នៅសប្តាហ៍ទីមួយនៃខែឧសភានេះប្រទេសកេនយ៉ាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រឆាំង អំពើពុករលួយ។ ក្រុមមន្ត្រីមកពីប្រទេសក្នុងទ្វីបអាហ្វ្រិកជាង១០ត្រូវបានរំពឹងថានឹងពិភាក្សាអំពីវិធី សាស្រ្ត ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយដែលស្ថិតនៅខាងក្នុង និងក្នុងចំណោមប្រទេសទាំង ឡាយនៅលើទ្វីបនេះ។
ស្ថិតនៅលើរបៀបវារៈដ៏ខ្ពស់ គឺជាការចែករំលែកគ្នាស្តីពីការអនុវត្តដ៏ល្អប្រសើរបំផុត ឬមធ្យោបាយ ជាក់ស្តែង ដែលរដ្ឋាភិបាលអាចប្រយុទ្ធប្រឆាំងទៅលើបែបផែននៃអំពើពុករលួយ។
លោក នីកូឡា ស៊ីម៉ានី (Nicholas Simani) ជាមន្ត្រីទំនាក់ទំនងសាធារណៈ នៃគណៈកម្មការប្រឆាំង អំពើពុករលួយរបស់កេនយ៉ា ដែលជាម្ចាស់ផ្ទះនៅក្នុងការជួបប្រជុំលើកនេះ។
លោក មានប្រសាសន៍ថា ប្រធានបទសំខាន់មួយ គឺថាតើប្រទេសនីមួយៗ ត្រូវធ្វើសេចក្តីព្រាងនិងអនុម័តច្បាប់ និងយុត្តិសាស្រ្តប្រឆាំងអំពើពុករលួយយ៉ាងដូចម្តេច។ លោកផ្តល់ជាឧទាហរណ៍ថា គណៈកម្មការប្រឆាំងអំពើពុករលួយរបស់កេនយ៉ា គ្មានសិទ្ធិអំណាចក្នុងការនាំជនល្មើស មកកាត់ ទោសទេ ប៉ុន្តែសមភាគីរបស់ខ្លួន រួមមាន ប្រទេស យូហ្គាន់ដា (Uganda) និង តង់ហ្សានី (Tanzania) អាចនាំជនល្មើសមកកាត់ទោសបាន។
ប្រធានបទមួយទៀត គឺគោលនយោបាយ និងនីតិវិធីលទ្ធកម្ម ឬហៅថាការលក់ទិញទំនិញឬសេវា។
«នៅតង់ហ្សានី រាល់ការទិញក្នុងចំនួនជាក់លាក់ណាមួយ ត្រូវបានបោះពុម្ពផ្សាយ នៅលើទំព័រ កាសែត ដូច្នេះសាធារណជន អាចដឹងថាតើកិច្ចសន្យាអ្វីខ្លះ ត្រូវផ្តល់ជូនទៅក្រុមហ៊ុនណាមួយ ក្នុងការធ្វើកិច្ចការអ្វីមួយ ហើយចំនួនដែលត្រូវបានផ្តល់ជូន និងរយៈពេលដែលកិច្ចសន្យានោះគ្របដណ្តប់។ នោះជាអ្វីដែលប្រទេសកេនយ៉ា អាចរៀនសូត្រ»។
រដ្ឋាភិបាល ក៏រំពឹងថានឹងពិភាក្សាអំពីវិធីសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងកាត់ព្រំដែន។
«តាមរយៈការលាងលុយ ឬតាមរយៈការរត់ពន្ធថ្នាំញៀន អ្នកអាចទទួលមូលនិធិពីប្រទេសមួយ ហើយអ្នកអាចទៅវិនិយោគមូលនិធិនោះ ទៅក្នុងប្រទេសមួយទៀត។ វាជាការណ៍សំខាន់ខ្លាំងណាស់ សម្រាប់ពួកយើង ដើម្បីឲ្យមានលទ្ធភាពធ្វើកិច្ចការរួមគ្នា ហើយចែករំលែកព័ត៌មាន ដូច្នេះមូលនិធិ ទាំងនោះ អាចតាមដានបាន ហើយទ្រព្យសម្បត្តិទាំងនោះ អាចផ្អិបទុក។ ជាមូលដ្ឋានយើងអាច មាន លទ្ធភាពក្នុងការសុំឱ្យប្រទេសជិតខាងរឹបអូសទ្រព្យសម្បត្តិ និងយកមកវិញឬចាប់ខ្លួនបុគ្គល ទាំងឡាយណាដែលជាប់ពាក់ព័ន្ធទៀតផង»។
អំពើពុករលួយ បានចាក់ឫសយ៉ាងជ្រៅ នៅតាមបណ្តាប្រទេសជាច្រើន ក្នុងទ្វីបនេះ។ ការសូកប៉ាន់ ការកិបកេងមូលនិធិ ប្រាក់សាគុណក្នុងការទិញទំនិញនិងសេវា និងបក្សពួកនិយម គឺជាមុខមាត់នៃបែបផែននៅក្នុងផ្នែកសាធារណៈ និងឯកជនទៀតផង។
