ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សេដ្ឋកិច្ច​ព្យាករណ៍​ថា​សេដ្ឋកិច្ច​ម៉ាឡាវី​នឹង​ប្រឈម​ភាព​រកាំរកូស​នៅ​ឆ្នាំ​២០១៥


ទីតាំង​​ភូមិសាស្រ្ត​របស់​ប្រទេស​ម៉ាឡាវី។
ទីតាំង​​ភូមិសាស្រ្ត​របស់​ប្រទេស​ម៉ាឡាវី។

អ្នក​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ម៉ាឡាវី (Malawi) និយាយ​ថា​ ប្រទេស​ម៉ាឡាវី​ទំនង​ជាបន្ត​ជួប​ប្រទះ​បញ្ហា​ប្រឈម​ផ្នែកហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០១៥​ជា​មិនខាន​ ប្រសិនបើ​រដ្ឋាភិបាល​មិន​អាចរក្សា​ទំនុកចិត្តរបស់​អ្នក​ផ្តល់​ជំនួយ​ឡើងវិញ ដែល​កំពុង​បន្ត​បដិសេធ​ជំនួយ៤០ភាគរយ​នៃ​ប្រាក់​ជំនួយ​ឧបត្ថម្ភសរុប​ដោយសារ​រឿង​អាស្រូវ​អំពើ​ពុក​រលួយ​ដែល​គេ​ស្គាល់​តាម​ឈ្មោះ​ថា​ឃេសហ្គេត (Cashgate​) ។ ថវិកា​ជាង​៣០​លាន​ដុល្លារ​ត្រូវ​បាន​លួច​យក​ចេញ​ពី​ថវិកា​រដ្ឋ​នៅក្នុង​រឿង​អាស្រូវ​ពុករលួយ​នោះ ហើយ​មនុស្ស​ជាច្រើន​នាក់​រួមទាំង​មន្រ្តី​រដ្ឋាភិបាល​ផង​ត្រូវ​បាន​ចាប់​ខ្លួន។

ការ​បដិសេធ​ជំនួយ​នោះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាលម៉ាឡាវី​អនុម័ត​គម្រោង​ថវិកា​ជាតិ​មួយដែល​ត្រូវ​បាន​ហៅថា​«ជំនួយ​សូន្យ» (Zero Aid) សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៤​-​២០១៥។ អ្នក​វិភាគបាន​និយាយ​ថា​ ការ​ធ្លាក់​ចុះ​នៃ​ការ​ចំណាយ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

លោក​ Abel Mwanyungwe​ ​សាស្រ្តាចារ្យ​សេដ្ឋកិច្ច​មហា​វិទ្យាល័យ​ពហុ​វិជ្ជា​នៃ​សាកលវិទ្យាល័យ​ម៉ាឡាវី​ (University of Malawi) និយាយ​ថា៖ «នេះ​ជា​ឆ្នាំ​ដែល​មាន​ភាព​រកាំរកូស​ដោយសារ​តែ​យើង​ទទួល​ផល​ប៉ះពាល់​ពីរឿង​អាស្រូវ ​Cashgate ដែល​បាន​ជះឥទ្ធិពល​ខ្លាំង​មក​លើ​ដំណើរ​ការ​សេដ្ឋកិច្ច។​នៅ​ក្នុង​ករណី​ភាគច្រើន​ យើង​ឃើញ​ថា​ មន្ទីរសំខាន់ៗ​ដែល​ងាយ​រង​ការ​ប៉ះពាល់​ និង​ស្ថាប័ន​ផ្តល់​សេវាកម្ម​ផ្សេងៗ​ទទួល​រង​ការ​ប៉ះពាល់​ តាម​របៀប​ផ្សេងៗ​ដូចជា​ការ​ដែល​យើង​មិន​មាន​ថ្នាំ​គ្រប់​គ្រាន់​នៅ​តាម​មន្ទីរពេទ្យ​។ នៅ​តាម​សាលា​ជា​ច្រើន ​គ្រូ​បង្រៀន​ទទូល​បាន​ប្រាក់​ខែ​យឺតយ៉ាវ»។

លោក​ Mwanyungwe​ ក៏​បាន​ផ្សារ​ភ្ជាប់​រឿង​អាស្រូវ​ពុករលួយ​ Cashgate ទៅ​នឹង​ការ​ធ្លាក់ចុះនៃ​តម្លៃ​រូបិយបណ្ណ​ kwacha ​របស់ម៉ាឡាវី​ផង​ដែរ​ ដែល​ជា​លទ្ធផល​បាន​បណ្តាល​ឲ្យ​មាន​កូដកម្ម​ពី​សំណាក់​មន្រ្តីរដ្ឋាភិបាល​ដែល​ទាម​ទារ​ការ​តម្លើង​ប្រាក់​បៀវត្សន៍​ខ្ពស់​ជាង​មុន។

ជា​ឧទាហរណ៍​ បុគ្គលិក​ជំនួយការ​នៅ​ក្នុង​ស្ថាប័ន​យុត្តិធម៌​បាន​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​៦​សប្តាហ៍​ ដោយ​ទាមទារ​ការ​តម្លើង​ប្រាក់​ខែ៤៥​ភាគរយ​ ដែល​ជា​អ្វី​រដ្ឋា​ភិបាល​និយាយ​ថា​ខ្លួន​មិន​អាច​មាន​លទ្ធភាព​ផ្តល់​ឲ្យ​ដោយសារ​តែ​កង្វះ​ថវិកា​។

