លោក Wils Wolvers មានហាងធ្វើសក់មួយនៅខាងក្រៅក្រុងឡាអេនៃប្រទេសហូឡង់ដែលលោកបានបើកទ្វារប្រកបអាជីវកម្ម១៤ឆ្នាំមកហើយ។មានមនុស្ស១,៥០០នាក់បានកក់ពេលសម្រាប់ទៅធ្វើសក់នៅហាងលោកតែប៉ុន្មានថ្ងៃក្រោយពីលោកបានប្រកាសថាលោកអាចបើកទ្វារធ្វើការជាថ្មីវិញបាន។ នៅក្រោយបិទទ្វារពីរខែលោកនិងក្រុមរបស់លោកបានធ្វើការពេញ២៤ម៉ោងក្នុងមួយថ្ងៃដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន។លោក Wolvers បាននិយាយថា៖
«យើងត្រូវតែដាក់របាំងនៅចន្លោះកន្លែងកក់សក់ដើម្បីឱ្យយើងអាចកក់សក់អតិថិជនបានហើយបើយើងមិនធ្វើដូច្នេះទេពួកអតិថិជននឹងអង្គុយជិតគ្នា។ហើយនៅចន្លោះកន្លែងយើងកាត់សក់និងកន្លែងយើងលាបសក់ យើងក៏មានរបាំងដែរ។ ជាធម្មតាយើងអាចមានអតិថិជន៥ឬ៦នាក់នៅពេលតែមួយ។ក៏ប៉ុន្តែយើងអាចបំពេញការងារជាមួយពាក់កណ្តាលនៃចំនួននេះ។ដូច្នេះហើយបានជាយើងបើកទ្វារទាំង៧ថ្ងៃដោយធ្វើការទាំងពេលយប់ផងដែរ»។
លោកWolvers សប្បាយចិត្តដោយមានអតិថិជនបានកក់ពេលសម្រាប់ទៅធ្វើសក់ក្នុងពេលអនាគតតទៅទៀត ក៏ប៉ុន្តែលោកសង្ស័យថាការកក់ទាំងនេះនឹងមិនអាចទូទាត់ជាមួយការខាតប្រាក់ចំណូលនៅពេលហាងលោកបានបិទទ្វារទេ។
ប្រាក់ជំនួយរបស់រដ្ឋាភិបាលបានជួយលោកឱ្យបង់ប្រាក់បៀវត្សរ៍សម្រាប់ពួកបុគ្គលិកនៅពេលបិទប្រទេស ក៏ប៉ុន្តែលោកនៅតែត្រូវចំណាយផ្នែកមួយនៃប្រាក់សន្សំរបស់លោកសម្រាប់បង់សោហ៊ុយទៀងទាត់ដូចជាការធានារ៉ាប់រងនិងថ្លៃជួលកន្លែងជាដើម។
នៅទូទាំងទ្វីបអឺរ៉ុប ហាងលក់ទំនិញនិងភោជនីយដ្ឋានបានបើកទ្វារហើយឬមួយប្រុងប្រៀបនឹងបើកទ្វារប្រកបអាជីវកម្មជាថ្មីឡើងវិញ។ភោជនីយដ្ឋានបានទទួលការកក់កន្លែងជាច្រើនហើយមនុស្សបានឈរបន្តគ្នាដើម្បីចូលទិញឥវ៉ាន់នៅក្នុងហាងទំនិញមិនចាំបាច់។ក៏ប៉ុន្តែវិធានការនៃការនៅឃ្លាតពីគ្នាខាងសង្គមមានន័យថាអាជីវកម្មអាចបើកលក់ដូរបានតិចជាងកម្រិតធម្មតា។
លោក Bruegel Simone Tagliapietra ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯអង្គការស្រាវជ្រាវខាងសេដ្ឋកិច្ចអឺរ៉ុប។លោកនិយាយថាទោះណាមានការបន្ធូរបន្ថយវិធានការបិទប្រទេសក៏ដោយក៏អ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគចាយវាយតិចជាងមុន។ លោក Tagliapietra និយាយថា៖