បើយោងតាមរបាយការណ៍ថ្មីបំផុត នៃអង្គការប្រឆាំងអំពើពុករលួយសកលលោក ឈ្មោះ អង្គការ តម្លាភាពអន្តរជាតិ (Transparency International) ទី្វបអាហ្រ្វិក ជាតំបន់ពុករលួយបំផុត នៅក្នុង ពិភពលោក ដោយប្រទេសសូម៉ាលី (Somalia) ស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសពុករលួយបំផុត ហើយប៊ូតស្វាណា (Botswana) ជាប្រទេសពុករលួយតិចតួច នៅលើទ្វីបនេះ។
អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (United Nations Convention Against Corruption) ឬហៅកាត់ថា UNCAC ត្រូវបានអនុម័តនៅក្នុងឆ្នាំ២០០៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើ ពុករលួយ នៅអាហ្វ្រិក និងជុំវិញពិភពលោក។ អនុសញ្ញានេះ ត្រូវបានចុះហត្ថលេខាដោយប្រទេស ចំនួន១៤០ តាំងពីដំបូង។
ការជួបប្រជុំនៅសប្តាហ៍នេះ ត្រូវបានរំពឹងថានឹងពិនិត្យមើលអនុសញ្ញានោះ និងវាយតម្លៃទៅលើការ អនុវត្តរបស់ក្រុមប្រទេសនៅអាហ្វ្រិកទាំងឡាយ។
លោក វ៉ាលីមូ ម៉ាទី (Mwalimu Mati) ជាប្រធានអង្គការតាមដានមើលរដ្ឋាភិបាលលើអំពើពុករលួយ ឈ្មោះ Mars Group Kenya។ លោក បានទទូចដល់គណៈប្រតិភូ ឲ្យពិនិត្យយ៉ាងហ្មត់ចត់ថាតើ រដ្ឋាភិបាលគោរពតាមបទប្បញ្ញត្តិនោះដែរឬអត់។
«នៅលើក្រដាស ប្រទេសកេនយ៉ាហាក់បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអនុសញ្ញារបស់អង្គការ សហប្រជាជាតិ ប៉ុន្តែចំណែកការអនុវត្តវិញ ស្ថាប័នមួយចំនួន ជាពិសេស តុលាការ បានលំអៀង ទៅរកភាពមិនចម្រើនទៅវិញ ដើម្បីធានាឲ្យប្រាកដថា ជនសង្ស័យ ត្រូវបានបិទបាំងពីការតាមដាន របស់បទប្បញ្ញត្តិលាងលុយ និងបទប្បញ្ញត្តិជំនួយការផ្នែកច្បាប់ នៅក្នុងអនុសញ្ញានោះ»។
លោក សាម៉ានី នៃគណៈកម្មការប្រឆាំងអំពើពុករលួយរបស់កេនយ៉ា បានឲ្យដឹងថា លោកគិតថា ការបង្កើតឲ្យមានសុឆន្ទៈខាងនយោបាយដើម្បីបញ្ឈប់តែម្តង គឺជាបញ្ហាប្រឈមយ៉ាងធំធេងបំផុត និងពិបាកបំផុត ក្នុងការគ្រប់គ្រង។
គណៈប្រតិភូមកពីប្រទេសចំនួន១៧ នៅទូទាំងពិភពលោក ត្រូវបានរំពឹងថានឹងចូលរួមនៅក្នុងសន្និ សីទនេះ។ ប្រទេសនៅទ្វីបអាហ្រ្វិក រួមមាន ប៊ូតស្វាណា (Botswana) សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (DRC) ហ្កាណា (Ghana) ម៉ាឡាវី (Malawi) ម៉ារ៉ុក (Morocco) ណាមីប៊ី (Namibia) នីហ្សេរីយ៉ា(Nigeria) រ្វ៉ាន់ដា (Rwanda) អាហ្វ្រិកខាងត្បូង (South Africa) ស៊ូដង់ខាងត្បូង (South Sudan) ស្វាហ្សីឡែន (Swaziland) តង់ហ្សានី (Tanzania) យូហ្កាន់ដា (Uganda) និងហ្សាមប៊ី (Zambia)៕
ប្រែសម្រួលដោយ លី សុខឃាង