នៅក្នុងប្រទេសអ៊ុយហ្គាន់ដា (Uganda) តម្លៃម្ហូបអាហារខ្ពស់បានជួយជំរុញឲ្យមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ ភាពចលាចលនេះកើតឡើងបន្ទាប់ពីភាពវឹកវរនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលនៅក្នុងនោះ ការឡើងតម្លៃម្ហូបអាហារក៏ជាកត្តាមួយផងដែរ។ ចំនួនប្រជាពលរដ្ឋអាហ្រ្វិកដែលកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ត្រូវបានគេរំពឹងថានឹងដាក់ទម្ងន់បន្ថែមទៀតទៅលើការផ្គត់ផ្គង់ម្ហូបអាហារ នៅក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ទៀតនេះ។ អ្នកជំនាញជាន់ខ្ពស់និងជាអ្នកតស៊ូមតិមួយរូប ស្តីអំពីកសិកម្មក្នុងទ្វីបអាហ្រ្វិក លោក អាគីន អាដេស៊ីណា (Akin Adesina) និយាយថា ក្រុមកសិករនៅក្នុងទ្វីបនេះ ត្រូវតែទាមទារបន្ថែមទៀតពីរដ្ឋាភិបាលរបស់ពួកគេដើម្បីបំពេញសេចក្តីត្រូវការដែលកំពុងតែកើនឡើង។
ជាលទ្ធផលមួយនៃការមិនយកចិត្តទុកដាក់អស់ជាច្រើនឆ្នាំ ផលិតភាពកសិកម្មនៅក្នុងទ្វីបអាហ្រ្វិកស្ថិតនៅក្នុងកម្រិតជាប់គាំងមួយហើយមិនអាចតាមទាន់នឹងកំណើនរបស់ប្រជាពលរដ្ឋបានទេ។ ទីភ្នាក់ងារស្បៀងរបស់អង្គការសហប្រជាជាតិបានចុះបញ្ជីប្រទេសដែលមានប្រាក់ចំណូលទាបចំនួន៧០ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលចំណីអាហារ។ នៅក្នុងចំណោមនោះ ប្រទេសចំនួន៣៩ស្ថិតនៅក្នុងទ្វីបអាហ្រ្វិក។
លោក អាគីន អាដេស៊ីណា អនុប្រធានអង្គការសម្ព័ន្ធភាពសម្រាប់បដិវត្តន៍បៃតងមួយនៅក្នុងទ្វីបអាហ្រ្វិក និយាយថា រដ្ឋាភិបាលទុកឱ្យមានការធ្លាក់ចុះនូវវិស័យកសិកម្ម ពីព្រោះពួកគេមិនទទួលផលប៉ះពាល់អ្វី។
«ជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំគឺថា តម្លៃផ្នែកនយោបាយនៃភាពអសកម្ម នៃការមិនចាត់វិធានការទៅលើវិស័យកសិកម្ម នៅក្នុងទ្វីបអាហ្រ្វិក គឺមានលក្ខណៈទាបខ្លាំងណាស់។ ហើយនេះគឺជាមូលហេតុ ដែលអ្នកនយោបាយតែងតែព្រងើយកន្តើយអំពីរឿងនេះ»។
ប៉ុន្តែ លោកនិយាយថា ការឡើងតម្លៃម្ហូបអាហារនិងអស្ថិរភាព ដែលកើតឡើងដំណាលគ្នានឹងការឡើងតម្លៃទាំងនេះកំពុងផ្លាស់ប្តូរការពិចារណាទៅលើបញ្ហានេះក្នុងចំណោមក្រុមមេដឹកនាំនៅទ្វីបអាហ្រ្វិក។
«ខ្ញុំគិតថា ពេលវេលាទាំងនោះបានកន្លងផុតទៅហើយ នៅពេលដែលបញ្ហាកសិកម្មត្រូវបានគេនិយាយឱ្យរួចពីមាត់។ ប្រសិនបើអ្នកនយោបាយចង់បន្តអាជីពនៅក្នុងទ្វីបអាហ្រ្វិក នៅក្នុងពេលបច្ចុប្បន្ននេះ ហើយប្រសិនបើពួកគេឆ្លាត ពួកគេនឹងផ្តោតទៅលើកសិកម្ម ហើយបង្កើតការងារសម្រាប់ក្រុមយុវជន»។
លោក អាដេស៊ីណា បានចំណាយពេលពីរទសវត្សរ៍កន្លងមកនេះ ធ្វើការដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវផលិតភាពរបស់ក្រុមកសិករក្នុងទ្វីបអាហ្រ្វិក។ លោកនិយាយថា ទ្វីបនេះបានខ្ជះខ្ជាយថវិការបស់ខ្លួន នៅក្នុងការនាំចំណីអាហារចូល ពីព្រោះសក្តានុពលគឺថា ទ្វីបនេះមិនត្រឹមតែចិញ្ចឹមខ្លួនឯងបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយចិញ្ចឹមពិភពលោកមួយទាំងមូលថែមទៀតផង ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈក្នុងការគាំទ្រវិស័យកសិកម្ម។
