ក្រុមមន្រ្តីជំនាញខាងសត្វព្រៃកម្ពុជាបានលែងសត្វទោចមួយគូទៅក្នុងព្រៃក្បែរតំបន់ប្រាសាទអង្គរក្នុងគោលបំណងបង្កើនចំនួនរបស់វា។
ប្រភេទសត្វទោចកម្រនេះបានក្លាយជាគោលដៅនៅក្នុងគម្រោងរួមរវាងរដ្ឋាភិបាល និងអង្គការ Wildlife Alliance ក្នុងការការពារ និងអភិរក្សចាប់តាំងពីឆ្នាំ២០០៩មក។
នេះជាប្រភេទសត្វទោចកម្រមួយគូដែលជាគូទីពីរត្រូវបានលែងឲ្យទៅរស់នៅក្នុងព្រៃក្បែរបរិវេណប្រាសាទដ៏ល្បីល្បាញនេះ។ អាជ្ញាធរនៅទីនោះបានបញ្ជាក់ថា ពួកគេនឹងតាមដាននិងឃ្លាំមើលសត្វទោចទាំងពីរគូនេះយ៉ាងយកចិត្តទុកដាក់ ហើយអាជ្ញាធរបានប្រឹងប្រែងក្នុងការទប់ស្កាត់កុំឲ្យពួកព្រានព្រៃរំខានយារយីសត្វព្រៃក្នុងតំបន់នេះ។
លោករ័ត្ន ប៊ុនធឿន ជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសត្វព្រៃនៃរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា សត្វទោចកម្រនេះបានបាត់ខ្លួនពីក្នុងព្រៃអង្គរ។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៣ សត្វទោចមួយគូដំបូងត្រូវបានគេដោះលែងឲ្យចូលទៅក្នុងព្រៃក្បែរបរិវេណតំបន់ប្រាសាទអង្គរ ក្នុងគោលបំណងជួយបង្កើនចំនួនសត្វនេះ។
លោកប៊ុនធឿនបានបន្ថែមថា៖ «អ្វីដែលសត្វព្រៃត្រូវការមិនមែនទ្រុងទេគឺជាព្រៃដ៏ធំធេង។ ពិតណាស់ យើងត្រូវការការសិក្សាបន្ថែម និងបង្ហាញដល់អ្នកជំនាន់ក្រោយពីជីវិតសត្វព្រៃក្នុងធម្មជាតិ»។
លោកបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយការអភិរក្សជីវិតសត្វព្រៃគឺមិនមែនធ្វើឡើងសម្រាប់បម្រើវិស័យទេសចរណ៍នោះទេ ប៉ុន្តែដើម្បីឲ្យជីវិតសត្វព្រៃអាចរស់នៅដូចអ្វីដែលវាធ្លាប់រស់តាមធម្មជាតិ។
អាជ្ញាធរអប្សរា ដែលជាស្ថាប័នគ្រប់គ្រងវិស័យទេសចរណ៍នៅតាមប្រាសាទនានានៅក្នុងតំបន់ប្រាសាទអង្គរ ក៏បានត្រួតពិនិត្យព្រៃដែលនៅជុំវិញបរិវេណតំបន់នោះផងដែរ។ មន្ត្រីនានាបញ្ជាក់ថា នៅទីនោះមិនសូវមានអ្នកបរបាញ់សត្វព្រៃទេ ប៉ុន្តែការអភិរក្សជម្រកដ៏ប្រសើរសម្រាប់សត្វទោចនោះអាចផ្តល់ក្តីសង្ឃឹមជាបន្តដល់អ្នកគាំទ្រអភិរក្សសត្វព្រៃ។
គម្រោងអភិរក្សសត្វទោចគឺជាផ្នែកមួយនៃគំនិតធំទូលាយក្នុងការអភិរក្សជីវិតសត្វព្រៃនៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៥នេះ មានសត្វព្រៃប្រភេទខុសៗគ្នាជិត៩០០ក្បាលត្រូវបានដោះលែងឲ្យរស់នៅក្នុងព្រៃផ្សេងៗនៅកម្ពុជា នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
សកម្មភាពអភិរក្សសត្វព្រៃដូចជាសត្វទោចនេះជាដើមនេះ បានក្លាយជាដំណឹងដ៏រីករាយសម្រាប់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ ខណៈពេលដែលពួកគេសម្តែងការព្រួយបារម្ភលើការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានធម្មជាតិនៅក្នុងប្រទេស។
កញ្ញាវន ឆយសុនាថ ស្ថិតក្នុងវ័យ២០ឆ្នាំ និយាយថា នាងគាំទ្ររាល់សកម្មភាពអភិរក្សសត្វព្រៃ ហើយនាងប្រឆាំងការកាប់បំផ្លាញព្រៃឈើ។ ដោយនិយាយយោងថា ជីវិតសត្វព្រៃមិនមែនទុកសម្រាប់បរបាញ់ដើម្បីធ្វើជាអាហារនោះ នាងបានបន្ថែមថា៖ «វាមិនមានអីគួរឲ្យចង់ញ៉ាំដូចសត្វស្រុកទេ»។
លោកសាន់ ម៉ាឡា ជាសហស្ថាបនិកនៃចលនាមាតាធម្មជាតិ ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកធ្វើការនៅខេត្តកោះកុងនិយាយថា ការថយចុះនៃចំនួនសត្វព្រៃនៅកម្ពុជានៅតែបន្តមាន ជាពិសេសដោយសារព្រៃត្រូវបានកាប់ឆ្ការដើម្បីធ្វើការអភិវឌ្ឍ ដូចជាដីសម្បទាន និងគម្រោងសាងសង់វារីអគ្គិសនីជាដើម។
ម៉ាឡាបន្ថែមថា៖ «សត្វព្រៃនៅកម្ពុជាកំពុងតែរងការបំផ្លិចបំផ្លាញ ក៏ដូចជាហិនហោច។ ពីមួយថ្ងៃទៅមួយថ្ងៃ មានការជួញដូរសត្វព្រៃខុសច្បាប់ជាច្រើន ដូចជាការបរបាញ់និងលក់ដូរ»។
លើសពីនេះ គាត់បញ្ជាក់ថា ការជួញដូរសត្វព្រៃខុសច្បាប់នៅតាមព្រៃសហគមន៍ជាច្រើនគឺជាកត្តាសំខាន់មួយដែលបង្កឲ្យសត្វព្រៃកាន់តែជិតផុតពូជទៅៗ។ ហើយវាមិនមានការរឹតបន្តឹងលើសកម្មភាពនេះទេ។ គាត់និយាយថា៖ «វាមកពីអំពើពុករលួយនៅក្នុងចំណោមមន្រ្តីស្ថាប័នរដ្ឋបាលព្រៃឈើក៏ដូចជាមនុស្សពាក់ព័ន្ធ»។
ការលែងសត្វទោចកម្រចំនួន២ក្បាលទៅក្នុងព្រៃថ្មីៗនេះគឺជាដំណឹងដ៏រីករាយមួយ ក្នុងពេលកើតមានក្តីបារម្ភទាំងនេះ។ លោកស្រី តាំង ម៉េងឃាង ដែលជាប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ បានអបអរសាទរចំពោះសកម្មភាពបែបនេះ ដោយនិយាយថា៖ «ខ្ញុំចង់ឃើញសត្វទោច និងសត្វព្រៃដទៃទៀត។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលឃើញពួកវានៅឡើយទេ»៕