កិច្ចឈប់បាញ់គ្នាមានរយៈពេលខ្លីមួយ នៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនហាក់ដូចជាជិតទទួលបរាជ័យកាលពីថ្ងៃច័ន្ទនៅពេលដែលពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្ស៊ីនិងកងកម្លាំងរដ្ឋាភិបាលក្រុងគាវ (Kyiv) បានបាញ់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកនៅក្នុងក្រុង Debaltseve ដែលជាកន្លែងប្រសព្វផ្លូវរទេះភ្លើងដែលនៅទីនោះពួកឧទ្ទាមបានទ្បោមព័ទ្ធក្រុមទាហានរដ្ឋាភិបាលអ៊ុយក្រែន។
ពួកទាមទារបំបែករដ្ឋបានស្នើបើកឲ្យពួកយុទ្ធជនរបស់រដ្ឋាភិបាលក្រុងគាវ (Kyiv) ចាកចេញពីទីនោះដោយសុខសាន្ត តែពួកគេត្រូវទម្លាក់អាវុធពួកគេជាមុនសិន។លោក Vladislav Seleznyov អ្នកនាំពាក្យរបស់ក្រុមយោធាអ៊ុយក្រែនបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាលោកច្រានចោលសំណើនេះដោយលោកបានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់គ្នា ក្រុងនេះឋិតនៅក្នុងដែនដីអ៊ុយក្រែន។
គ្មានភាគីណាមួយបាននិយាយថា ខ្លួនចង់ចាប់ផ្តើមដកអាវុធធុនធ្ងន់ពីខ្សែបន្ទាត់ជួរមុខក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារនេះ ដូចដែលបានអំពាវនាវឲ្យមាននៅក្នុងកិច្ចឈប់បាញ់គ្នាមួយដែលត្រូវបានចរចាកាលពីសប្តាហ៍មុនដោយក្រុមមេដឹកនាំនៃប្រទេសអ៊ុយក្រែន រុស្ស៊ី បារាំងនិងប្រទេសអាល្លឺម៉ង់។
លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានអំពាវនាវឲ្យមានការគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ ទោះយ៉ាងណា លោកស្រីបានទទួលស្គាល់ថា ស្ថានការណ៍មានភាពផុយស្រួយ ក៏ប៉ុន្តែនេះជាអ្វីដែលត្រូវបានរំពឹងថាមាន ដោយលោកស្រីយោងដល់ស្ថានការណ៍នៅក្នុងក្រុង Debaltseve៕