការបញ្ជាទិញកើនឡើង។
លោកបាននិយាយថា កន្លងមកការព្យួរការងាររបស់កម្មករ ឬបិទរោងចក្រកើតមានដោយសារការគ្រប់គ្រងមិនល្អ មិនមែនមកពីការបញ្ជាទិញតិចទេ។ លោកបានបន្ថែមថា លោកមានការព្រួយបារម្ភថា ការផ្អាកការងារកម្មករពេលបច្ចុប្បន្នអាចជាយុទ្ធសាស្រ្តរបស់រោងចក្រដើម្បីទប់ទល់នឹងការទាមទារបង្កើនប្រាក់ឈ្នួលអប្បបរមា។ លោកបានអំពាវនាវឲ្យអ្នកបញ្ជាទិញ«បង្ហាញប្រាប់កម្មករថា ពួកគេចង់ឲ្យរោងចក្រផ្តល់ខែសមរម្យដល់កម្មករ»។
អ្នកស្រី វ៉ា គន្ធា ជាបុគ្គលិកមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ហើយដែលបានប្រមូលតួលេខរោងចក្រដែលផ្អាកការងារកម្មករ បាននិយាយថា អ្នកស្រីបានមើលឃើញថា មានរោងចក្រច្រើនឡើងបានផ្អាកការងារកម្មករសប្តាហ៍ចុងក្រោយនេះ។ ប៉ុន្តែអ្នកស្រីបាននិយាយថា អ្នកស្រីបាននិយាយជាមួយរោងចក្រប្រហែលតែ៥ភាគរយប៉ុណ្ណោះនៃចំនួនរោងចក្រសរុបនៅក្នុងប្រទេសកម្ពុជា ដូច្នេះអ្នកស្រីគិតថា ចំនួនរោងចក្រផ្អាកការងារកម្មករអាចមានច្រើនជាងចំនួនដែលអ្នកស្រីបានដឹង។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បាននិយាយថា កម្មករនៅតែត្រូវការការដំឡើងប្រាក់ខែ បើទោះជាមានការផ្អាកនេះក៏ដោយ។
«យើងមិនអាចនៅស្ងៀមបាន»៕