លោកនិយាយថា ប្រទេស ម៉ាឡាវី (Malawi) ផ្តល់ឧទាហរណ៍ល្អមួយ។ បន្ទាប់ពីតម្រូវការជំនួយម្ហូបអាហារ ក្នុងកំឡុងពេលនៃគ្រោះរាំងស្ងួតដ៏ធំមួយ នៅដើមទសវត្សរ៍២០០០ រដ្ឋាភិបាលបានចាប់ផ្តើមឧបត្ថម្ភធន សម្រាប់ជីនិងគ្រាប់ពូជ។
«នៅក្នុងរយៈពេលមួយឆ្នាំ គឺតែមួយឆ្នាំ ប្រទេសនេះអាចចិញ្ចឹមខ្លួនឯងបាន។ ប្រទេសនេះបានក្លាយទៅជាអ្នកនាំចេញពោតដ៏ធំមួយ។ នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេស ម៉ាឡាវី គឺជាអ្នកនាំចេញម្ហូបអាហារមួយ។ ដូច្នេះ អ្វីដែលប្រាប់ខ្ញុំគឺថា កសិករនៅក្នុងទ្វីបអាហ្រ្វិក គឺមិនមានអ្វីខុសគ្នាពីកសិករនៅផ្នែកផ្សេងទៀតនៃពិភពលោកនោះទេ។ ពួកគេគ្រាន់តែមិនទទួលបានការគាំទ្រឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ»។
ប៉ុន្តែ លោក អាដេស៊ីណា បានបន្ថែមថា ការគាំទ្រផលិតភាពរបស់កសិករគឺគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។
វាគ្មានប្រយោជន៍នោះទេ ប្រសិនបើកសិករផលិតកសិផល ហើយពួកគេមិនមានផ្លូវ គឺផ្លូវជាមូលដ្ឋានមួយ ដើម្បីតភ្ជាប់ពួកគេទៅនឹងទីផ្សារ ឬធ្វើការវិនិយោគទៅលើអគ្គិសនី ដើម្បីឱ្យពួកគេអាចប្រែក្លាយដំណាំកសិកម្មសម្រាប់ទីផ្សារបាន»។
លោកបានកត់សម្គាល់ថា ប្រទេសក្នុងទ្វីបអាហ្រ្វិកជាច្រើនកំពុងបោះជំហាននៅលើទិសដៅត្រឹមត្រូវមួយ។ ប្រទេសចំនួន២៥បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយ ក្នុងការប្តេជ្ញាផ្តល់ថវិកា១០ភាគរយរបស់ពួកគេ ទៅលើវិស័យកសិកម្ម។ ប៉ុន្តែ កន្លងមក មានប្រទេសតិចតួចណាស់ ដែលអាចបំពេញតាមគោលដៅនេះបាន។
លោក អាដេស៊ីណា និយាយថា ខណៈពេលដែលតម្លៃម្ហូបអាហារឡើងនៅទូទាំងពិភពលោក ប្រទេសផ្សេងៗទៀតកំពុងទិញដីយ៉ាងច្រើននៅក្នុងទ្វីបអាហ្រ្វិក ដើម្បីផលិតម្ហូបអាហារសម្រាប់ខ្លួនរបស់ពួកគេ។
«ប្រសិនបើប្រទេសផ្សេងទៀតចូលមកទ្វីបអាហ្រ្វិក ហើយចង់ព្យាយាមផលិតម្ហូបអាហារនៅក្នុងទ្វីបអាហ្រ្វិក ប្រការនេះប្រាប់ខ្ញុំថា យើងមានសក្តានុពលមួយ ដែលយើងមិនដែលបង្ហាញ ហើយដែលអ្នកផ្សេងទៀតកំពុងមើលឃើញ»។
ប៉ុន្តែ លោកមិនគិតថា វាគួរតែជាប្រទេសផ្សេងទៀត ដែលជាអ្នកបញ្ចេញនូវសក្តានុពលនោះទេ។
«គឺមិនអាចជាដាច់ខាត។ ពីព្រោះ ប្រសិនបើពួកគេធ្វើដូច្នេះ ពួកគេនឹងទទួលបានផលប្រយោជន៍ទាំងអស់ នៃតម្លៃម្ហូបអាហារដែលត្រូវបានបញ្ចុះតម្លៃ។ ពួកគេនឹងបង្កើតការងារបន្ថែមទៀតនៅក្នុងប្រទេសរបស់ពួកគេ ហើយច្បាស់ណាស់ ពួកគេមិនចាំបាច់ចំណាយប្រាក់ច្រើនក្នុងការនាំម្ហូបអាហារចូលនោះទេ។ ទាំងនោះគឺជាអត្ថប្រយោជន៍ដែលទ្វីបអាហ្រ្វិកគួរតែរក្សាទុកសម្រាប់ខ្លួនឯង។
លោកនិយាយថា រដ្ឋាភិបាលទាំងឡាយក្នុងទ្វីបអាហ្រ្វិក អាចរក្សាទុកអត្ថប្រយោជន៍ទាំងនោះបាន ដោយធ្វើការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដើម្បីប្រែក្លាយតំបន់មានជីវជាតិទាំងនោះទៅជាកន្លែងផលិតស្រូវ។ បន្ទាប់មក តំបន់ទាំងនោះអាចធ្វើពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត ដែលកំពុងស្វែងរកធនធានដើម្បីបំពេញតម្រូវការ ដែលកំពុងតែកើនឡើង ទៅលើម្ហូបអាហារ ការផ្តល់ចំណីអាហារ ប្រេង និងកប្បាស។ ប្រការនេះនឹងបង្កើតស្ថានភាពឈ្នះឈ្នះមួយសម្រាប់ទាំងអស់គ្នា៕
ប្រែសម្រួលដោយ លី ខាំបូលី