សត្វដំរីព្រៃ ១១ ក្បាលបានធ្លាក់ចូលក្នុងរណ្តៅភក់មួយកាលពីពេលថ្មីៗនេះ នៅតំបន់អភិរក្សសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី។ សត្វដំរី ដែលមានមេបីក្បាល និងកូនប្រាំបីក្បាល បានជាប់ក្នុងរណ្តៅភក់នោះ អស់រយៈពេលប្រហែលបួនថ្ងៃ។ បន្ទាប់ពីបានដឹងហេតុការណ៍នោះ អ្នកស្រុកបានប្រាប់ទៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានជូនដំណឹងបន្តទៅអង្គការ Wildlife Conservation Society (WCS)។
សត្វដំរីទាំងនោះប្រហែលជាកំពុងដើរទៅអូរជិតនោះ ដើម្បីផឹកទឹក ប៉ុន្តែជាចៃដន្យ ប្រហែលកូនដំរីមួយ ឬពីរក្បាលបានរអិលធ្លាក់ចូលក្នុងរណ្តៅភក់។ ពេលដែលសត្វដំរីដទៃទៀតមកជួយ ក៏បានធ្លាក់ចូលក្នុងរណ្តៅភក់បន្តទៀត។ នេះបើយោងទៅតាមប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានថ្លែងប្រាប់ VOA កាលពីសប្តាហ៍មុន។
លោកកែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននិយាយថា អ្នកស្រុកបានប្រើម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកចូលរណ្តៅនោះ ដើម្បីបន្ថយកំហាប់ភក់ និងបានជីកផ្លូវ ដើម្បីឲ្យសត្វដំរីទាំងនោះវារចេញ។ ដំរីទាំងនោះ បានកប់ក្នុងភក់ នៅសល់តែខ្នង និងក្បាល លយចេញ តែប៉ុណ្ណោះ។
ក្រុមអ្នកជួយសង្រ្គោះ បានជីកផ្លូវចេញពីរណ្តៅភក់ ដោយបានដាក់មែកឈើនៅបាតរណ្តៅ ដើម្បីឲ្យដំរីទាំងនោះរកផ្លូវចេញបាន។ ស្របពេលដូចគ្នានេះដែរ ពួកគាត់ក៏បានបោះអំពៅ ស្លឹកឬស្សី និងចេក ដោយឲ្យសត្វដំរីទាំងនោះ ដែលនេះជាអ្វីមិនដែលធ្លាប់បានធ្វើពីមុនមកឡើយ ជាមួយនឹងដំរីព្រៃ។ នេះបើយោងទៅតាមអង្គការ Wildlife Conservation Society ដែលបានសហការជាមួយមន្រ្តី និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការជួយសង្រ្គោះហ្វូងដំរីព្រៃទាំងនោះ។ នៅទីបំផុត សត្វដំរីទាំង ១១ ក្បាលអាចវារចេញពីរណ្តៅភក់រួច ទោះបីជា មើលទៅរាងបាក់កម្លាំងក៏ដោយ។
លោក តាន់ សេដ្ឋា អ្នកប្រឹក្សាបច្ចេកទេសនៃអង្គការ WCS ប្រចាំតំបន់អភិរក្សសត្វព្រៃកែវ សីម៉ា បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងអង្គការ Wildlife Conservation Society រដ្ឋាភិបាល និងសហគមន៍ក្នុងស្រុក ដើម្បីជួយសង្រ្គោះសត្វដំរីជាប់ក្នុងរណ្តៅភក់ បានបញ្ចៀសការបាត់បង់យ៉ាងធំធេងមួយ។
លោកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ WCS ថា៖ «ប្រសិនបើសហគមន៍មិនបានរួមកម្លាំងគ្នាជាមួយនឹងអង្គការ Wildlife Conservation Society អង្គការ Elephant Livelihood Initiative Environment (E.L.I.E) និងមន្ទីរបរិស្ថាន ដើម្បីជួយសង្រ្គោះសត្វដំរីអាស៊ីទាំង ១១ ក្បាលនោះទេ នឹងមានសោកនាដកម្មធំមួយពិតជាមិនខាន»។
លោកបណ្ឌិត Ross Sinclair នាយកប្រចាំប្រទេសនៃអង្គការ WCS ក៏បានគាំទ្រកិច្ចសហប្រតិបត្តិការជួយសង្រ្គោះសត្វដំរីពីរណ្តៅភក់ដូចគ្នានេះដែរ។
លោកបានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍អង្គការ WCSថា៖ «នេះជាឧទាហរណ៍ដ៏ប្រសើរមួយ ដែលប្រជាជនទាំងអស់ធ្វើការរួមគ្នា ដើម្បីជួយសង្រ្គោះសត្វព្រៃនៅកម្ពុជា»។
លោកបានបន្ថែមថា៖ «ជាញឹកញយណាស់ ដែលរឿងរ៉ាវជុំវិញការអភិរក្សគឺនិយាយអំពីជម្លោះ និងការបរាជ័យ ប៉ុន្តែរឿងនេះគឺអំពី កិច្ចសហប្រតិបត្តិការ និងភាពជោគជ័យ។ ពេលដែលដំរីចុងក្រោយ ត្រូវការមនុស្សទាំងអស់រួមដៃគ្នា ដើម្បីទាញដំរីនោះឡើងមកកាន់ទីសុវត្ថិភាព គឺជា និមិត្តរូបនៃកិច្ចសហការគ្នា ដើម្បីបុព្វហេតុអភិរក្ស»។
ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា ភាពងាយស្រួលធ្វើដំណើរចូលទៅកាន់តំបន់ផ្សេងៗ កំណើនប្រជាជន និងបញ្ហាពុករលួយដែលមានពាសពេញប្រទេស ការកាប់រានព្រៃយកដីខុសច្បាប់ ដែលជាញឹកញយមិនមែនដោយសារប្រជាជនក្នុងតំបន់ នៅតែបន្តជាការគំរាមកំហែងចម្បងមួយ ដែលតំបន់អភិរក្ស ដូចជា តំបន់អភិរក្សសត្វព្រៃកែវ សីម៉ា កំពុងប្រឈមមុខ។ ហើយការកាប់ឈើ និងការប្រមាញ់ខុសច្បាប់ ជាការគំរាមកំហែងបន្ទាប់។ នេះបើយោងទៅតាមលោក Oliver Griffin ទីប្រឹក្សាផ្នែកបច្ចេកទេសប្រតិបត្តិការអភិរក្សរបស់អង្គការ WCS ដែលបានប្រាប់ VOA តាមសារអេឡិចត្រូនិច។
ទោះបីយ៉ាងណាក៏ដោយ លោក Oliver Griffin បានបន្ថែមថា តាមរយៈកិច្ចប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើពីមុនមក ដោយមានជំនួយគាំទ្រពីអង្គការ WCS និងដៃគូដទៃទៀត តំបន់អភិរក្សសត្វព្រៃកែវ សីម៉ា មានស្ថានភាពប្រសើរឡើង ក្នុងការការពារសត្វព្រៃ រុក្ខជាតិ និងធនធានធម្មជាតិដទៃទៀតសម្រាប់ជនជំនាន់ក្រោយ។
លោកកែវ សុភ័គ បាននិយាយថា តម្រូវការរបស់រដ្ឋាភិបាលគឺ ដៃគូសកម្មនានា ដើម្បីសម្រេចបានគោលដៅប្រើប្រាស់ធនធានប្រកបដោយចិរភាពនៅក្នុងតំបន់អភិរក្ស។
«ភាពចាំបាច់របស់រដ្ឋាភិបាលគឺថា ត្រូវការដៃគូ។ ដៃគូដែលធ្វើការរស់រវើកជាមួយអាជ្ញាធរមូលដ្ឋានក៏ដូចជា ថ្នាក់ជាតិ ដើម្បីពង្រឹងធ្វើយ៉ាងម៉េច ការពារឲ្យមានប្រសិទ្ធភាព និងនិរន្តភាពការប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់ហ្នឹង។ មិនមែនការពារ ហើយមិនប្រើប្រាស់ទេ តែប្រើប្រាស់ក្នុងលក្ខណៈមួយសម្រាប់តែសហគមន៍ជនជាតិដើមភាគតិចនៅជុំវិញតំបន់ហ្នឹងទេ»។