ក្រុម​បុគ្គលិក​នៅ​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ​ម៉ាឡាវី​បាន​ធ្វើ​កូដកម្មទាមទារ​ការ​តម្លើង​ប្រាក់​ខែ​៧០​ភាគ​រយ រហូត​ដល់​ថ្នាក់​រដ្ឋាភិបាល​បានគំរាម​រឹបអូស​យក​ប្រាក់ខែ​ប្រចាំ​ខែ​ធ្នូ​របស់​ពួក​គេ បើសិន​ជា​ពួក​គេ​មិន​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ទេ​នោះ។​

លោក​ Mwanyungwe​ ក៏បាន​និយាយ​ថា​ រដ្ឋាភិបាល​អាច​បញ្ជៀស​ការ​ធ្វើ​កូដកម្ម​បាន​នៅ​ក្នុង​ឆ្នាំ​២០១៥ ប្រសិនបើរដ្ឋាភិបាលព្យាយាម​ស្តារទំនុកចិត្ត​ម្ចាស់​ជំនួយ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ខ្លួន​ឡើង​វិញ។

«អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​គឺ​ថា បើ​សិន​ជា​យើង​មិន​អាច​កសាង​ទំនុកចិត្ត​ម្ចាស់​ជំនួយ ហើយ​ម្ចាស់​ជំនួយមិន​ត្រឡប់​មក​វិញ​ទេ​នោះ​ រដ្ឋាភិបាល​អាច​បង្ខំ​ចិត្តខ្ចី​លុយ​ក្នុង​ស្រុក​ដ៏​ច្រើន ​ដែល​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ផ្សេងៗ​ តួយ៉ាងអតិផរណា​ អត្រា​ប្តូរ​ប្រាក់ ហើយ​ទាំង​នេះ​អាច​បង្ក​នូវ​ស្ថាន​ភាព​មួយ​ដែល​គេ​ហៅ​ថា​ «ចាប់​ខាង​ណា​ក៏​ខាត»។

នៅ​ក្នុង​ចំណោម​កត្តា​ពាក់ព័ន្ធ​ដទៃ​ទៀត​ ម្ចាស់​ជំនួយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាត់​ទោស​មនុស្ស​ទាំង​អស់​ដែលជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​នោះ​ ហើយ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួនឲ្យ​បាន​ប្រសើរ​ជាង​មុន។

លោក​ Newton Kambala ​ជា​ប្រធាន​សហព័ន្ធ​សភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ម៉ាឡាវី។ លោក​បាន​និយាយ​ថា​ រឿង​អាស្រូវនោះ​បាន​បន្សល់​ទុក​នូវឆ្នាំ​២០១៤ ​ជា​«ឆ្នាំ​ដែល​អាក្រក់ខ្លាំង​សម្រាប់​វិស័យ​ជំនួញ​ ពីព្រោះ​តែ​រដ្ឋាភិបាល​បាន​ជំពាក់​បំណុល​វិស័យឯកជន​យ៉ាងធំធេង»។ លោក​បានព្រមាន​ថា​ ប្រសិន​បើ​ស្ថានភាព​នៅ​តែ​បន្ត នោះ«ឆ្នាំ២០១៥​ នឹង​កាន់​តែ​អាក្រក់​ជាង​មុន»។

ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្លូវ​រដ្ឋ​ប្រចាំ​ឆ្នាំ​ ប្រធានាធិបតី​ម៉ាឡាវី​លោក​ Peter Mutharika មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាម​តែ​អាច​ធ្វើ​បាន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​បង្ក​ឡើង​ដោយ​រឿង​អាស្រូវ​ Cashgate។

«រដ្ឋាភិបាល​របស់​យើង​បាន​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដើម្បី​ធានា​ថា​ រឿង​អាស្រូវ​ Cashgate​ នឹង​មិន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ាឡាវី​ម្តង​ទៀត​ទេ។ យើង​បាន​រៀប​ចំ​ធនធាន​ផ្នែក​អនុវត្តន៍​ច្បាប់​យ៉ាង​ខ្ជាប់​ខ្ជួន​ រួមទាំង​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ការ​ដោយ​ឯករាជ្យ​ពេញលេញ​ អាច​កាត់​ទោស​ជន​សង្ស័យ​ និង​ប្រមូល​មក​វិញ​នូវ​ធនធាន​ដែល​បាត់បង់តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

លោក​ Mutharika ក៏​បាន​លើកឡើង​ផងដែរ​ថា រដ្ឋាភិបាលរបស់​លោក​កំពុង​អនុវត្ត​កំណែ​ទម្រង់​សារពើពន្ធ​ដែល​ទើប​តែ​អនុម័តនា​ពេល​ថ្មី​ៗ​ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​បាន៥,៥​ភាគរយ​នៅឆ្នាំ២០១៤ ដែលកើន​ពី​កម្រិត​ព្យាករណ៍​៥​ភាគរយ​នៅ​ឆ្នាំ​២០១៣៕

ប្រែសម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG