រូបភាពនៃជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងជាប់ក្តីក្តាំនៅតុលាការ ក្នុងសំណុំរឿងក្បត់ជាតិ ត្រូវបានបង្ហោះព្រោងព្រាត កាលពីថ្ងៃអាទិត្យ ហើយត្រូវបានរាយការណ៍ថាថ្នាក់ដឹកនាំទាំងពីរជួបគ្នាក្នុងអស់រយៈពេល៤ម៉ោង។
ក្នុងពេលទៅគោរពសពរបស់លោក ហ៊ុន ណេង ដែលត្រូវជាបងប្រុសរបស់លោក ហ៊ុន សែន ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម លោក កឹម សុខា បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយភាគីខាងគណបក្សប្រឆាំងបានអះអាងថាមានការពិភាក្សាអំពី«បញ្ហាប្រទេសជាតិ»។ ភាគីខាងគណបក្សទាំងពីរមិនបានបញ្ជាក់លម្អិតនៃការពិភាក្សានៅក្នុងជំនួបនោះឡើយ។
អ្នកតាមដាននយោបាយនៅកម្ពុជាយល់ថា ជំនួបនេះជារឿងល្អ និងចង់ឃើញឱ្យមានការបើកឱកាសបែបនេះបន្តទៀត ដើម្បីឈានទៅរកដំណោះស្រាយនយោបាយ និងរឿងក្តីក្តាំលើគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បានបង្ហោះរូបភាព និងសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបញ្ជាក់ថាលោកបានពិភាក្សាបញ្ហាជាច្រើន ជាពិសេសបញ្ហាប្រទេសជាតិ និងអំពីប្រជាជនកម្ពុជា។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើមានការពិភាក្សារឿងនយោបាយ ជាពិសេសដំណើរការផ្សះផ្សារជាតិ ដែលលោកតែងតែអំពាវនាវ និងចង់ឃើញជាច្រើនឆ្នាំមកហើយ។
លោក កឹម សុខា បានសរសេរថា៖ «ក្នុងឱកាសនោះដែរ ខ្ញុំ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានជួបពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ជាពិសេសបញ្ហាប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរផងដែរ»។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ដែលកំពុងកាន់ទុក្ខបងប្រុស មិនបានបង្ហោះរូបភាព និងសារអ្វីឡើយនៅលើគណនីហ្វេសប៊ុករបស់លោក។ ប៉ុន្តែគេឃើញក្នុងបណ្តាញសង្គមតេឡេក្រាម(Telegram)របស់លោកនាយករដ្ឋមន្រី្តដែលទើបត្រូវបានបង្កើតកាលពីពេលថ្មីៗ មានបង្ហោះរូបភាពនៃជំនួបនោះដែរ និងសារខ្លី ដែលថាអនុញ្ញាតឱ្យលោក កឹម សុខា ចូលជួបដើម្បីសម្តែងមរណទុក្ខដល់បងប្រុសរបស់លោក។
លោក មុត ចន្ថា ជាមន្រ្តីម្នាក់ដែលស្និទ្ធនឹងលោក កឹម សុខា និងបានចូលរួមក្នុងជំនួបនោះដែរ ប្រាប់វីអូអេនៅថ្ងៃចន្ទថាកិច្ចសន្ទនានោះបានចំណាយរយៈពេល៤ម៉ោង ប្រកបដោយ«ការស្ថាបនា និងការយោគយល់គ្នា»។
លោកបញ្ជាក់ថា៖ «ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ ឯកឧត្តម កឹម សុខា បានចូលសម្តែងការគួរសម និងបានចូលរួមមរណទុក្ខដោយក្តីសោកស្តាយដោយផ្ទាល់ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងពិស្តារអំពីបញ្ហាជាតិចម្បងៗ មានជាអាទិ៍[ការ]ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ យុទ្ធនាការបង្ការ និងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនប្រជាពលរដ្ឋខ្មែរ ការស្តារសេដ្ឋកិច្ចនៅក្រោយបរិបទជំងឺរាតត្បាតកូវីដ១៩ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ព្រមទាំងស្ថានការណ៍ក្នុងតំបន់ និងពិភពលោកជាដើម»។
ប៉ុន្តែលោក មុត ចន្ថា មិនបានបញ្ជាក់ឱ្យដឹងនោះទេថាតើក្នុងជំនួបនោះមានការពិភាក្សាអំពីការផ្សះផ្សារជាតិ និងការបន្តអូសបន្លាយសំណុំរបស់រឿងលោក កឹម សុខា នៅតុលាការ ឬយ៉ាងណា។
