លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់បានអញ្ជើញមកដល់សេតវិមានដើម្បីជួបចរចាជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ានៅក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ ស្តីពីការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលមានសកម្មភាពការទូតខ្លាំងក្លាដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសនោះ។
កាលពីថ្ងៃអាទិត្យ លោកស្រី Merkel បានចូលរួមនៅក្នុងការចរចាតាមទូរស័ព្ទ៤ភាគីជាមួយមេដឹកនាំនៃប្រទេសអ៊ុយក្រែន រុស្ស៊ីនិងបារាំង ស្តីពីផែនការរបស់បារាំងនិងអាល្លឺម៉ង់ ដែលមានគោលបំណងបញ្ចប់ការងើបបះបោរយ៉ាងខ្លាំងរបស់ក្រុមបះបោរដែលគាំទ្រដោយប្រទេសរុស្ស៊ីក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
លោកស្រីអធិការបតីនិងលោកប្រធានាធិបតី Petro Poroshenko នៃប្រទេសអ៊ុយក្រែន ប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ីនិងប្រធានាធិបតី Francois Hollande នៃប្រទេសបារាំង បានយល់ព្រមជួបគ្នានៅថ្ងៃពុធនៅរដ្ឋធានី Minskនៃប្រទេស Belarus ដើម្បីធ្វើការចរចាបន្ថែមទៀត។
យោងតាមមន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ផែនការរបស់បារាំងនិងអាល្លឺម៉ង់ផ្អែកលើបទឈប់បាញ់គ្នាដែលចុះហត្ថលេខានៅក្នុងទីក្រុង Minsk ហើយទទួលបរាជ័យកាលពីខែកញ្ញា ក៏ប៉ុន្តែមានសេចក្តីលម្អិតច្រើនទៀតពីពេលវេលា។
ការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន បានឆក់យកជីវិតមនុស្សជាងប្រាំពាន់ប្រាំមួយរយនាក់ ចាប់តាំងពីក្រុមឧទ្ទាមបានចាប់ផ្តើមបះបោរកាលពី១០ខែមុន។ កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Poroshenko បានសម្តែងនូវសុទិដ្ឋិនិយមថានឹងមានការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយដោយគ្មានលក្ខខណ្ឌ។
ថ្វីបើមានសុទិដ្ឋិនិយមនេះក៏ដោយ លោកប្រធានាធិបតី Putin នៃប្រទេសរុស្ស៊ី បានព្រមានថា ប្រទេសអ៊ុយក្រែនត្រូវតែបញ្ចប់កិច្ចប្រតិបត្តិការយោធារបស់ខ្លួននៅជិតព្រំដែនជាមួយប្រទេសរុស្ស៊ី។ លោកក៏និយាយដែរថា រដ្ឋាភិបាលទីក្រុងគាវត្រូវតែបញ្ចប់នូវអ្វីដែលលោកហៅថា វិធានការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច ដែលមានគោលបំណងរំខានជីវភាពប្រចាំថ្ងៃនៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនដែលនិយាយភាសារុស្ស៊ី។
ចំពោះបញ្ហានេះ លោកប្រធានាធិបតីបារាំង Francois Hollande មានប្រសាសន៍ថា ការចរចានៅពេលខាងមុខបង្ហាញពី«ឱកាសមួយចុងក្រោយ» ដើម្បីឈានដល់សន្តិភាពមួយ បន្ទាប់ពីការប្រយុទ្ធអស់រយៈពេលជិតមួយឆ្នាំនៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានព្យាយាមការបញ្ចូលភាពខុសគ្នារវាងយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបដើម្បីបញ្ចប់វិបត្តិនោះ៕