មានពួកទាហាននិងពួកប៉ូលិសរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន យ៉ាងតិចណាស់៣០នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយដោយពួកតាលីបានទៅលើប៉ុស្តិ៍មុខយោធាមួយនៅក្នុងខេត្ត Baghlan នាប៉ែកខាងជើងប្រទេស។
ការវាយប្រហារនៅថ្ងៃពុធនេះបានកើតមានឡើងជាងមួយថ្ងៃក្រោយពីពួកជនសកម្មប្រយុទ្ធតាលីបានបានវាយយកបានមូលដ្ឋានយោធាមួយនៅក្នុងខេត្ត Faryab ក្នុងផ្នែកខាងជើងប្រទេសនៅក្រោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងច្រើនថ្ងៃមកនោះ។ ពួកមន្ត្រីបាននិយាយថា មូលដ្ឋាននៃកងទ័ពជាតិអាហ្វហ្គានីស្ថាន
ហៅកាត់ថា ANA បានធ្លាក់ក្នុងកណ្តាប់ដៃពួកតាលីបាននៅក្រោយពីទាហាននៅក្នុងមូលដ្ឋាននោះមិនបានទទួលយុទ្ធជនបន្ថែមនិងគ្មានការគាំទ្រតាមអាកាសហើយពួកគេក៏អស់គ្រាប់រំសេវនិងគ្រឿងផ្គត់ផ្គង់ឯទៀតៗផងដែរ។
កាលពីថ្ងៃអង្គារ ពួកមន្ត្រីយោធានិងរដ្ឋាភិបាលតំបន់បានបញ្ជាក់ប្រាប់វីអូអេថាទាហាន៤០នាក់ក្នុងបណ្តាពួកទាហាន៧០នាក់ដែលតាំងទីនៅក្នុងមូលដ្ឋាននោះបានចុះចូលជាមួយពួកតាលីបាន។ ពួកមន្ត្រីទាំងនេះបាននិយាយថាពួកទាហានដែលនៅសល់ពីនេះបានបាត់បង់ជីវិត ឬរត់គេចខ្លួនទៅកាន់តំបន់ភ្នំនៅជិតខាងទីនោះនៅពេលមានការប៉ះទង្គិចគ្នា។
នៅពេលជាមួយគ្នានេះ កងកម្លាំងសន្តិសុខរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយមានជំនួយនៃការវាយប្រហារតាមអាកាសដោយស.រ.អ.និងពួកទីប្រឹក្សាយោធាអាមេរិកាំងបានវាយយកបានមកវិញនូវក្រុងយុទ្ធសាស្ត្រ Ghazni នាប៉ែកអាគ្នេយ៍ប្រទេសនៅក្រោយការប្រយុទ្ធច្រើនថ្ងៃជាមួយពួកតាលីបាន៕