ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​អំពី​ដំរី​នៅ​ស្រីលង្កា​បង្ហាញ​ពី​ចំណង​ខាង​សង្គម​និង​ជំនាញ​ខាង​ការ​ទាក់​ទង​គ្នា​


ការ​សិក្សា​អំពី​ដំរី​នៅ​ស្រីលង្កា​បង្ហាញ​ពី​ចំណង​ខាង​សង្គម​និង​ជំនាញ​ខាង​ការ​ទាក់​ទង​គ្នា​
ការ​សិក្សា​អំពី​ដំរី​នៅ​ស្រីលង្កា​បង្ហាញ​ពី​ចំណង​ខាង​សង្គម​និង​ជំនាញ​ខាង​ការ​ទាក់​ទង​គ្នា​

អ្នក​វិទ្យាសាស្រ្ត​មាន​ការ​ស្ញប់​ស្ញែង​ជា​យូរ​មក​ហើយ​ជា​មួយ​ឥរិយាបថ​ខាង​សង្គម​ និង​ជំនាញ​ខាង​ទំនាក់​ទំនង​របស់​សត្វ​ដំរី​ព្រៃ។​ សត្វ​ដំរី​មាន​ភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ សម្រាប់​ជីវសាស្ត្រ​វិទូ​វ័យ​ក្មេង​ជាតិ​អាមេរិកាំង​ ដែល​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដើម្បី​សិក្សា​អំពី​ហ្វូង​ដំរី​ព្រៃ​អាស៊ី ​នៅ​ក្នុង​ប្រទេស​សិរីលង្កា​ (Sri Lanka)។​ ជីវសាស្រ្តវិទូ​ទាំង​នេះ​កំពុង​ជួយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​អំពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​សត្វ​ដំរី​អាស៊ី​ នៅ​ក្នុង​ប្រព័ន្ធ​បរិស្ថាន​ព្រៃ​ឈើ​ និង​ទំនាក់​ទំនង​ដ៏​ស្មុគស្មាញ​របស់​សត្វ​ទាំង​នេះ​ជា​មួយ​មនុស្ស។

អ្នក​ណា​ដែល​ចាត់​ទុ​ក​ដំរី​ថា​ជា​សត្វ​មាន​មាឌ​ធំ​នៅ​ឯកោ​និង​ទន់​ភ្លន់​ ហើយ​ដើរ​ចុះឡើង​យ៉ាង​ស្ងៀម​ស្ងាត់​នៅ​ក្នុង​របង​សួន​សត្វ​របស់​វា​ អាច​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​រយៈ​ចម្ងាយ​និង​កម្លាំង​នៃ​សម្លេង​ស្រែក​ហៅ​រក​គ្នា​យ៉ាង​ចម្លែក​របស់​វា​នៅ​ក្នុង​ព្រៃ។

លោក​ស្រី​ ស្សឺម៉ីន​ ឌឺស៊ីលវ៉ា​ (Shermin​ de​ Silva)​ ជីវសាស្រ្ត​វិទូ​នៃ​សាកល​វិទ្យាល័យ​ផិនស៊ីលវេនៀ​ (University​ of​ Pennsylvania)​ កំណត់​អត្តសញ្ញាណ​សម្លេង​ពិសេស​មួយ​ក្នុង​ចំណោម​សម្លេង​១៤​ ដែល​លោក​ស្រី​និង​សហការី​របស់​លោក​ស្រី​បាន​ថត​ កាល​ពី​៦​ឆ្នាំ​មុន​ នៅ​ក្នុង​ឧទ្យាន​ជាតិ​ អ៊ូដា​ វ៉ាឡាវី​ (Uda​ Walawe​ National​ Park)​ របស់​ប្រទេស​ស្រីលង្កា​ ថា​ជា​សម្លេង​«ត្រែ»។

«ជា​ការ​ពិត​ណាស់​ សម្លេង​ត្រែ​នេះ​ត្រូវ​បាន​បន្លឺ​ឡើង​ក្នុង​ពេល​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត។​ ដូច្នេះ ​សម្លេង​ត្រែ​គឺ​ជា​សម្លេង ​ដែល​មិន​សប្បាយ​ចិត្ត​ណា​មួយ​ហើយ។​ សត្វ​ដំរី​ទាំង​នោះ​អាច​រំភើប​ចិត្ត​ឬ​បាក់​ទឹក​ចិត្ត។​ ប៉ុន្តែ​ក្រៅ​ពី​សម្លេង​ត្រែ​ ដំរី​អាស៊ី​បន្លឺ​សម្លេង​ពិសេស​មួយ​ទៀត​ ដែល​ខ្ញុំ​ហៅ​ថា​«សម្លេង​ង៉ឺតៗ»។

