អាជ្ញាធរពាក់ព័ន្ធបានឃាត់ខ្លួនប្រជាពលរដ្ឋយ៉ាងតិច ៦ នាក់ ក្នុងនោះមានសមាជិកគណបក្សភ្លើងទៀនចំនួន ៣ នាក់ពាក់ព័ន្ធនឹងការគូសសន្លឹកឆ្នោតចោល នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសាច់ញាតិរបស់ពួកគេ និងមន្ត្រីពាក់ព័ន្ធ ដែលបានប្រាប់វីអូអេនៅថ្ងៃចន្ទនេះ។
អ្នកស្រី ចៅ រតនៈ ចៅសង្កាត់រងទី ២ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាប់វីអូអេថា ឪពុករបស់លោក គឺលោក ចៅ វាសនា ដែលជាគណៈកម្មការនាយកថ្នាក់ជាតិនៃគណបក្សភ្លើងទៀន ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ក្រោមការចោទប្រកាន់ពីបទញុះញង់ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត។ ប៉ុន្តែអ្នកស្រីមិនដឹងអង្គហេតុអ្វីឱ្យច្បាស់នោះទេ។ អ្នកស្រីចាត់ទុកការចាប់ខ្លួននេះថាអយុត្តិធម៌ ហើយជារឿងនយោបាយច្រើនជាង។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងខ្ញុំសូមសំណូមពរសូមឱ្យដោះលែងគាត់ ដោយគ្មានលក្ខខណ្ឌ»។
ប្រធានគណៈកម្មាធិការប្រតិបតិ្តគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់វីអូអេថា អនុប្រធានរបស់លោក គឺលោក ឡោ ធន ត្រូវបានប៉ូលិសប្រមាណ ១០ នាក់ ចាប់ខ្លួននៅម៉ោង ៩ព្រឹកថ្ងៃចន្ទ ដោយមិនមានដីកា និងមិនប្រាប់ពីមូលហេតុ។ លោកបន្ថែមថា ក្រោយការធ្វើកិច្ចសន្យាណែនាំ លោក ឡោ ធន ត្រូវបានសមត្ថកិច្ចដោះលែងត្រឡប់មកផ្ទះដោយសុវត្ថិភាព។
លោកយល់ឃើញថា ការឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀនជាហូរហែនេះជាការគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ។
លោកបន្តថា៖ «វាជាការគំរាមកំហែង ហើយនិងរឹតត្បិតនយោបាយដល់គណបក្សភ្លើងទៀននៅខេត្តប៉ៃលិន ជាពិសេសគឺសំដៅមកលើក្បាលម៉ាស៊ីនដឹកនាំរបស់ខេត្ត ដំបូង គឺខ្ញុំ។ ទី ២ គឺប្រធានគណៈកម្មការប្រតិបត្តិស្រុកសាលាក្រៅ ត្រូវបានតុលាការចេញដីកាកោះហៅ ឥឡូវនេះទី ៣ គឺលោកអនុប្រធានគណៈកម្មការប្រតិបត្តិចាប់យកទៅស្នងការ ហើយឱ្យធ្វើកិច្ចសន្យាប្រលែងមកវិញ។ នេះជារូបភាពមួយគំរាមកំហែងទៅដល់រចនាសម្ព័ន្ធគណបក្សភ្លើងទៀនរបស់ខ្ញុំបាទ។ នេះជារឿងដែលគួរឱ្យគ្រោះថ្នាក់ណាស់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបាននៅឡើយទេនៅថ្ងៃចន្ទនេះ។
ចំណែកក្រុមប្រឹក្សាឃុំនៃគណបក្សភ្លើងទៀន លោក ជឹម សុជាតិ ស្ថិតក្នុងឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ប្រាប់វីអូអេថា លោកត្រូវបានស្នងការស្រុកឃាត់ខ្លួន ខណៈកំពុងឈរថតរូបភាពនៃការរាប់សន្លឹកឆ្នោត កាលពីម៉ោង ៣ រសៀល ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា។ លោកបញ្ជាក់ថា មូលហេតុនៅពីក្រោយការឃាត់ខ្លួនលោក គឺដោយសារលោកថតរូបភាពការរាប់សន្លឹកឆ្នោត ដែលលោកថាត្រូវបានសមត្ថកិច្ចកំណត់ថាជាសកម្មភាពខុសច្បាប់។
លោកថ្លែងថា៖ «ដល់ពេលអ៊ីចឹងទៅ ខ្ញុំក៏ទាញទូរសព្ទថតទៅ ថតទៅប្រហែលជា១០នាទី ១៥នាទី ក៏មានប៉ូលិសគាត់មកឃាត់ខ្លួនខ្ញុំ យកទៅសាកសួរ»។
