ដោយ Peter Cox
ក្រុមមេដឹកនាំអាហ្រ្វិកបានស្វែងរកជាយូរមកហើយនូវដំណោះស្រាយមួយចំពោះអ្វីដែលត្រូវបានហៅថា លំហូរចេញនៃអ្នកចេះដឹង ដោយបានបាត់បង់ប្រាជ្ញារបស់មនុស្សវ័យក្មេងរបស់ពួកគេទៅក្នុងទីផ្សារការងារនៅបស្ចិមប្រទេស ឬនៅក្នុងទ្វីបអាស៊ី។ ប៉ុន្តែ ការសិក្សានាពេលថ្មីៗនេះ បង្ហាញថានិន្នាការបែបនេះកំពុងផ្លាស់ប្តូរ។ ពីទីក្រុង ចូហាននែសប័ក (Johannesburg) ភីតធ័រ ខហ្ក (Peter Cox) រាយការមកថា ឥឡូវនេះ និស្សិតអាហ្រ្វិកជាច្រើន ដែលសិក្សានៅបរទេស បានស្វែងរកឱកាសដើម្បីប្រើប្រាស់ការបណ្តុះបណ្តាលរបស់ពួកគេនៅក្នុងស្រុកវិញ។
សិស្សជាតិម៉ូរ៉ុកកូ (Morocco) វ័យ១៩ឆ្នាំ ឈ្មោះ រីដា ម័រឌី (Reda Merdi) កំពុងបញ្ចប់ការសិក្សា នៅឯសាលាបណ្ឌិត្យសភាភាពជាអ្នកដឹកនាំនៅអាហ្រ្វិក នៅក្នុងទីក្រុង ចូហាននែសប័ក។ នៅក្នុងខែសីហា លោកនឹងទៅសិក្សានៅឯសាកលវិទ្យាល័យភិនស៊ីលវ៉ានៀ (University of Pennsylvania) ដ៏ល្បីល្បាញមួយ នៅសហរដ្ឋអាមេរិក ដែលនៅទីនោះ លោកនឹងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនិងពាណិជ្ជកម្ម។
ម័រឌី និយាយថា ទោះបីជាលោកមានឱកាសទៅសិក្សានៅសហរដ្ឋអាមេរិកក្តី មហិច្ឆតាយូរអង្វែងរបស់លោក គឺប្រើប្រាស់ការបណ្តុះបណ្តាលផ្នែកអប់រំរបស់លោកនៅអាហ្រ្វិក។
«វាមានការចាប់អារម្មណ៍ច្រើនជាងមុនក្នុងការធ្វើការនៅអាហ្រ្វិកនាពេលបច្ចុប្បន្ននេះ។ មានឱកាសច្រើនជាងមុន មានកន្លែងជាច្រើនសម្រាប់អ្នកដើម្បីធ្វើការងារ និងមានកន្លែងច្រើនដើម្បីបង្ហាញពីសមត្ថភាពរបស់អ្នក។ ដូចគ្នាផងដែរ ពីព្រោះមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលបានកើតឡើងនៅក្នុងទ្វីបអាហ្រ្វិក។»
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ប្រទេសចំនួន៧នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតចំនួន១០នៅលើពិភពលោក ឥឡូវនេះស្ថិតនៅក្នុងទ្វីបអាហ្រ្វិក។
ស្ថិតិដែលប្រមូលដោយអង្គការវេទិការសេដ្ឋកិច្ចពិភពលោក បង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់របស់អាហ្រ្វិកជាច្រើន បានបង្កើនការទាក់ទាញកម្មករដែលមានចំណេះដឹងជាចាំបាច់។