«សម្លេង​ង៉ឺតៗ​នេះ​ហាក់​ដូច​ជា​បន្លឺ​ឡើង​នៅ​ពេល​មាន​ហេតុការណ៍​ប្រកាស​អាសន្ន​និង​ក្នុង​ហេតុ​ការណ៍​នៃ​ការ​ព្រម​ចុះ​ចាញ់។​ ដូច្នេះ​នៅ​ពេល​ដែល​ដំរី​កំពុង​រត់​គេច​ចេញ​ពី​គូ​បដិបក្ខ​ ឬ​ក្នុង​ករណី​ខ្លះ​គេច​ចេញ​ពី​មនុស្ស​ ហើយ​ត្រូវ​បំភ័យ​ដោយ​សារ​មនុស្ស​ ឬ​ឆ្កែ​ព្រៃ​ ឬ​ការ​គំរាម​កំហែង​ដែល​បាន​ដឹង​ជា​មុន​ ដំរី​ទាំង​នេះ​ក៏​នឹង​បន្លឺ​សម្លេង​យ៉ាង​វែង​អន្លាយ​មួយ​បែប​ដែល​យើង​ហៅ​ថា​ ជា​សម្លេង​ញ៉េចៗ»។

ជា​រឿយៗ​ កូន​ដំរី​អាស៊ី​បញ្ចេញ​សម្លេង​រោទិ៍​ឡើង​យ៉ាង​វែង​ម្យ៉ាង​ នៅ​ពេល​ពួក​វា​កំពុង​បៅ​ដោះ​ម្តាយ​ ឬ​នៅ​ពេល​ដែល​ពួក​វា​ចង់​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។

«សត្វ​ដំរី​ក៏​នឹង​បញ្ចេញ​សម្លេង​រោទិ៍​យ៉ាង​វែង​ដែរ​ នៅ​ពេល​ដែល​ពួក​វា​បែក​ចេញ​ពី​គ្នា។​ហើយ​អ្នក​អាច​ឃើញ​សត្វ​ដំរី​រោទិ៍​ នៅ​ពេល​ដែល​ពួក​វា​ព្យាយាម​ស្វែង​រក​ដៃ​គូ​សង្គម​ គឺ​ញី​ឈ្មោល​របស់​វា​ដែរ។​ តើ​យើង​ចង់​មាន​ន័យ​ថា​យ៉ាង​ម៉េច​ នៅ​ពេល​ដែល​យើង​និយាយ​ថា​ សត្វ​មួយ​នេះ​ជា​សត្វ​និយម​សង្គម?​ ហើយ​នោះ​គឺ​ជា​សំណួរ​ដ៏​ធំ​មួយ»។

លោក​ស្រី​ ឌឺស៊ីលវ៉ា​ ថ្លែង​ថា​ ជីវិត​សង្គម​របស់​ដំរី​អាស្រ័យ​ទៅ​លើ​ឥរិយាបថ​នៃ​ចំណង​ទាក់​ទង​ផ្សេងៗ​គ្នា​របស់​ដំរី​ញី។​ ខណៈ​ដែល​ដំរី​ញី​មួយ​ចំនួន​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​ពី​«ដៃគូ»​សំណប់​មួយ​ទៅ​ដៃ​គូ​មួយ​ផ្សេង​ ដំរី​ដទៃ​ទៀត​អាច​នៅ​លេង​ជាមួយ​ដៃ​គូ​មួយ​ក្រុម​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ ​ឬ​ច្រើន​សប្តាហ៍​ ប៉ុន្តែ​តែង​ត្រឡប់​ទៅ​រក​«មិត្ត​ភក្តិ»​សំណប់​ចិត្ត​របស់​ខ្លួន​វិញ​ជា​និច្ច។​ លោក​ស្រី​ ឌឺស៊ីលវ៉ា​ បាន​សង្កេត​ឃើញ​ដំរី​មួយ​គូ ដែល​ក្រុម​គាត់​ដាក់​ឈ្មោះ​ថា​ កាម៉ាឡា​ (Kamala)​ និង​កានធី​ (Kanthi)​ ដែល​ស្ទើរ​តែ​មិន​ដែល​បែក​ចេញ​ពី​គ្នា​ទាល់​តែ​សោះ។

