មានសេចក្តីរាយការណ៍ថា ពួកបះបោរតាលីបាន បានសម្លាប់កងទ័ពរដ្ឋាភិបាលជាង៦៥នាក់ហើយបានរុលទៅមុខនៅក្នុងការវាយប្រហារកាលពីពេលថ្មីៗនេះនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។
ការប៉ះទង្គិចនៅក្នុងទីក្រុង Farah ភាគខាងលិចនិងខេត្ត Zabul ភាគខាងត្បូងបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ នៅពេលដែលពួកបះបោរបានវាយប្រហារប៉ុស្តិ៍សន្តិសុខជួរមុខនៅក្នុងតំបន់ទាំងនោះ។
ប្រភពសន្តិសុខមួយបានបញ្ជាក់ប្រាប់ VOA កាលពីថ្ងៃសៅរ៍ថា ពួកបះបោរបានវាយសង្ក្រប់កាលពីពេលយប់ទៅលើស្រុក Arghadab នៃខេត្ត Zabul ដោយបានសម្លាប់ប៉ូលិស២២នាក់និងធ្វើឲ្យរបួស១២នាក់ផ្សេងទៀត។ ប្រភពនោះបានបន្ថែមទៀតថា ពួកឧទ្ទាមក៏បានកាន់កាប់ប៉ុស្តិ៍សន្តិសុខចំនួន៣ប៉ុន្តែ មិនបានផ្តល់សេចក្តីលម្អិតទៀតទេ។
លោក Rehmatullah អភិបាលខេត្តរងបានបញ្ជាក់ពីការប្រយុទ្ធគ្នានៅក្នុងស្រុកនោះ ហើយលោកបាននិយាយទៀតថា កងទ័ពអាហ្វហ្គានីស្ថានបានចាប់ផ្តើមវាយបកវិញដើម្បីរុញពួកឧទ្ទាមឲ្យត្រឡប់ក្រោយវិញ។
ក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយ ក្រសួងការពារប្រទេសអាហ្វហ្គានីស្ថានបានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ពួកបះបោរបានវាយប្រហារទៅលើទីស្នាក់ការរបស់ក្រុង Farah ក្នុងការខំប្រឹងប្រែងរបស់ពួកគេដើម្បីកាន់កាប់ទីក្រុងនោះ។ ក្រសួងនោះបានប្រាប់ឲ្យដឹងទៀតថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានធ្វើឲ្យកងទ័ពរដ្ឋាភិបាល១៦នាក់ស្លាប់ហើយនឹងជាច្រើននាក់ទៀតរងរបួសខណៈដែលពួកតាលីបាន៤៥នាក់បានស្លាប់៕