ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៨​សែន​នាក់​មិនបាន​ទៅ​បោះ​ឆ្នោត​ឃុំ-សង្កាត់


កញ្ញា​​​ជិន​​​ ស្រី​​​ធុច​​​ អាយុ​​​១៨​​​ឆ្នាំ ​​​សកម្មជន​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​ កំពុង​​​រក​​​ឈ្មោះ ​​​និង​​​លេខរៀង​​​របស់​​​អ្នក​​​បោះឆ្នោត​​​នៅ​​​ក្នុង​​​ឃុំ​​​ដំដែក​​​ស្រុក​​​សូត្រ​​​និគម​​​នៅ​​​ការិយាល័យ​​​បោះឆ្នោត​​ក្នុង​​​វិទ្យាល័យ​​​ដំដែក។ (ផន បុប្ផា/VOA)
កញ្ញា​​​ជិន​​​ ស្រី​​​ធុច​​​ អាយុ​​​១៨​​​ឆ្នាំ ​​​សកម្មជន​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​ កំពុង​​​រក​​​ឈ្មោះ ​​​និង​​​លេខរៀង​​​របស់​​​អ្នក​​​បោះឆ្នោត​​​នៅ​​​ក្នុង​​​ឃុំ​​​ដំដែក​​​ស្រុក​​​សូត្រ​​​និគម​​​នៅ​​​ការិយាល័យ​​​បោះឆ្នោត​​ក្នុង​​​វិទ្យាល័យ​​​ដំដែក។ (ផន បុប្ផា/VOA)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ចេញ​តួលេខ​បណ្ដោះ​អាសន្ន​នៃ​​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​សរុប​ ​មាន​ចំនួន​ជាង​៧លាន​នាក់​ ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ជិត​៨លាន​នាក់។​ អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​យល់​ថា ការ​ខកខាន​នេះ ​អាច​បណ្ដាល​មកពី​ក្រសួង​ការងារ​មិន​បាន​សម្រួល​ដល់​កម្មករ​រាប់​និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ឯកជន​ ​ឲ្យ​ចេញ​ទៅ​បោះឆ្នោត​ដូច​អាណត្តិ​មុនៗ។

នា​ថ្ងៃ​ចន្ទ​នេះ ​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត ​និង​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិន​បាន​ទៅ​បោះឆ្នោត​នា​ថ្ងៃ​អាទិត្យ ស្ដី​បន្ទោស​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ​មិន​បាន​សម្រួល ​និង​ធ្វើ​ឱ្យ​មាន​ការ​អនុញ្ញាត​ច្បាប់​សម្រាក​ដល់​ពួក​គាត់​ ​ឲ្យ​ទៅ​ចូលរួម​ការ​បោះឆ្នោត​ដ៏​មាន​សារៈសំខាន់​នេះ។

ប្រជា​ពល​រដ្ឋ​មួយ​ចំនួន ​ដែល​បាន​ចុះ​ឈ្មោះ​រួចរាល់​តែ​ខកខាន​មិន​បាន​ទៅ​បោះឆ្នោត​បាន​ប្រាប់ VOA​ ក្នុង​កិច្ច​សម្ភាសន៍​នា​ថ្ងៃ​ចន្ទ​នេះ​ថា មូលហេតុ​ចម្បង​ដែល​ពួកគេ​មិនបាន​ទៅ​បោះ​ឆ្នោត​ ​គឺ​ដោយ​សារ​បញ្ហា​នៃ​ការ​ធ្វើ​ដំណើរ និង​ការ​ឈប់​សម្រាក។

ពួកគេ​បាន​បង្ហាញ​ពី​ការ​សោកស្ដាយ​ដែល​មិនបាន​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​មេឃុំ​ ​ចៅ​សង្កាត់​របស់​ពូក​គេ ប៉ុន្តែ​បាន​ប្ដេជ្ញា​ថា ​ពួកគេ​នឹង​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​នា​ឆ្នាំ​២០១៨​ខាង​មុខ​ឲ្យ​ខាង​តែ​បាន។

ក្រុមកម្មកររោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)
ក្រុមកម្មកររោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)

កំពុង​ធ្វើការ​ក្នុង​រាជធានី​ភ្នំពេញ​ ​យុវជន​ ​ស៊ុន តុលា​ ​ប្រាប់​ ​VOA​ ​ថា​ ​បញ្ហា​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​ ​បាន​បង្ខំ​ឲ្យ​លោក​បោះបង់​ការ​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​កំពង់ធំ​ទាំង​សោកស្ដាយ។

យុវជន​ដែល​មិនធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​បោះឆ្នោត​វ័យ​២២​ឆ្នាំ​រូប​នេះ ​បញ្ជាក់​ថា៖

