ប៉ូលិសបានឲ្យដឹងថាមនុស្ស ៨ នាក់ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្រោយពីពួកគេធ្វើបាតុកម្មនិងដើរក្បួននៅពាក់កណ្ដាលអធ្រាត្រក្នុងថ្ងៃបោះឆ្នោត។
មិនមានសេចក្ដីរាយការណ៍ភ្លាមៗអំពីការរងរបួស ឬថាបាតុកម្មនេះមានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនោះទេ ប៉ុន្តែបាតុករមួយចំនួនកាន់បដាសរសេរថា «ជិវីតពលរដ្ឋស្បែកខ្មៅមានតម្លៃ»។នេះបើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ Q13 Fox ប្រចាំទីក្រុងSeattle។
ប៉ូលិសប្រចាំទីក្រុង Seattle បានឲ្យដឹងថា អ្នកដែលត្រូវបានចាប់ខ្លួនរួមមានម្នាក់ដែលដាក់ដែកគោលតាមផ្លូវនិងម្នាក់ទៀតបើកឡានបុករនាំងផ្លូវ ចូលក្នុងគន្លងសម្រាប់ម៉ូតូរបស់ប៉ូលិស។
ការដើរក្បួនចំនួនពីរត្រូវបានធ្វើឡើងនៅក្នុងទីក្រុង South Lake Union និងនៅតាមតំបន់ទីប្រជុំជនក្នុងទីក្រុង Seattleដែលប៉ូលិសបានប្រកាសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នពេលធ្វើដំណើរទៅទីនោះ។
ប៉ូលិសបានឲ្យដឹងថា អ្នកដើរក្បួនបានបោះរនាំងចរាចរណ៍ទៅលើផ្លូវ ហើយប៉ូលិសដំបូងឡើយបានចេញការព្រមានពីសុវត្ថិភាពសាធារណ:បន្ទាប់មកក៏បានចេញបញ្ជាឲ្យបាតុករនៅតំបន់ Broadway រំសាយ។
ប៉ូលិសទីក្រុងក្នុង Seattle បានបង្ហោះនៅលើ Twitter ថា៖ «មនុស្ស ៨ នាក់ត្រូវបានចាប់ខ្លួននៅយប់នេះពីបទរំខានអ្នកថ្មើរជើង បំផ្លិចបំផ្លាញ វាយប៉ូលិស បើកបរមិនប្រុងប្រយ័ត្ន និងពីបទព្រហ្មទណ្ឌ»។
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅក្នុងទីក្រុង Seatttle ក៏ដូចជានៅតាមបណ្ដារដ្ឋមួយចំនួនទៀតដែរក្នុងសហរដ្ឋអាមេរិក មានការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ប៉ូលិស ក្រោយពីការស្លាប់របស់បុរសជាពលរដ្ឋស្បែកខ្មៅម្នាក់ គឺលោក George Floyd កាលពីខែឧសភា ក្រោមសមត្ថកិច្ចរបស់ប៉ូលិស៕