មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)និយាយថា ប្រជាជនដែលមកចុះឈ្មោះបោះឆ្នោតមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ដែលមានរហូតដល់ជិត៣៦ម៉ឺននាក់ ខណៈយុទ្ធនាការចុះឈ្មោះទើបតែបានពាក់កណ្តាលនៃពេលវេលាកំណត់។
ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រជាពលរដ្ឋអាយុគ្រប់១៨ឆ្នាំ មានប្រមាណ១៩ម៉ឺននាក់។
លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប. ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ក្នុងរយៈពេល២៦ថ្ងៃនៃយុទ្ធនាការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មី ជាង៣៦ម៉ឺននាក់ ដែលជាពលរដ្ឋដែលមានអាយុគ្រប់១៨ឆ្នាំរហូតដល់ថ្ងៃបោះឆ្នោត និងពលរដ្ឋដែលមានអាយុលើស១៨ឆ្នាំ ប៉ុន្តែមិនដែលបានទៅចុះឈ្មោះបោះឆ្នោត។
លោកថ្លែងថា៖ «តួលេខនេះជាតួលេខខ្ពស់មែនទែន ដែលយើងមិននឹកស្មានថា ប្រជាពលរដ្ឋលោកចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតហើយត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខនេះ»។
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ចំនួនប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតបច្ចុប្បន្នមានរហូតដល់៩លាន២សែននាក់។
លោក សោម សូរីដា ជំរុញឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដើម្បីបានបោះឆ្នោត ខណៈថា រយៈពេលនៅសល់មានរហូតដល់២៤ថ្ងៃទៀត ដែលនឹងផុតកំណត់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ប្រាប់វីអូអេថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតក្នុងយុទ្ធនាការចុះឈ្មោះនេះ ជាចំនួនច្រើន ខណៈចំនួននៃការគ្រោងទុកនេះមានត្រឹមតែជាង៤០ម៉ឺននាក់។ លោកទទូចឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ហើយធ្វើការសម្រេចចិត្តដោយឈ្លាសវៃជ្រើសរើសមេដឹកនាំនៅថ្ងៃបោះឆ្នោតខាងមុខ។
លោកថ្លែងថា៖ «នៅដំណាក់ចុងក្រោយនៃការសម្រេចចិត្តរឿងបោះឆ្នោត ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលមិនត្រូវបានបំពានដោយនរណាមួយទៅលើសិទ្ធិរបស់ខ្លួន។ អ៊ីចឹងសូមអញ្ជើញជាដំបូងត្រូវតែបំពេញសិទ្ធិរបស់ខ្លួនឯងដែលមានសិន គឺត្រូវចុះឈ្មោះបោះឆ្នោត»។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដើម្បីបង្ហាញសិទ្ធិជ្រើសរើសមេដឹកនាំ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាឆ្នាំក្រោយ។ លោកបានជំរុញឲ្យបណ្តាគណបក្សនយោបាយទាំងអស់ត្រូវរុញសមាជិកសមាជិកា និងអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលកំណត់ដោយស្ថាប័នរៀបចំការបោះឆ្នោត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបង្ហាញថា អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានប្រមាណ១៦ម៉ឺននាក់ ក្នុងនោះក៏មានអ្នកដែលស្លាប់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់ថ្មី៕