ភ្នំពេញ — សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការសំណុំរឿងក្បត់ជាតិរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដល់ជុំទី ៤០ នាថ្ងៃពុធនេះ ដោយមានការផ្តោតចម្បងលើសំណើបញ្ជាក់ពីរដ្ឋបរទេស និងអង្គការពាក់ព័ន្ធជាក់លាក់ណាមួយក្នុងបទចោទប្រកាន់ប្រឆាំងអតីតមេបក្សជំទាស់មួយនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានខាងក្រៅរបងតុលាការរាជធានីភ្នំពេញ លោក ផែង ហេង សហមេធាវីមួយរូបរបស់លោក កឹម សុខា បានលើកឡើងថា មេធាវីការពារក្តីបានស្នើតុលាការឱ្យទម្លាក់បទចោទប្រកាន់ «សន្ទិដិ្ឋភាព ឬបទឃុបឃិត» ជាមួយបរទេស ប្រឆាំងនឹងលោកកឹម សុខា ក្រោមហេតុផលថា ភាគីពាក់ព័ន្ធក្នុងសំណុំរឿងនេះ បរាជ័យចំពោះការបញ្ជាក់លម្អិតពីរដ្ឋបរទេស ឬអង្គការពាក់ព័ន្ធណាមួយដែលឃុបឃិតជាមួយលោកកឹម សុខា និងថា តំណាងអយ្យការបានត្រឹមស្នើឱ្យទៅមើលសំណុំរឿងតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «លោក អាង ឧត្តម គាត់បានលើកថា នៅក្នុងសវនាការនេះមានភាគីទាំងអស់ហើយ ទាំងក្រុមប្រឹក្សា ទាំងតំណាងអយ្យការ ទាំងដើមបណ្តឹងរដ្ឋប្បវេណី ហើយនិងភាគីឯកឧត្តមកឹម សុខា ដែលត្រូវបានចោទប្រកាន់។ អ៊ីចឹងបើឯកឧត្តម កឹម សុខា គាត់ថា គាត់អត់បានត្រូវរ៉ូវជាមួយបរទេសទេ។ ហើយរដ្ឋាភិបាលក៏ថា អត់ចោទដែរ។ ហើយតំណាងអយ្យការក៏អាចអត់ចោទដែរ។ អ៊ីចឹង វាអត់មានស្អីទេ ទើបលោក អាង ឧត្តម ទាមទារឱ្យមានការថ្លែងការណ៍មួយ សុំថា ខ្លួនអត់បានចោទ និងទម្លាក់បទចោទទៅ»។
បើតាមលោក ផែង ហេង សវនាការកាលពីព្រឹកមិញក៏មានការដេញដោលគ្នាលើវីដេអូឃ្លីបដែលត្រូវបានយកមកធ្វើភស្តុតាងដាក់បន្ទុកលើ លោក កឹម សុខា ពីបទឃុបឃិតជាមួយបរទេសផងដែរ។ យ៉ាងណាក្តី លោកបានឱ្យដឹងទៀតថា លោក កឹម សុខា បន្តប្រកាន់ជំហរទាត់ចោលឃ្លីបវីដេអូនោះ ដោយអះអាងថា វីដេអូនោះត្រូវបានកាត់ត និងមិនមានរំលេចពីមូលដ្ឋាន និងកម្មវត្ថុពិតប្រាកដនៃការអធិប្បាយរបស់លោកដែលនាំឱ្យបទល្មើសធ្ងន់ធ្ងរនោះទេ។
ស្របពេលតុលាការបើកសវនាការលោក កឹម សុខា នាថ្ងៃពុធនេះ គេបន្តសង្កេតឃើញអ្នកគាំទ្រជាច្រើននាក់របស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ មកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញដោយមានខ្លះឈរ និងអង្គុយឃ្លាំមើលសវនាការពីក្រៅរបងតុលាការ។ លោក កឹម សុខា បានចាកចេញពីសាលសវនាការ ក្រោយការសួរដេញដោលរយៈពេលជាង ៣ ម៉ោងដូចសព្វដង។
មេធាវីតំណាងឱ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន លោក គី តិច បានឆ្លើយតបនឹងសំណួរសំឡេងសហរដ្ឋអាមេរិកវីអូអេនៅថ្ងៃពុធនេះថា អំឡុងពេលនីតិវិធីកំពុងដំណើរការ រហូតដល់ដំណាក់កាលជំនុំជម្រះ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ គួរប្រឹងរកភស្តុតាងដោះបន្ទុកជូនកូនក្តី។ លោកបានបន្តថា មេធាវីពុំគួរបង្ហាញភាពកម្សោយរបស់ខ្លួនទទូចសុំឱ្យមានការលើកលែងបទចោទ ដោយមិនប្រឹងប្រមូលភស្តុតាងដោះបន្ទុកជាមួយតំណាងអយ្យការឡើយ។
លោកបានបញ្ជាក់បន្ថែមថា តំណាងអយ្យការជាអ្នកផ្តើមការចោទប្រកាន់ដាក់បន្ទុកតាមផ្លូវច្បាប់ ក្រោយពីបានពិនិត្យលើធាតុផ្សំបទល្មើស និងមានភស្តុតាងជាក់លាក់បញ្ជាក់ថា លោកកឹម សុខាបានប្រព្រឹត្តកំហុស។
គួររំឭកផងដែរថា អំឡុងពេលមានវត្តមាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ទៅក្រុមមន្ត្រីកម្ពុជា និងពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាក្នុងជំនួបមួយថា លោកមិនបានចោទថា សហរដ្ឋអាមេរិកមានការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នោះទេ។ ប៉ុន្តែគឺលោក កឹម សុខា ខ្លួនឯងផ្ទាល់ ជាអ្នកនិយាយ។ ដូច្នេះលោកថា អតីតមេបក្សជំទាស់លោក កឹម សុខា ត្រូវដោះស្រាយជាមួយសហរដ្ឋអាមេរិក។
ក្រោយមក អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានចេញសេចក្តីបំភ្លឺមួយទៅកាន់អង្គភាពព័ត៌មានក្នុងស្រុកមួយថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺចង់បញ្ជាក់ថា រដ្ឋាភិបាល ឬតុលាការនៅកម្ពុជា មិនបានភ្ជាប់ ឬចោទប្រកាន់សហរដ្ឋអាមេរិក ឬរដ្ឋបរទេសណាមួយនៅក្នុងសំណុំរឿងចោទប្រកាន់មកលើលោក កឹម សុខា នោះទេ និងថា លោក កឹម សុខា ផ្ទាល់ជាអ្នកនិយាយភ្ជាប់ជាមួយសហរដ្ឋអាមេរិក និងរដ្ឋបរទេសនៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាសនេះ៕