លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានព្រមានដាក់ទោសទណ្ឌចំពោះជនណាដែលហ៊ានយកទឹកថ្នាំលាបសក់មកជ្រលក់ម្រាមដៃដើម្បីបំភាន់ជាសាធារណៈថា ខ្លួនបានចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដាខាងមុខ។
ការថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍មួយក្នុងខេត្តបាត់ដំបង លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា មានក្រុមប្រឆាំងនឹងលោកបានណែនាំប្រជាពលរដ្ឋឲ្យយកថ្នាំលាបសក់ទៅលាបដៃបន្លំសាធារណជននិងបានធ្វើចលនាបំផុសមិនឲ្យប្រជាពលរដ្ឋកម្ពុជាទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខ។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា ការមិនទៅបោះឆ្នោតគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកថា ការយកថ្នាំលាបសក់ពណ៌ខ្មៅមកលាបម្រាមដៃគឺជាទង្វើប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។
លោកព្រមានក្នុងន័យដើមថា៖
«មានផែនការថា ថ្ងៃបោះឆ្នោតអត់ទៅបោះឆ្នោតទេ តែយកទឹកថ្នាំលាបសក់យកមកលាបដៃ។ តើនេះជាអ្វី? នេះជាការបង្កើតកំហុសផ្នែកព្រហ្មទណ្ឌនៃការក្លែងបន្លំជាការក្លែងបន្លំ។ ប្រជាពលរដ្ឋដែលត្រូវបានគេឃោសនាដើរខ្សឹបថា មិនចាំបាច់ទៅបោះទេ តែដើម្បីកុំឲ្យគេចំណាំថា យើងមិនបានទៅបោះគឺត្រូវយកទឹកថ្នាំសក់លាបដៃ។ នេះមិនអាចបំភាន់បញ្ជីឆ្នោតបានទេ។ អ្នកទៅបោះឆ្នោតបានគេខ្វែងឈ្មោះ»។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមិនមានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សនេះត្រូវបានតុលាការកំពូលរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា បានឃុបឃិតជាមួយបរទេសរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្រោយការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនេះ មន្ត្រីគណបក្សជំទាស់សំខាន់ៗបានភៀសខ្លួនទៅក្រៅប្រទេស និងបង្កើតចលនាដើម្បីទាក់ទាញកុំឱ្យមានការចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដោយមានពាក្សស្លោក«ដេកផ្ទះ ឈ្នះដាច់» ដោយយល់ឃើញថា ការបោះឆ្នោតខាងមុខមិនមានភាពសេរី និងយុត្តិធម៌។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់ថា តើការយកថ្នាំលាបសក់លើម្រាមដៃនឹងត្រូវចោទប្រកាន់ពីបទល្មើសក្នុងមាត្រាណាមួយនៃក្រមព្រហ្មទណ្ឌនោះទេ។
VOA មិនអាចទាក់ទងលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដើម្បីសុំការអធិប្បាយលើទិដ្ឋភាពផ្លូវច្បាប់បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ទោះយ៉ាងណា លោក គឹម សន្ដិភាពបានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធថា ការថ្នាំទឹកខ្មៅផ្សេងជ្រលក់ម្រាមដៃប្រើដើម្បីបន្លំថា ខ្លួនបានទៅបោះឆ្នោតគឺជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ។ លោកបន្ថែមថា ម្រាមដៃខ្មៅនៅក្រោយការបោះឆ្នោតគឺជាការកំណត់សំគាល់អត្តសញ្ញាណអ្នកដែលបានទៅបោះឆ្នោត ដែលលោកថា មានតែ គ.ជ.ប.ប៉ុណ្ណោះមានសមត្ថកិច្ចក្នុងការចាត់ចែងជ្រលក់ម្រាមដៃអ្នកដែលបានទៅបោះឆ្នោត។
លោកគឹម សន្ដិភាពសរសេរបន្ថែមក្នុងន័យដើមថា៖