លោក មាជ សុវណ្ណារ៉ា មន្រ្តីម្នាក់អមដំណើរលោក កឹម សុខា ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ បានបដិសេធមិនអត្ថាធិប្បាយ ដោយស្នើឱ្យទាក់ទងទៅលោក មុត ចន្ថា។ ចំណែកអ្នកស្រី ម៉េង សុភារី មេធាវីរបស់លោក កឹម សុខា ដែលបានចូលរួមក្នុងជំនួបនោះដែរ បានស្នើឱ្យទាក់ទងទៅលោក មុត ចន្ថា វិញ នៅពេលវីអូអេសាកសួរអំពីជំនួបនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថាការជួបពិភាក្សារបស់លោកនាយករដ្ឋមន្ត្រី និងលោក កឹម សុខា គឺជាមនោសញ្ចេតនាតាមប្រពៃណីខ្មែរតែប៉ុណ្ណោះ មិនមែនជារឿងនយោបាយ ឬការដោះបន្ទុកផ្នែកនយោបាយណាមួយឡើយ។
លោកបញ្ជាក់ថា៖ «ហើយខ្ញុំលើកឡើង ខ្ញុំមានទឡ្ហីករណ៍របស់ខ្ញុំ ដូចដែលមាតាក្មេករបស់សម្តេចទទួលមរណភាព ក៏លោក កឹម សុខា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធដែរ ហើយពេលនោះក៏មានការជួបពិភាក្សា សំណេះសំណាលគ្នារយៈពេលច្រើនម៉ោងដែរ។ ហើយក៏ប៉ុន្តែដំណើរការ នីតិវិធីរបស់តុលាការនៅតែដដែល និងដំណើរការនយោបាយនៅកម្ពុជា ក៏នៅប្រព្រឹត្តទៅតាមការជាក់ស្តែងជាធម្មតា អត់មានពាក់ព័ន្ធនឹងបញ្ហាជួបគ្នាហើយសម្រួលដល់សភាពការណ៍នយោបាយ និងសភាពការណ៍ផ្លូវច្បាប់ទេ»។
គួររំឭកថាមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ធ្លាប់បានជួប និងមានកិច្ចសន្ទនាដ៏កម្រមួយផងដែរ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ២០២០ ក្នុងពិធីបុណ្យសពរបស់លោកស្រី ប៊ុន ស៊ាងលី ដែលជាម្តាយក្មេករបស់លោកនាយករដ្ឋមន្រ្តី។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថ្លែងថា គណបក្សភ្លើងទៀនគាំទ្ររាល់ការសន្ទនា និងការជួបជុំរកដំណោះស្រាយលើបញ្ហាប្រទេសជាតិ ដើម្បីជាគោលដៅក្នុងការផ្សះផ្សារជាតិ ការបង្រួបបង្រួមជាតិ និងបញ្ចប់រាល់វិបត្តិនយោបាយក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោកថាប្រសិនបើមិនបានពិភាក្សាអំពីការផ្សះផ្សារជាតិនោះទេ គឺវាមិនមានន័យឡើយ។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងសំខាន់បំផុត នៅពេលជំនួបត្រូវតែមាន [ឬ]យ៉ាងហោចណាស់ត្រូវតែមានសញ្ញាថាមានការជួបជុំគ្នា ផ្សះផ្សារជាតិ ឬក៏ចាប់ផ្តើមនៃការសន្ទនា ដើម្បីបញ្ចប់វិបត្តិនយោបាយ បានមានន័យ[និង]មានខ្លឹមសារ»។
លោកបន្តថា៖ «ដូច្នេះបើយើងមានចេតនារកដំណោះស្រាយជូនជាតិ យើងត្រូវតែបង្កើតឱ្យមានការសន្ទនាជាញឹកញាប់ ការជជែកគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំនយោបាយ»។
លោក មាស នី អ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា វប្បធម៌សន្ទនានេះគឺជាការវិវឌ្ឍជាវិជ្ជមានមួយ និងជាឧបករណ៍មួយសំខាន់ ដែលត្រូវតែបណ្តុះឱ្យមានច្រើនបន្តទៀត ដើម្បីឈានទៅបញ្ចប់បញ្ហានយោបាយ និងឈានទៅផ្សះផ្សារជាតិក្នុងប្រទេសកម្ពុជា ព្រោះលោកកត់សម្គាល់ថា កន្លងមក អ្នកនយោបាយតែងតែយកវប្បធម៌ឈ្លោះប្រកែកយកឈ្នះចាញ់លើគ្នា ការមិនមើលមុខគ្នា ការវាយប្រហារគ្នាទៅវិញទៅមក ដើម្បីអំណាច និងឥទ្ធិពលរបស់ខ្លួន ជាជាងចំណាយពេលជួបជជែកទល់មុខគ្នា ដើម្បីឱ្យយល់ពីគ្នាទៅវិញទៅមក។
លោកថ្លែងថា៖ «អ៊ីចឹងហើយបានជារហូតមកដល់ឥឡូវហ្នឹង គឺយើងបានចំណាយពេលតិចតួចណាស់ ដើម្បីផ្សះផ្សារជាតិ ក្រៅពីហ្នឹង គឺមានតែការប្រកួត ដើម្បីដណ្តើមអំណាច ដណ្តើមឥទ្ធិពល ដណ្តើមនូវប្រជាប្រិយភាពគ្នាទៅវិញទៅមក។ អ៊ីចឹងការជួបគ្នា ការប្រាស្រ័យទាក់ទងគ្នា ដែលពីដើមមកយើងហៅថាវប្បធម៌សន្ទនានេះ វាជាឧបករណ៍មួយសំខាន់សម្រាប់ឈានទៅរកការផ្សះផ្សារជាតិទាំងស្រុង»។
គួរបញ្ជាក់ថាលោក កឹម សុខា ស្ថិតក្នុងចំណោមមន្ត្រីជាង១០០នាក់ ដែលត្រូវបានតុលាការកំពូលហាមឃាត់មិនឱ្យធ្វើនយោបាយ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានរៀបគម្រោងប៉ុនប៉ងផ្តួលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ទាំងលោក កឹម សុខា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នោះ៕