ប្រទេសនីហ្សេរីយ៉ា (Nigeria) ស្ថិតក្នុងលំដាប់ថ្នាក់ទី១១២នៅក្នុងពិភពលោក កាលពីឆ្នាំ២០០៨ ចំពោះការរក្សាទុកកម្មករដែលមានចំណេះដឹង។ ឥឡូវនេះ ប្រទេសនេះមានចំណាត់ថ្នាក់ទី៤៨។ ប្រទេសអាហ្រ្វិកខាងត្បូង (South Africa) មានការរីកចំរើនពីលេខរៀងទី៧២មកលេខរៀងទី៤៨ នៅក្នុងតារាងចំណាត់ថ្នាក់របស់ពិភពលោក ហើយប្រទេសហ្គាណា (Ghana) ងើបឡើងពីចំណាត់ថ្នាក់ទី១២៥ មកនៅត្រឹមទី៥៣វិញ។
ការស្ទាបស្ទង់មតិកាលពីពេលថ្មីៗនេះពីសំណាក់ក្រុមហ៊ុនវិនិយោគឯកជនមួយ នៅទីក្រុង ចូហាននែសប័ក ដែលមានឈ្មោះថា ចាកាណា (Jacana) បានរកឃើញថា ៧០ភាគរយនៃនិស្សិតអាហ្រ្វិក ដែលបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម នៅឯសាលាល្បីៗនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប មានផែនការវិលត្រឡប់មកអាហ្រ្វិកវិញ បន្ទាប់ពីបញ្ចប់ការសិក្សា។
ការរកឃើញនេះមិនបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ លោក រឺប៊ែកកា ហារីសុន (Rebecca Harrison) ដែលជានាយកគម្រោងរបស់អង្គការផ្តួចផ្តើមការគ្រប់គ្រងអាហ្រ្វិក ដែលជួយបណ្តុះបណ្តាលអ្នកគ្រប់គ្រងនៅក្នុងទ្វីបនេះ។
«និយាយដោយខ្លីទៅ អារម្មណ៍របស់ខ្ញុំគឺថា មានការផ្លាស់ប្តូរពិតប្រាកដមួយ។ យើងកំពុងចាប់ផ្តើមកសាងទំនាក់ទំនងជាមួយសាលាពាណិជ្ជកម្មជាន់ខ្ពស់ជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប ដើម្បីបង្កើតក្លឹបអាហ្រ្វិក។ ដូច្នេះ អ្នកទាំងឡាយមានការចាប់អារម្មណ៍ធ្វើការងារនៅទ្វីបអាហ្រ្វិកនាពេលអនាគត។ មួយចំនួនមកពីទ្វីបអាហ្រ្វិក មួយចំនួនមកកន្លែងផ្សេងទៀត ប៉ុន្តែ មានការចាប់អារម្មណ៍ទៅលើទ្វីបនេះ។ យើងបានឮពីពួកគេថា សមាជិកភាពរបស់ពួកគេកំពុងមានការកើនឡើងដ៏គួរឲ្យកត់សម្គាល់។ ពួកគេទាំងអស់ចង់មកទីនេះ និងធ្វើកម្មសិក្សានៅទីនេះ ដោយផ្តល់ប្រឹក្សាដល់គម្រោងនៅទីនេះ។ ពួកគេមានការចាប់អារម្មណ៍ក្នុងស្វែងរកការងារធ្វើនៅទីនេះ។»
សាលាបណ្ឌិត្យសភាភាពជាអ្នកដឹកនាំអាហ្រ្វិក ឬហៅកាត់ថា (ALA) ត្រូវបានបង្កើតឡើងក្នុងគោលដៅបង្កើតអ្នកដឹកនាំអាហ្រ្វិកជំនាន់ថ្មី។ សាលានេះគឺមានការជ្រើសរើសខ្លាំងណាស់ ដោយទទួលយកអ្នកដាក់ពាក្យតែ៣ភាគរយតែប៉ុណ្ណោះ។
លោក ហ្រ្វែដ ស្វានីក័រ (Fred Swaniker) ដែលជាស្ថាបនិកមួយរូបនៃសាលាបណ្ឌិត្យសភានេះ បានបង្កើតកម្មវិធីសិក្សានិងកម្មវិធី ដើម្បីលើកទឹកចិត្តឱ្យនិស្សិតរបស់សាលា ALA វិលត្រឡប់មកកាន់ទ្វីបនេះវិញ បន្ទាប់ពីបញ្ចប់ការសិក្សានៅបរទេស។