«ការបន្លំថា ខ្លួនបានទៅបោះឆ្នោត ដោយជ្រលក់ទឹកខ្មៅផ្សេងនោះគឺជាចេតនាទុច្ចរិតដើម្បីបង្កការភ័ន្តច្រលំទៅលើចំនួនពិតប្រាកដអ្នកដែលបានបោះឆ្នោត ដែលនាំអោយចំនួនអ្នកបោះឆ្នោតច្រើនជាងចំនួនសន្លឹកឆ្នោតដែលបានបោះពិតប្រាកដ។ ទង្វើនេះនឹងបង្កើតនូវការយល់ច្រឡំថា ការបោះឆ្នោតមានភាពមិនប្រក្រតី ដែលនឹងបង្កឲ្យមានភាពវឹកវរក្នុងសង្គមមួយកើតឡើងបាន! អំពើខាងលើនេះជាអំពើល្មើសច្បាប់ ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ព្រហ្មទណ្ឌ»។
យ៉ាងណាក្តី លោក គឹម សន្តិភាព ក៏មិនបានបញ្ជាក់ពីបទល្មើសជាក់លាក់ណាមួយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនោះដែរ។
លោក សុក សំអឿន មេធាវីជើងចាស់មួយរូបដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ប្រាប់ VOA ថា ការយកទឹកខ្មៅផ្សេងទៀតជ្រលក់ដៃរបស់ពលរដ្ឋដែលមិនទៅបោះឆ្នោត មិនមានចែងក្នុងច្បាប់ថា ជាបទល្មើសនោះទេ។
លោកមានប្រសាសន៍ថា៖
«គាត់ថា ខុសៗ តែអត់ដឹងមាត្រាណា។ ព្រោះកន្លងមកវាមានតែក្លែងឯកសារសាធារណៈ។ ហើយជ្រលក់ដៃម៉េចហៅក្លែងកើត? ហើយធ្វើម៉េចដឹងថា អ្នកហ្នឹងក្លែងទៅ? ទាល់តែបោះឆ្នោតហើយហៅប្រជាពលរដ្ឋមកប្រជុំឆែកមើលអ្នកណាបោះ អ្នកណាជ្រលក់អីចឹង? ច្បាប់អត់មានចែងច្បាស់ ម៉េចមានទោសកើត?»
បើតាមមាត្រា៣នៃក្រមព្រហ្មទណ្ឌដែលចែងពីគោលការណ៍នីត្យានុកូលភាព មានតែអំពើដែលបង្កើតជាបទល្មើសនៅពេលដែលអំពើនោះមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន។
ចំណែកមាត្រា៥នៃក្រមព្រហ្មទណ្ឌចែងពីការបកស្រាយច្បាប់ព្រហ្មទណ្ឌចែងថា ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹង។ ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាព [ភាពដូច ឬស្រដៀងគ្នា] បានឡើយ។
លោក កន សាវាង្ស មន្រ្តីសម្របសម្រួលអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្វ្រែល លើកឡើងថា លោកមិនធ្លាប់បានជួបករណីនៃការយកទឹកថ្នាំខ្មៅណាមួយមកលាបម្រាមដៃ ហើយត្រូវមានទោសនោះទេ។ ទោះយ៉ាងណាលោកសុំមិនធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី និងការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នោះទេ។
លោកបញ្ជាក់ថា៖
«ឧបមាថា ប្រជាពលរដ្ឋម្នាក់ គាត់នៅក្រៅប្រទេស ហើយលោកអត់បានបោះឆ្នោត។ អីចឹងទៅ លោកអត់មានទឹកខ្មៅអីទេ ឬមួយក៏អ្នកដែលមកចង់ជ្រលក់ ដើម្បីទៅកន្លែងធ្វើការវិញ ស្រាប់តែទៅចោទគាត់ថា អ្នកឯងជ្រលក់អីក្លែងក្លាយ អ្នកឯងត្រូវមានទោសព្រហ្មទណ្ឌ។ អីចឹងវាយ៉ាងម៉េច? វាខុសយ៉ាងម៉េច? អីចឹងខ្ញុំចង់ជម្រាបវិញថា ទោសព្រហ្មទណ្ឌហ្នឹងទោសនៅត្រង់ណា? គាត់ទៅបោកអ្នកណាគេ? ហើយនរណាជាអ្នករងទុក្ខដោយសារគាត់ជ្រលក់ក្លែងក្លាយហ្នឹង? អាហ្នឹងជាចំណុចដែលយើងត្រូវសិក្សាលម្អិត ហើយត្រូវបង្ហាញ។ ខ្ញុំជឿថា អត់មាននរណាទៅរងទុក្ខទេ ចង់បោះឲ្យអ្នកណា វាជាសិទ្ធិរបស់គាត់ទេតើ។ ចុងក្រោយវានៅតែសិទ្ធិដដែល។ វាមិនមែនជាកាតព្វកិច្ចទេ»។
យ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានត្រៀមថវិកាជាតិប្រមាណជា៥៣លានដុល្លារសម្រាប់ចំណាយលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំនេះ ស្របពេលដែលលោកនាយករដ្ឋមន្រ្តីប្រកាសដដែលៗជាច្រើនដងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះបីមិនមានអ្នកសង្កេតការណ៍ មិនមានគណបក្សប្រឆាំងចូលរួម ឬមិនមានការទទួលស្គាល់ពីក្រុមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