«នៅ​ពេល​ខ្ញុំ​និយាយ​ថា​ ដំរី​ញី​ជា​«មិត្ត​ភក្តិ»​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ពួក​វា​ពិត​ជា​មាន​ជម្រើស​យ៉ាង​សកម្ម​នៅ​ក្នុង​កន្លែង​ដែល​ពួក​វា​នឹង​ត្រូវ​ទៅ។​ ដូច្នេះ​ ពួក​វា​អាច​ជ្រើស​រើស​ថា​តើ​ត្រូវ​ទៅ​ជា​មួយ​ដំរី​ណា​មួយ​ឬ​មិន​ទៅ​ បើ​ទោះ​ជា​ជម្រើស​នោះ​ហាក់​ដូច​ជា​មិន​អាច​ឃើញ​ច្បាស់​ចំពោះ​យើង​ក៏​ដោយ​ ពិព្រោះ​អ្វី​ដែល​យើង​បាន​មើល​ឃើញ​នោះ​គឺ​ ពួក​វា​ដើរ​ស៊ី​ស្មៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តែ​ប៉ុណ្ណោះ។​ តាម​ការ​យល់​ពីមុនៗ​មក​អំពី​ឥរិយាបថ​របស់​សត្វ​ នៅ​ពេល​ដែល​បុគ្គល​ពីរ​នាក់​នៅ​ជាមួយ​គ្នា​ក្នុង​កន្លែង​មួយ​ ហើយ​ពួក​គេ​នៅ​ជា​មួយ​គ្នា​ជា​ញឹក​ញាប់​ ជាង​ការ​រំពឹង​ទុក​របស់​លោក​អ្នកថា​ដោយ​ចៃដន្យ​នោះ​ លោក​អ្នក​នឹង​មាន​ហេតុផល​ដ៏​សមរម្យ​ក្នុង​ការ​គិត​ថា​ ពួក​គេ​ចូល​ចិត្ត​គ្នា»។

ផ្ទុយ​ទៅ​វិញ​ ដំរី​ឈ្មោល​វ័យ​ចំណាស់​ច្រើន​តែ​«ដើរ​តែ​ឯងៗ»។​ ជា​រឿយៗ​ ដំរី​វ័យ​ជំទង់​ព្យាយាម​រស់​នៅ​ក្នុង​បរិវេណ​ជិត​ៗ​ជា​មួយ​ដំរី​វ័យ​ចំណាស់​បើ​ទោះ​ជា​មាន​ទំនាក់​ទំនង​តិច​តួច​ឬ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ក៏​ដោយ។