លោកនិយាយថា វាមានសារសំខាន់ណាស់ ក្នុងការផ្តល់ឱ្យនិស្សិតនូវឱកាសជាច្រើនតាមតែអាចធ្វើទៅបាន ក្នុងការកសាងបណ្តាញនិងធ្វើការងារនៅក្នុងទ្វីបនេះ។
«ទស្សនវិជ្ជាដើមរបស់យើងគឺថា មូលហេតុចម្បងដែលមនុស្សគួរតែវិលត្រឡប់មកកាន់អាហ្រ្វិកវិញ គឺមិនមែនដោយសារតែកាតព្វកិច្ចណាមួយ ឬពីព្រោះតែយើងបង្ខំពួកគេនោះទេ ប៉ុន្តែ ពីព្រោះពួកគេមើលឃើញឱកាសដ៏អស្ចារ្យ ដែលមាននៅទីនេះសម្រាប់ពួកគេ និងពីព្រោះពួកគេមើលឃើញអនាគតដ៏ឧត្តុង្គឧត្តម និងឱកាសពិតប្រាកដមួយសម្រាប់ពួកគេ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ។»
វាក៏មានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុផងដែរ។ ថ្លៃសាលារបស់និស្សិតភាគច្រើន ត្រូវបានផ្តល់ឱ្យតាមរយៈប្រាក់កម្ចីដែលបានលើកលែង។ ប្រសិនបើនិស្សិតវិលត្រឡប់មកអាហ្រ្វិកវិញ នៅត្រឹមអាយុ២៥ឆ្នាំ ហើយស្នាក់នៅរយៈពេល១០ឆ្នាំ ប្រាក់កម្ចីរបស់ពួកគេនឹងត្រូវបានលើកលែង។ ប្រសិនបើមិនវិលត្រឡប់មកវិញទេ ពួកគេត្រូវបង់សងមកវិញជាមួយនឹងការប្រាក់។
ប៉ុន្តែ ឱកាសហាក់ដូចជាការទាក់ទាញដ៏ចម្បង។
«ប្រសិនបើអ្នកគិតរបៀបជាសហគ្រិនម្នាក់ នោះអាហ្រ្វិកគឺពិតជាឋានសួគ៌របស់អ្នក។ អ្នកពិតជាអាចក្លាយទៅជា សំ វ័លតុន (Sam Walton) របស់អាហ្រ្វិក ឬ ប៊ីល ហ្គេតស៍ (Bill Gates) របស់អាហ្រ្វិក ឬ ស្ទីវ ចបស៍ (Steve Jobs)។ មិនមានអ្នកណាម្នាក់ធ្លាប់បានធ្វើដូច្នេះនៅឡើយទេ។ អ្នកអាចជាមនុស្សបែបនេះ។
គំនិតនេះមានភាពសមហេតុផលសម្រាប់ ម័រឌី ដែលផែនការរបស់គាត់ មានការផ្លាស់ប្តូរ ពីព្រោះតែសារនេះ។
«កាលពីដំបូង នៅពេលដែលខ្ញុំចាប់ផ្តើមមានការចំណាប់អារម្មណ៍នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាទូទៅ ខ្ញុំគិតថា ប្រសិនបើអ្នកចង់មានឥទ្ធិពលនៅក្នុងវិស័យធនាគារ អ្នកត្រូវតែធ្វើការនៅក្នុងទីក្រុងញូវយ៉ក (New York) ឬ ទីក្រុងឡុងដ៍ (London)។ សាលា ALA បានធ្វើឱ្យខ្ញុំដឹងថា នេះមិនមែនជារឿងពិតនោះទេ។»
ខណៈពេលដែលសេដ្ឋកិច្ចបានជួយសម្រាលដល់បញ្ហាលំហូរចេញនៃអ្នកចេះដឹងនៅអាហ្រ្វិក លោក រឺប៊ែកកា ហារីសុន នៃអង្គការផ្តួចផ្តើមការគ្រប់គ្រងអាហ្រ្វិក និយាយថា ក្រុមមេដឹកនាំអាហ្រ្វិកត្រូវតែផ្តោតការយកចិត្តទុកដាក់ក្នុងការជួយចែករំលែកធនធាននិងការគាំទ្រ ដែលត្រូវការចាំបាច់ សម្រាប់ជនជាតិអាហ្រ្វិកជំនាន់ថ្មីប្រកបដោយការអប់រំ៕
ប្រែសម្រួលដោយ ឌី ខាំបូលី