​«បាន​រៀបចំ​ខ្លួន​ហើយ ប៉ុន្តែ​ទៅ​ដល់​បេនឡាន​គឺ​ខក ខក​ជើង​ដោយ​សារ​ឡាន​ដែល​ស្គាល់​គ្នា​គាត់​ចេញ​ទៅ​មុន​ព្រោះ​ពេញ​ហើយ។ ឡាន​ដែល​សល់​ក្រោយៗ​ ​គឺ​ញាត់​ច្រើន ហើយ​អត់​មាន​សុវត្ថិភាព គឺ​ដាក់​ច្រើន​មែនទែន ហើយ​មួយ​ទៀត​ឡាន​ថ្មីៗ​អត់​សូវ​ទុកចិត្ត។ តែង​បារម្ភ​ថា​សុវត្ថិភាព​តាម​ផ្លូវ ព្រោះ​មើល​ទៅ​រាង​ស្ទាវៗ»។

យុវជន​ដែល​បាន​គ្រោង​បោះឆ្នោត​ឲ្យ​មេឃុំ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ បន្ថែម​ថា​ ​លោក​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ ​ជាពិសេស​សម្រាប់​អ្នកធ្វើ​ការ​ឲ្យ​មាន​ពេល​វេលា​ឈប់​សម្រាក​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​នា​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ និង​កំពុង​ធ្វើ​ការ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​លោក​ ​ហុង មករា​ ​ប្រាប់​ថា​ ​លោក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​រំលេច​ ​ស្រុក​បាកាន​ ​ខេត្ត​ពោធិ៍សាត់​ ​ប៉ុន្តែ​លោក​ ​មិន​បាន​ទៅ​បោះឆ្នោត​ដោយ​សារ​លោក​ត្រូវ​ជូន​សាច់ញាតិ​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​សុរិន្ទ​ ​ប្រទេស​ថៃ។

រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃរង់ចាំ​សំណុំឯកសារ​នៅ​ច្រក​ព្រំដែន​ខ្មែរ​ថៃ។
រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃរង់ចាំ​សំណុំឯកសារ​នៅ​ច្រក​ព្រំដែន​ខ្មែរ​ថៃ។

លោក​បន្ថែម​ថា ក្នុង​ថ្ងៃ​បោះឆ្នោត​នោះ​ ​ដោយ​សារ​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​បន្ទាយ​មានជ័យ​ ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់​ មាន​ចម្ងាយ​ឆ្ងាយ​ ​លោក​ក៏​ត្រូវ​ខកខាន​មិន​បាន​ទៅ​បោះឆ្នោត​តាម​ការ​គ្រោង​ទុក។ ទោះ​ជា​យ៉ាង​ណា​ យុវជន​រូប​នេះ​ប្ដេជ្ញា​ថា ​លោក​នឹង​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ដើម្បី​ជ្រើសរើស​មេ​ដឹកនាំ​ដែល​លោក​ពេញ​ចិត្ត។

លោក​ ​ហុង មករា​ ​បញ្ជាក់​ប្រាប់​ ​VOA ​ថា៖

«ក្នុង​ឆ្នាំ​២០១៨​នេះ​ ខ្ញុំ​គិត​ថា​ទោះជា​មាន​បញ្ហា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន ​ដើម្បី​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ដែល​ខ្ញុំ​ពេញ​ចិត្ត​មួយ​រូប សម្រាប់​ដឹកនាំ​ប្រទេស​ជាតិ​ទៅ​មុខ​ឲ្យ​យើង​មាន​ការ​រីក​ចម្រើន។ អញ្ចឹង​ ខ្ញុំ​អត់​ចង់​ឃើញ​ទិដ្ឋភាព​ដូច​សព្វ​ថ្ងៃ​ទេ ប្រសិន​យើង​មាន​ការ​ផ្លាស់ប្ដូរ ឬ​យើង​ចង់​ធ្វើអ្វី​មួយ​ចេញ​ពី​ឆន្ទៈ​របស់​យើង​គឺ​ល្អ»។

យោង​តាម​តួលេខ​បណ្ដោះ​អាសន្ន​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ចេញ​កាល​ពី​ថ្ងៃ​ចន្ទ​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​មាន​ចំនួន​ជាង​៧លាន​នាក់​ ​ស្មើ​នឹង​ជិត​៩០​ភាគរយ​ ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុបជិត​៨​លាន​នាក់។​

ប្រិយមិត្ត VOA បញ្ចេញ​មតិ​ពី​កត្តាមួយ​ចំនួន៖

​ការ​ខកខាន​នោះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ​និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ​អះអាង​ថា​ ភាគ​ច្រើន​ជា​កម្មករ​ដែល​ធ្វើ​ចំណាក​ស្រុក​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ ​ហើយ​ពួក​គាត់​ខកខាន​ទៅ​បោះឆ្នោត​ដោយ​សារ​តែ​មិន​មាន​ការ​សម្រួល​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​បន្ថែម ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត។​

លោក​ ​យឿង សុធារ៉ា​ ​មន្ត្រី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ខុមហ្វ្រែល​ ​ប្រាប់​ VOA ​នា​ថ្ងៃ​ចន្ទ​ថា​ ​បើ​តាម​ការ​ឃ្លាំ​មើល​របស់​លោក​ ​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិនបាន​ទៅ​បោះ​ឆ្នោត​ជាង​៨​សែន​នាក់​នោះ​ ​ភាគ​ច្រើន​គឺជា​កម្មករ​ ​និង​ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស។

លោក​បន្ថែម​ថា​ កម្មករ​ជាង​៧០ម៉ឺន​នាក់​ដែល​កំពុង​ធ្វើការ​ក្នុង​ស្រុក​ ​ភាគ​ច្រើន​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ ​ឬ​រោងចក្រ​របស់​ពួក​គេ​បើក​ប្រាក់ខែ​ក្រោយ​ការ​បោះឆ្នោត។

​លោក​ ​យឿង សុធារ៉ា​ ​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរ​សម្រួល​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​គ្រប់គ្រាន់​ ​ទៅ​តាមចម្ងាយ​ទី​កន្លែង​ដែល​កម្មករ​ទៅ​បោះឆ្នោត​ ​ដើម្បី​ឲ្យ​ពួកគេ​បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត។

​លោក​បញ្ជាក់​ថា៖

«ការ​ផ្ដល់​ឲ្យ​គាត់​បាន​ឈប់​ពេល​វេលា​គ្រប់គ្រាន់​ហ្នឹង​គឺថា ​អនុញ្ញាត​ផ្ដល់​ឱកាស​ឲ្យ​គាត់​សម្ដែង​ឆន្ទៈ​របស់​គាត់ សម្ដែង​ការ​គាំទ្រ​របស់​គាត់​សម្រាប់​បេក្ខជន​ ឬ​គណបក្ស​ណា​ដែល​គាត់​ជឿ​ទុកចិត្ត»។

ក្រុមកម្មកររោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ក្រុមកម្មកររោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

​សម្រាប់​ លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​(Central)​ ​លើក​ឡើង​ថា​ ​ពលករ​ចំណាកស្រុក​ធ្វើការ​នៅ​ប្រទេស​ថៃ​ជិត​៣​ភាគ​រយ​នៃ​ពលករ​សរុប​ជាង​១លាន​នាក់​ ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។​ ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ​ពលករ​ជាង​៥០ភាគ​រយ​នៃ​ពលករ​ដែល​បាន​ចុះ​ឈ្មោះ​ ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​ ​មក​ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា។

លោក​ ​មឿន តុលា​ ​បន្ថែម​ថា​ ​ការ​ខកខាន​ដែល​កម្មករ​ ​និង​ពលករ​ជាច្រើន​មិនបាន​ទៅ​បោះឆ្នោត​ គឺ​ដោយ​សារ​ក្រសួង​ការងារ​មិនបាន​សម្រួល​ឲ្យ​ពួកគេ​បាន​ឈប់​សម្រាក​ ​ដូច​កាល​ពី​ការ​បោះឆ្នោត​អាណត្តិ​មុន។

លោក​បញ្ជាក់​បន្ថែម​ថា៖​

​«ចម្ងល់​ជា​សាធារណៈ​ហ្នឹង​បាន​លើក​ឡើង​ស្រដៀងៗ​គ្នា​ថា​ ​តើ​ហេតុអ្វី​បាន​រដ្ឋាភិបាល​មិន​បាន​ធ្វើ​កិច្ចការ​ហ្នឹង?​ ​សាធារណជន​ដាក់​ចម្ងល់​ថា​ ​ប្រហែល​ជា​បារម្ភ​ខ្លាច​កម្មករ​មិន​បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​កាន់​អំណាច​ទេ​ដឹង​ ​បាន​ជា​គាត់​មិន​ប្រឹងប្រែង​សម្រួល​ឲ្យ​កម្មករ​បាន​ទៅ​បោះឆ្នោត​នៅ​តាម​សហគមន៍​របស់​គាត់​ដែល​គាត់​បាន​ចុះ​បញ្ជី»។

VOA មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ទេ​ ​នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​មិនទាន់​បាន​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​សម្រាប់​ឃុំ​សង្កាត់​សរុប​ទូទាំង​ប្រទេស​ ​ទាំងចំនួន​១.៦៤៦​ ​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ ​លទ្ធផល​បោះឆ្នោត​ដែលគណបក្ស​ប្រជាជន​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិបាន​បង្ហាញ​នា​ថ្ងៃ​ចន្ទ​នេះ​ ​មាន​ភាព​ប្រហាក់​ប្រហែល។​ ក្នុង​ចំណោម​ឃុំ-សង្កាត់​សរុប​ចំនួន​១.៦៤៦ ទូទាំង​ប្រទេស​ ​គណបក្ស​ប្រជាជន​កម្ពុជាប្រកាស​ថា​ ​ខ្លួន​ទទួល​បាន​ឃុំ-សង្កាត់​ចំនួន​១.១៥៨​ ​ដែល​ថយ​ចុះ​ពី​ ​១.៥៩០​ឃុំ-សង្កាត់​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១២​ ​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា ​ខ្លួន​ទទួល​បាន​ឃុំ​សង្កាត់​ជិត​៥០០​ ​បើ​ធៀប​នឹង​ការ​បោះឆ្នោត​ក្នុងឆ្នាំ​២០១២ គណបក្ស​ជំទាស់ ​បាន​ត្រឹម​តែ​ចំនួន​៤០​ឃុំ-សង្កាត់​ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG