ស្របពេលដែលដំណើរការពិនិត្យលើការដកគម្រោងអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA)ពីសហភាពអឺរ៉ុបកំពុងតែប្រព្រឹត្តទៅមុខ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានព្យួរការចរចាអំពីការដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រ។ អ្នកទទួលខុសត្រូវម្នាក់របស់ GMAC ពន្យល់ថា ក្រុមថៅកែរោងចក្រត្រូវរង់ចាំឲ្យប្រាកដអំពីបញ្ហា EBA នេះជាមុនសិន។
គម្រោងព្យួរការអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែគ្រឿងសព្វាវុធ (EBA) ពីសហភាពអឺរ៉ុប បានធ្វើឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ពន្យារការចរចាលើអនុសញ្ញារួមថ្នាក់វិស័យជាមួយភាគីពាក់ព័ន្ធ។
ការចរចាលើអនុសញ្ញារួមថ្នាក់វិស័យគឺជាការចរចាដើម្បីស្វែងរកលទ្ធភាពផ្តល់ប្រាក់ឈ្នួលសមរម្យបន្ថែមសម្រាប់ក្រុមកម្មកររោងចក្រក្នុងវិស័យវាយនភណ្ឌ។ ការចរចាអំពីអនុសញ្ញារួមថ្នាក់វិស័យនេះ រួមមានភាគីរដ្ឋាភិបាល ភាគីសហជីពនិងភាគីសមាគមរោងចក្រកាត់ដេរ (GMAC)។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាដែលជាភាគីចរចាម្នាក់ក្នុងនោះបានឲ្យដឹងថា ក្រុមចរចាមានគម្រោងស្នើសុំការដំឡើងប្រាក់ឈ្នួលសមរម្យដល់កម្មករបន្ថែមចំនួន៣០ដុល្លារក្នុងមួយខែ បន្ថែមពីលើប្រាក់ឈ្នួលអប្បបរមាដែលពួកគេកំពុងទទួលបានក្នុងពេលបច្ចុប្បន្ន។ កម្មករ កម្មការិនីរោងចក្រក្នុងប្រទេសកម្ពុជាបច្ចុប្បន្នទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន១៨២ដុល្លារក្នុងមួយខែ។
កាលពីខែកុម្ភៈ និងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាសហជីពចរចាអនុសញ្ញារួមថ្នាក់វិស័យ ដែលរួមមានភាគីសហជីពនិងតំណាងក្រសួងការងារ បានស្នើសុំចរចាជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជាអំពីការដំឡើងប្រាក់ឈ្នួលសមរម្យនេះ។ ប៉ុន្តែសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានពន្យាការចរចាទាំងពីរលើកនេះមកទល់ពេលនេះ។
ក្នុងលិខិតមួយឆ្លើយតបទៅនឹងក្រុមប្រឹក្សាសហជីពកាលពីថ្ងៃទី ១៥ ខែ កក្កដា លោក ខេន លូ អគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានពន្យល់ថា ដោយសារភាពមិនច្បាស់លាស់អំពីបញ្ហាដែលសហភាពអឺរ៉ុបត្រូវដកហូតការអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជា ឬ EBA សមាគមរោងចក្រកាត់ដេរនៅកម្ពុជាមិនមានជំហរណាមួយដើម្បីធ្វើការចរចាដែលអាចធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេរឡើយ។
ឆ្លើយតបនឹងសំណួររបស់ VOA នៅថ្ងៃពុធនេះ លោក ខេន លូ បានពន្យល់ថា ក្រុមហ៊ុនរោងចក្រកាត់ដេរត្រូវរង់ចាំថា តើសហភាពអឺរ៉ុបត្រូវដកហូតឬមិនដកហូតការអនុគ្រោះពន្ធEBA ពីប្រទេសកម្ពុជា។
លោកបញ្ជាក់ថា ក្នុងករណីដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ភាគីរោងចក្រកាត់ដេរនឹងមានលទ្ធភាពតិចតួចប៉ុណ្ណោះក្នុងការផ្តល់ប្រាក់ឈ្នួលសមរម្យដល់កម្មកររោងចក្រ។ ប៉ុន្តែប្រសិនបើកម្ពុជាមិនបាត់បង់ EBA ទេនោះ ក្រុមថៅកែរោងចក្រនឹងមានលទ្ធភាពផ្តល់ប្រាក់ឈ្នួលសមរម្យច្រើនដល់កម្មកររោងចក្រ។
លោក ខេន លូ បន្ថែមថា ដូច្នេះសមាគមរោងចក្រកាត់ដេរនៅកម្ពុជាត្រូវតែរង់ចាំមើលលទ្ធផលចុងក្រោយរបស់ EBA។
«ពេលដែលយើងជួបបញ្ហា EBA យើងអត់ដឹងច្បាស់ថា លទ្ធភាពនិយោជកមានប៉ុន្មាន ដល់ត្រឹមណា ដូច្នេះពេលដែលយើងដឹងពីលទ្ធភាពខ្លួនឯងមិនច្បាស់ យើងមិនអាចចូលរួមចរចាទេ។»
កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ គណៈកម្មការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការ ដែលអាចនឹងឈានទៅដល់ការព្យួរជាបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោកកាលពីខែឧសភា កម្ពុជាអាចនឹងខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចន្លោះពី ៥០០ទៅជាង ៦០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធ (EBA) ដល់កម្ពុជានោះ។
យោងទៅតាមលោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា ការចរចាលើអនុសញ្ញារួមថ្នាក់វិស័យនេះធ្វើឡើងដោយមានការគាំទ្រពីសហគមអន្តរជាតិនិងក្រុមអ្នកបញ្ជាទិញ។
លោក អាត់ ធន់ អះអាងថា ការផ្តល់ប្រាក់ឈ្នួលសមរម្យតាមរយៈអនុសញ្ញារួមនេះនឹងជួយរួមចំណែកជាវិជ្ជមានដល់ស្ថិរភាព EBA។
«ហើយបើយើងចរចាអនុសញ្ញារួមនេះបានមានន័យថា វាផ្តល់ផលប្រយោជន៍ ផ្តល់ប្រាក់ឈ្នួលសមរម្យដល់កម្មករ។ អញ្ចឹងបើយើងមានកិច្ចព្រមព្រៀងនេះ ខ្ញុំគិតថា វាធ្វើឲ្យមានស្ថិរភាព EBA ច្រើនជាងយើងអត់មានអនុសញ្ញារួមហ្នឹង»។
ឧស្សាហកម្មសម្លៀកបំពាក់កាត់ដេរនិងស្បែកជើងគឺជា វិស័យនាំចេញឈានមុខគេរបស់ប្រទេសកម្ពុជា។ កាលពីឆ្នាំ២០១៨ ការនាំចេញពីវិស័យនេះបានកើនដល់១០ ពាន់លានដុល្លារអាមេរិក និងមានកម្មករកម្ពុជាកំពុងបម្រើការចំនួន៨០ម៉ឺននាក់៕