«ទិន្នន័យថ្មីមួយដែលចេញផ្សាយដោយធនាគារកណ្តាលអឺរ៉ុបបង្ហាញថាការសន្សំប្រាក់កាសក្នុងទ្វីបអឺរ៉ុបក្នុងខែមីនាមានលើសពីកម្រិតប្រាក់សន្សំជាមធ្យមភាគកាលពីប៉ុន្មានឆ្នាំមុននេះ។មនុស្សគិតតែពីសន្សំប្រាក់ទុក។ពួកគេមិនដឹងទេថាតើរលកទីពីរនៃការរាតត្បាតជាសាកលនៃជំងឺកូវីដនឹងកើតមានឡើងនៅពេលណាទេ។ពួកគេមិនប្រាកដប្រជាអំពីសុវត្ថិភាពនៃការងារពួកគេទេ។ដូច្នេះពួកគេមិនចាយវាយទេ»។
អាជីវកម្មខ្នាតតូចនិងខ្នាតកណ្តាលមានចំនួន៩៩ភាគរយនៃសហគ្រាសទាំងអស់ក្នុងសហភាពអឺរ៉ុប។មានអាជីវកម្មទាំងអស់២៥លានហើយមានអ្នកធ្វើការជាង២ភាគ៣នៃក្រុមអ្នកធ្វើការងារទាំងអស់នៃសហភាពអឺរ៉ុប។ពួកគេជាកម្លាំងមាំនៃសេដ្ឋកិច្ចសហភាពអឺរ៉ុប ក៏ប៉ុន្តែពួកគេជាជនអាចរងគ្រោះដោយងាយដោយសារការប៉ះទង្គិចពីខាងក្រៅដូចជាការរាត្បាតជាសាកលនៃជំងឺកូវីដ១៩ជាដើម។
ការស្ទង់មតិមួយដោយអង្គការSMEunited ដែលជាអង្គការធំមួយគ្របដណ្តប់លើសហគ្រាសខ្នាតតូចនិងខ្នាតមធ្យមនៃទ្វីបអឺរ៉ុបបង្ហាញថាចំនួនពាក់កណ្តាលនៃអាជីវកម្មទាំងនេះបានខាតបង់ប្រាក់ចំណូល៥០ភាគរយ។ចំនួននេះកើនឡើងដល់៨០ភាគរយនៅក្នុងប្រទេសនានាដែលបានរងគ្រោះខ្លាំងដោយសារការរាត្បាតជាសាកលនៃវីរុសកូរ៉ូណាដូចជានៅក្នុងប្រទេស Espagne និងប្រទេសអ៊ីតាលីជាដើម។
អ្នកស្រី Veronica Willems ជាអគ្គលេខាធិការិនីនៃអង្គការ SMEunited។អ្នកស្រីនិយាយថា ម្ចាស់អាជីវកម្មជាច្រើនខិតខំរកវិធីដោះស្រាយនៅពេលមានការបិទប្រទេសដោយសារការរាតត្បាតជាសាកលនៃជំងឺនេះដើម្បីធ្វើប្រតិបត្តិការបានក៏ប៉ុន្តែពួកគេនៅតែត្រូវការការគាំទ្រដែរ។ អ្នកស្រី Willems បាននិយាយថា៖
«អ្វីដែលយើងបានកត់សម្គាល់គឺថាកញ្ចប់ជំនួយរបស់ជាតិនិងវិធានការជំនួយរបស់អឺរ៉ុបមិនបានទៅដល់ពួកសហគ្រិនឱ្យបានឆាប់រហ័សដូចដែលពួកគេបានសង្ឃឹមនោះទេ។ យើងមានអារម្មណ៍ថាជាការមានសារៈសំខាន់ណាស់ដែលត្រូវតែមានការបន្តវិធានការគ្រាមានអាសន្ននៅកន្លែងដែលគេត្រូវការ»។
សហភាពអឹរ៉ុបជជែកដេញដោលគ្នាអំពីផែនការសម្រាប់បង្កើតមូលនិធិមួយដើម្បីធ្វើឱ្យសេដ្ឋកិច្ចរើបឡើងវិញដែលមានរួមបញ្ចូលការផ្តល់ប្រាក់ជំនួយប្រាក់កម្ចីនិងការធានារ៉ាប់រងដែលមានទឹកប្រាក់សរុបជាង២លានលានដុល្លារ។ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់បានបង្ហាញផែនការរបស់ពួកគេផ្ទាល់កាលពីសប្តាហ៍ទីបីនៃខែឧសភា។
ប្រែសម្រួលដោយ ឈឹម សុមេធ