កាលពីថ្ងៃអាទិត្យ ក្រុមទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្សីបានរារាំងក្រុមអ្នកឃ្លាំមើលរបស់អឺរ៉ុបមិនឲ្យទៅកាន់ក្រុង Debaltseve នៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន នៅពេលមានការប្រយុទ្ធគ្នានៅតែបន្តតាមកន្លែងប្រសព្វផ្លូវរទេះភ្លើង ទោះបីជាមានបទឈប់បាញ់គ្នាថ្មីមួយបានត្រូវគោរពដោយភាគច្រើននៅទូទាំងតំបន់នោះក៏ដោយ។
អង្គការសម្រាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងទ្វីបអឺរ៉ុបបាននិយាយថាបទឈប់បាញ់គ្នាដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលអធ្រាត្រតាមពេលវេលាក្នុងមូលដ្ឋានបានធ្វើឲ្យស្ងាត់ដោយភាគច្រើននៃការបាញ់ផ្តក់ក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែនៅមានការបាញ់គ្នានៅក្នុងក្រុង Debaltseve ដែលជាកន្លែងភ្ជាប់ផ្លូវរទេះភ្លើងរវាងក្រុង Luhansk និងក្រុង Donetsk ដែលកាន់កាប់ដោយក្រុមឧទ្ទាម។
ក្រុមឧទ្ទាមបានអះអាងថា ការឈប់បាញ់គ្នាមិនត្រូវអនុវត្តសម្រាប់ក្រុង Debaltseve ទេ ដែលនៅទីនោះក្រុមទាមទារបំបែករដ្ឋបានព្យាយាមទ្បោមព័ទ្ធកងកម្លាំងរដ្ឋាភិបាលក្រុង Kyiv ក្នុងរយៈពេលតែប៉ុន្មានម៉ោងមុនពេលមានបទឈប់បាញ់គ្នា។
លោក Andriy Lysenko អ្នកនាំពាក្យយោធាអ៊ុយក្រែនបាននិយាយថា ក្រុមទាមទារបំបែករដ្ឋបានបាញ់ផ្តក់លើកងកម្លាំងរដ្ឋាភិបាលក្រុង Kyiv ១០ដងក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការចាប់ផ្តើមបទឈប់បាញ់គ្នាដែលបានត្រូវធ្វើការចរចាគ្នាកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានី Minsk នៃប្រទេសបេឡារុស។
ក៏ប៉ុន្តែលោកបាននិយាយថាជាទូទៅ មាន «សញ្ញានៃស្ថេរភាព» ក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន។
អ្នកស្រុកក្រុង Luhansk ឈ្មោះ Lubov Mersalova បាននិយាយថា «យើងមានជំនឿលើសន្តិភាព ហើយសង្ឃឹមថានឹងគ្មានសង្គ្រាមទៀតទេ។ខ្ញុំសង្ឃឹមថានឹងមានភាពស្ងប់ស្ងៀម ប្រជាជននឹងអាចដើរតាមផ្លូវ ពលរដ្ឋនឹងវិលត្រទ្បប់មកវិញហើយក្រុងនេះនឹងមានជីវភាពធម្មតាទ្បើងវិញ ហើយអ្វីៗ ទាំងអស់នឹងល្អប្រសើរឡើង»៕