«ដំរី​អាហ្វ្រិក​អាច​ទទួល​ការ​យល់​ដឹង​ខ្លះៗ​ តាម​រយៈ​ការ​ដើរ​តាម​ដំរី​ឈ្មោល​វ័យ​ចំណាស់​ទាំង​នេះ។​ ពួក​វា​យល់​ដឹង​ពី​កន្លែង​របស់​ខ្លួន​ស្រប​ទៅ​តាម​លំដាប់​ថ្នាក់​ ហើយ​ជា​អកុសល​ មាន​ឧបទ្ទវហេតុ​មួយ​ចំនួន​ដែល​ដំរី​ឈ្មោល​វ័យ​ជំទង់​ ដែល​គ្មាន​ការ​នាំ​ផ្លូវ​ពី​ដំរី​ឈ្មោល​ចាស់ៗ​ឬ​ដំរី​ញី ​បាន​ក្លាយ​ទៅ​ជា​ហិង្សា​ និង​មាន​ការ​ប៉ះ​ទង្គិច​ខាង​ផ្លូវ​ចិត្ត»។​ លោក​ស្រី​ ឌឺស៊ីលវ៉ា​ ថ្លែង​ថា​ ចំណុច​ផ្តោត​មួយ​ទៀត​ក្នុង​ការ​ស្រាវ​ជ្រាវ​របស់​លោក​ស្រី ​គឺ​ថា​តើ​ដំរី​ទាំង​នេះ​ផ្តល់​ផល​ល្អ​ដល់​បរិស្ថាន​នៅ​សិរីលង្ការ​យ៉ាង​ដូច​ម្តេច​ខ្លះ។​ ដំរី​ធ្វើ​ឲ្យ​ដី​ផុស​ដោយ​ប្រើ​ភ្លុក​របស់​ពួក​វា​ ហើយ​ជីក​ថ្លុក​ធំៗ​ដែល​ទឹក​ក្នុង​ថ្លុក​នោះ​អាច​ប្រើ​ប្រាស់​បាន។​ ដំរី​ទាំង​នោះ​ក៏​អាច​គាស់​រំល៉ើង​ដើម​ឈើ​ និង​ដាំ​គ្រាប់​ធញ្ញជាតិ​តាម​រយៈ​លាមក​របស់​ពួក​វា​ដែរ។​ ហើយ​បើ​ទោះ​ជា​ដំរី​អាច​មាន​ជម្លោះ​ជា​មួយ​មនុស្ស​ ប្រសិន​បើ​ពួក​វា​បំផ្លាញ​ឬ​ជាន់​ឈ្លី​ផល​ដំណាំ​ក៏​ដោយ​ ក៏​លោក​ស្រី​ឌឺស៊ីលវ៉ា​ មាន​ប្រសាសន៍​ថា​ សកម្មភាព​របស់​ពួក​វាអាច​ផ្តល់​ផល​ប្រយោជន៍​មិន​ចំពោះ​ដល់​មនុស្ស​ផង​ដែរ។

«ប្រសិន​បើ​គ្មាន​ដំរី​ដើរ​ចុះ​ឡើងៗ​ ហើយ​រាយ​គ្រាប់​ធញ្ញជាតិ​ទាំង​នោះ​ទេ​ វា​នឹង​គ្មាន​ដើម​ឈើ​ទេ​ ហើយ​ប្រសិន​បើ​គ្មាន​ដើម​ឈើ​ដែល​រីក​លូត​លាស់​ដើម្បី​ស្រូប​ទឹក​និង​បង្កើត​ជា​ដុំ​ពពក​ទេ​ ដូច្នេះ​ប្រការ​នោះ​អាច​ប៉ះពាល់​ដល់​ធន​ធាន​ទឹក។​ ទាំង​នេះ​គឺ​ជា​អន្តរ​សកម្មភាព​មិន​ផ្ទាល់​និង​មាន​រយៈពេល​វែង​ ប៉ុន្តែ​វា​ជា​អន្តរ​សកម្មភាព​ដ៏​មាន​សារៈសំខាន់​ណាស់»។

លោក​ស្រី​ ស្សឺម៉ីន​ ឌឺស៊ីលវ៉ា​ កត់​សម្គាល់​ថា​ ការ​បរបាញ់​សត្វ​ដោយ​ខុស​ច្បាប់​ ការ​បំពាន​ទៅ​លើ​ទី​ជម្រក​សត្វ​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ និង​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត​ អាច​គំរាម​កំហែង​ដល់​ហ្វូង​ដំរី​ព្រៃ​អាស៊ី​ ដូច​ជា​ហ្វូង​ដំរី​នៅ​ក្នុង​ឧទ្យាន​ជាតិ​ អ៊ូដា​ វ៉ាឡាវី​ នេះ​ជា​ដើម។​ បើ​យោង​តាម​អង្គការ​អភិរក្ស​សត្វ​ព្រៃ​ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Wildlife​ Conservation​ Society​ ចំនួន​សត្វ​ដំរី​អាស៊ី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ​ ហើយ​ជីវិត​រស់​នៅ​របស់​ពួក​វា​នៅ​ក្នុង​ព្រៃ​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់​ទៀត​ផង។​ លោក​ស្រី​ ឌឺស៊ីលវ៉ា​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ដូច្នេះ​ហើយ​ វា​ជា​ការ​សំខាន់​ក្នុង​ការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ ដើម្បី​រិះរក​មធ្យោបាយ​រស់​នៅ​ជាមួយ​សត្វ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំងអស់​នេះ​ ក្នុង​របៀប​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​និង​ហ្វូង​ដំរី​មាន​ភាព​លូត​លាស់​ទៅ​មុខ៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG