ប៉មតួអេហ្វែល (Eiffel Tower) ក្នុងទីក្រុងប៉ារីស ដែលជាវិមានដែលតំណាងឲ្យប្រទេសបារាំងខ្លាំងបំផុតមួយ បានបើកទ្វារទទួលភ្ញៀវឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីត្រូវបង្ខំបិទទ្វារអស់រាប់ខែដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩។
ប៉ុន្តែអ្នកដែលឡើងលេងនៅប៉មនេះត្រូវឡើងតាមកាំជណ្តើរ ៦៧៤កាំ ដែលត្រូវចំណាយពេលពី៣០ទៅ៤៥នាទី ដោយសារជណ្តើរយោងទាំងបីនៅតែត្រូវបិទដើម្បីបង្ការការឆ្លងដល់ភ្ញៀវទេសចរ។
ប្រទេសបារាំងបានរងផលវិបាកខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ១៩ ដោយមកទល់នឹងថ្ងៃព្រហស្បតិ៍មានអ្នកស្លាប់ពីជំងឺនេះរហូតដល់ជិត៣០,០០០នាក់ (២៩,៧៣៤) និងអ្នកឆ្លងសរុប១៩៧,៨៨៥នាក់។ ប្រធានាធិតបីបារាំងលោក Emmanuel Macron បានរងការរិះគន់ពីរបៀបដែលរដ្ឋាភិបាលលោកបានចាត់ចែងក្នុងការឆ្លើយតបនឹងវិបត្តិសុខាភិបាលនិងសេដ្ឋកិច្ចនេះ។
ការបើកទ្វារតំបន់ទេសចរណ៍សំខាន់នេះក៏បង្ហាញពីសញ្ញាពីការរើបឡើងវិញដ៏សន្សឹមៗរបស់ទ្វីបអឺរ៉ុបពីវិបត្តិកូវីដ១៩ ខណៈដែលទ្វីបនេះនៅព្យាយាមរកតុល្យភាពរវាងបើកសេដ្ឋកិច្ចឡើងវិញខណៈនៅមានការបារម្ភពីការឆ្លងបន្តនៃជំងឺនេះ៕