លោកបានបន្ថែមថា អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ក៏បានជ្រោមជ្រែងយ៉ាងខ្លាំងក្លាផងដែរ ចំពោះផ្នែកថវិកា និងផ្នែកដទៃទៀត។
«សម្រាប់អង្គការ NGO នៅហ្នឹងនោះ និយាយរួមទៅគាត់ស្រស់ស្រាយណាស់។ គាត់ស្វះស្វែងទាំងពីបច្ចេកទេស ទាំងថវិកា។ សម្រាប់បច្ចេកទេស គាត់បានបញ្ជូនបុគ្គលិករដ្ឋាភិបាលទៅរៀននៅក្រៅប្រទេស ក៏ដូចជា វគ្គបណ្តុះបណ្តាលក្នុងប្រទេសជាដើម អញ្ចឹងដែរ»។
កម្មវិធី REDD+
តំបន់អភិរក្សសត្វព្រៃកែវ សីម៉ា គឺជា តំបន់អភិរក្សនិមិត្តរូបមួយនៅកម្ពុជា។ តំបន់អភិរក្សនេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់ដំរីអាស៊ីប៉ុណ្ណោះទេ សហគមន៍ជនជាតិដើមភាគតិចក៏ពឹងផ្អែកលើតំបន់នេះដើម្បីជីវភាពរស់នៅផងដែរ។ លើសពីនេះទៀត តំបន់កែវ សីម៉ាបានដើរតួជា គំរូក្នុងការផ្គត់ផ្គង់ប្រាក់ចំណូលសម្រាប់ប្រទេស ដែលទទួលបានជោគជ័យមួយ តាមរយៈកម្មវិធី REDD+។ នេះបើយោងតាមលោក Oliver Griffin ទីប្រឹក្សាផ្នែកបច្ចេកទេសប្រតិបត្តិការអភិរក្សរបស់អង្គការ WCS។
កម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នពុលពីការកាប់ព្រៃឈើ ហៅកាត់ថា REDD ជា កម្មវីធីមួយ ដែលផ្អែកលើគោលការណ៍តម្រូវឲ្យបណ្តាប្រទេសនៅបស្ចឹមលោក ដែលបញ្ចេញកាបូនច្រើន បង់ថ្លៃសមាមាត្រតាមបរិមាណកាបូនបញ្ចេញ ទៅកាន់ប្រទេសដែលមានព្រៃឈើធម្មជាតិ។ ប្រាក់ចំណូលទទួលបាននឹងផ្តល់ជាប្រាក់ឧបត្ថម្ភដល់សហគមន៍ដែលមានព្រៃធម្មជាតិក្នុងតំបន់រស់នៅ ឬទៅកាន់រដ្ឋាភិបាលដើម្បីការពារព្រៃឈើ ជំនួសឲ្យការប្រែផ្លាស់តំបន់ព្រៃឈើសម្រាប់កសិកម្ម។ នេះបើយោងទៅតាមគេហទំព័ររបស់អង្គការ WCS។
ក្នុងសារអេឡិចត្រូនិច លោក Oliver Griffin បានលើកឡើងថា សហគមន៍ជនជាតិដើមគាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធីអភិរក្សនេះ ដោយសារតែពួកគាត់ពឹងផ្អែកលើធនធានធម្មជាតិនៅក្នុងតំបន់នោះ ក៏ដូចជា សម្រាប់ហេតុផលវប្បធម៌ និងជំនឿផងដែរ។ សារអេឡិចត្រូនិចនេះបានបន្តថា ការណ៍នេះត្រូវតែមានតុល្យភាពជាមួយនឹងតម្រូវការសហគមន៍សម្រាប់ជីវភាពរស់នៅប្រកបដោយចិរភាព និងឈានទៅមុខ ក្នុងប្រទេសកម្ពុជា ដែលកំពុងតែបន្តអភិវឌ្ឍទៅមុខដូចគ្នា។
លោកកែវ សុភ័គ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននិយាយថា ឥឡូវនេះ រដ្ឋាភិបាលកំពុងពង្រឹងកិច្ចប្រឹងប្រែងក្នុងការការពារតំបន់អភិរក្សសត្វព្រៃ ដោយសារតែរដ្ឋាភិបាលបានលក់ឥណទានកាបូនទៅឲ្យក្រុមហ៊ុនអាមេរិកាំងមួយឈ្មោះ The Walt Disney Company ហើយស្របពេលដូចគ្នានេះ រដ្ឋាភិបាលក៏បានរៀបចំផែនការ ដើម្បីបញ្ឈប់ការកាប់រានព្រៃឈើ និងការកាប់ឈើខុសច្បាប់នៅតំបន់អភិរក្សសត្វព្រៃកែវ សីម៉ាផងដែរ។
«ឥឡូវនេះ រដ្ឋាភិបាលចាប់ផ្តើមពង្រឹងហើយ ពង្រឹងពាក់ព័ន្ធនឹងការងារ ជាពិសេសការងារគ្រប់គ្រងដែនសីម៉ាហ្នឹង ដោយសារតែរាល់ថ្ងៃនេះរដ្ឋាភិបាលបានលក់កាបូន គេហៅថា REDD+ ឬ REDD បូកហ្នឹង ទៅឲ្យក្រុមហ៊ុន Disney នៅអាមេរិក។ ក្រុមហ៊ុន Disney ហ្នឹងបានទិញហើយ។ អញ្ចឹង រដ្ឋាភិបាលបានរៀបចំផែនការពង្រឹងតំបន់កែវ សីម៉ានេះ មិនឲ្យមានការកាប់រានព្រៃតទៅទៀតទេ»។
លោក Oliver Griffin នៃអង្គការ WCS បានបញ្ជាក់ថា មួយភាគធំនៃប្រាក់ចំណូលពីកម្មវិធី REDD+ នឹងយកទៅទ្រទ្រង់ការអភិវឌ្ឍប្រកបដោយចិរភាពចំពោះសហគមន៍នៅក្នុង និងជុំវិញតំបន់អភិរក្សសត្វព្រៃកែវ សីម៉ា។
ទស្សនវិស័យពេលអនាគត
លោក Oliver Griffin ទីប្រឹក្សាផ្នែកបច្ចេកទេសប្រតិបត្តិការអភិរក្សរបស់អង្គការ WCS បាននិយាយថា គោលដៅរបស់តំបន់អភិរក្សសត្វព្រៃកែវ សីម៉ា គឺរក្សាឲ្យបានតំបន់ព្រៃឈើ ដែលជួយដល់សត្វព្រៃ និងលើកកម្ពស់ជីវភាពប្រជាជនដែលកំពុងរស់នៅទីនោះ។
អង្គការ WCS ប្រចាំនៅកម្ពុជា ស្វះស្វែងសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដើម្បីការពារធនធានធម្មជាតិ សម្បត្តិធម្មជាតិ សហគមន៍ចម្រុះជាតិសាសន៍ និងសត្វព្រៃ។ អង្គការនេះក៏មានគោលដៅធានាឲ្យបានថា ប្រជាជនកម្ពុជាទទួលបានផលចំណេញពីការអភិវឌ្ឍប្រកបដោយចិរភាព ក៏ដូចជា អំណោយផលនានា ដែលប្រព័ន្ធព្រៃឈើធំធេងផ្តល់ឲ្យ ដូចជា ប្រភពទឹកស្អាត លទ្ធភាពស្តុកកាបូន និងអេកូទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ នេះបើយោងតាមលោក Oliver Griffin។
លោក កែវ សុភ័គ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលើកឡើងថា លោកមានមោទនភាពចំពោះសហគមន៍ក្នុងស្រុកនៅតំបន់អភិរក្សសត្វព្រៃកែវ សីម៉ា សម្រាប់កិច្ចប្រឹងប្រែងក្នុងការការពារព្រៃឈើប្រឆាំងនឹងឈ្មួញកាប់ឈើ ការលើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយចីរភាព និងការចូលរួមយ៉ាងសកម្មក្នុងវិស័យអេកូទេសចរណ៍។
លោកបានបន្ថែមថា ក្រៅពីការសហការរវាងសហគមន៍ក្នុងស្រុក និងអ្នកជំនាញ នៅពេលអនាគតលោកក៏ចង់បានជំនួយគាំទ្របន្ថែមពីសំណាក់អាជ្ញាធរក្នុងស្រុកក្នុងកិច្ចប្រឹងប្រែងអភិរក្សនៅខេត្តមណ្ឌលគិរី៕