ក្រុមប្រឹក្សាឃុំរូបនេះអះអាងថា លោកមិនបានទទួលបានការបង្គាប់បញ្ជាពីអ្នកណាម្នាក់ឡើយ ប៉ុន្ដែលោកបារម្ភពីសុវត្ថិភាពរបស់លោកថាអាចនឹងទទួលរងការចោទប្រកាន់ណាមួយបន្តបន្ទាប់ទៀត។
លោកបន្តថា៖ «ខ្ញុំមានការព្រួយបារម្ភ ព្រួយបារម្ភថា ពេលដែលមានបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពខ្ញុំមិនដឹងទៅអាងអីទេ។ អ្វីដែលខ្ញុំធ្វើនេះ អត់មានអ្នកណាបង្គាប់បញ្ជាខ្ញុំទេ ហើយខ្ញុំកំពុងតែមានការព្រួយបារម្ភខ្លាចតែគេចោទប្រកាន់ខ្ញុំ យកខ្ញុំទៅដាក់ពន្ធនាគារ ដាក់អីអ៊ីចឹង»។
ក្រោយការសាកសួរ និងកសាងកំណត់ហេតុពីអាជ្ញាធរក្នុងស្រុក លោកត្រូវបានដោះលែងត្រឡប់មកផ្ទះវិញ កាលពីយប់ថ្ងៃអាទិត្យ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងថា ជនណាដែលធ្វើសកម្មភាពណាមួយដែលបំពានច្បាប់អំឡុងដំណើរការបោះឆ្នោត ជននោះនឹងត្រូវឃាត់ខ្លួន ដើម្បីសាកសួរ។
លោកបញ្ជាក់ថា មកដល់ពេលនេះ លោកទទួលព័ត៌មានអំពីការឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ៣ ករណី ដោយស្ថិតនៅសង្កាត់អូឡាំពិកម្នាក់ ជាករណីមិនដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោត។ ករណីទី ២ នៅសង្កាត់ស្ទឹងមានជ័យ ក្នុងករណីលួចថតសន្លឹកឆ្នោត និងករណីមួយទៀតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលពលរដ្ឋម្នាក់បោះឆ្នោតហើយ ប៉ុន្តែមិនជ្រលក់ដៃ។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេថា មកពេលនេះ លោកមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ណាមួយអំពីការឃាត់ខ្លួនជនដែលបានគូសសន្លឹកឆ្នោតចោលនៅឡើយទេ។ ប៉ុន្ដែលោកបញ្ជាក់ថា មានសកម្មជនចំនួន ៤៤ នាក់ ដែលលោកថា បានចូលរួមធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោត ដែលពាក់ព័ន្ធនឹងលោក សម រង្ស៊ី តាមរយៈក្រុមតេឡេក្រាមឈ្មោះ «Sabai សប្បាយ» ដែលកំពុងស្ថិតក្រោមការកំណត់មុខសញ្ញារបស់សមត្ថកិច្ច។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារជាសំឡេងមួយ ដោយព្រមានចាប់ខ្លួនអ្នកដែលញុះញង់ឱ្យគូសសន្លឹកឆ្នោតចោល បើមិនចេញមុខសារភាពឱ្យបានឆាប់។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអាទិត្យថា ស្ថាប័ន គ.ជ.ប ពុំមានវិធីណារកឃើញថា តើអ្នកណាគូសសន្លឹកឆ្នោតចោលទេ។ ប៉ុន្តែលោកថា អ្នកគូសសន្លឹកឆ្នោតចោល ហើយបង្ហោះ គេអាចដឹង។
លោកបន្ថែមថា ការគូសសន្លឹកឆ្នោតមិនមែនជាកំហុស តែការបង្ហោះជាសាធារណៈប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោតទើបជាបញ្ហា។
បើតាមលោក ហង្ស ពុទ្ធា គិតត្រឹមថ្ងៃទី ២៤ ខែកក្កដានេះ ចំនួនសន្លឹកឆ្នោតមិនបានការ មានចំនួនជាង ៤៤ម៉ឺនសន្លឹក ដែលតិចជាងចំនួនសន្លឹកឆ្នោតមិនបានការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ឆ្នាំ ២០១៨ ដែលមានប្រមាណ ៦០ម៉ឺនសន្លឹក៕