ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​កើន​ពិន្ទុ​តិចតួច​ចំពោះ​បរិយាកាស​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៧


រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​​លុយ​ដុល្លារ​អាមេរិក​នៅ​ឯ​តូប​ដូរ​លុយ​​មួយកន្លែង​​នៅ​រាជធានី​ភ្នំពេញ​។ ​(​ឡេង ឡែន/VOA)
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​​លុយ​ដុល្លារ​អាមេរិក​នៅ​ឯ​តូប​ដូរ​លុយ​​មួយកន្លែង​​នៅ​រាជធានី​ភ្នំពេញ​។ ​(​ឡេង ឡែន/VOA)

​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៩០​ កម្ពុជា​ឈរ​នៅ​លំដាប់​ទី​១៣១ ​ពាក់ព័ន្ធ​នឹង​​បរិយាកាស​ធ្វើ​ជំនួញ​ នាំ​មុខ​​​ប្រទេស​ឡាវ​ ដែល​ឈរ​នៅ​លំដាប់​ទី​១៣៩​ និង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ឈរ​នៅ​លំដាប់​ទី​១៧០។​

បរិយាកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើង​បន្តិច​បន្តួច ដោយ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ពិន្ទុ​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ធ្វើ​ជំនួញ​របស់​ខ្លួន​កើន​ឡើង​ពី​ ៥៤,៥៤ពិន្ទុ ​នៅ​ឆ្នាំ​២០១៦​ ដល់​ ៥៤,៧៩​ពិន្ទុ​នៅ​ឆ្នាំ​២០១៧។​ នេះបើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្រុម​សេដ្ឋវិទូ​នៃ​ធនាគារ​ពិភពលោក​ និងរបាយការណ៍​ស្តី​ពី​បរិយាកាស​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៧។​

​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៩០​ កម្ពុជា​ឈរ​នៅ​លំដាប់​ទី​១៣១ ​ពាក់ព័ន្ធ​នឹងបរិយាកាស​ធ្វើ​ជំនួញ​ នាំ​មុខ​ប្រទេស​ឡាវ​ ដែល​ឈរ​នៅ​លំដាប់​ទី​១៣៩​ និង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ឈរ​នៅ​លំដាប់​ទី​១៧០។​

អ្នកស្រី​ Joana Nasr អ្នកឯកទេស​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​នៃ​ធនាគារ​ពិភពលោក​ បាន​ថ្លែង​តាមសន្និសីទ​ព័ត៌មាន​ដោយ​វីដេអូ​ កាល​ថ្ងៃ​ពុធថា​ ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​ នៅ​ប្រទេស​កម្ពុជា​ បាន​មក​ពី​កត្តា​សំខាន់ៗ​៣ ​គឺ​ការ​ផ្តល់​ឥណទាន​មាន​ភាព​ងាយ​ស្រួល​ច្រើន​ និង​ជាក់​លាក់​ជាង​មុន​ ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​និង​ការ​បង់​ពន្ធ​មាន​លក្ខណៈ​ប្រែប្រួល​ច្រើន​ដោយ​សារ​ការ​កែ​ទម្រង់​នៃ​របៀប​របប​និង​វិធីសាស្ត្របង់​ពន្ធ។​

អ្នក​ស្រី​ថ្លែង​បន្ត​ថា​ ការិយាល័យ​ឥណទាន​ ដែល​បាន​ចាប់​ផ្តើមផ្តល់ពិន្ទុ​ទទួល​ស្គាល់​ដល់​ស្ថាប័ន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នានា​ ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរឡើង​ដល់​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​អំពី​ឥណទាន​ និង​អាច​ឲ្យ​ដឹង​ពី​ស្ថានភាព​ឥណទាន​នៃ​អ្នក​ខ្ចី​ប្រាក់។​ យ៉ាង​ណា​ក៏​ដោយ​ លោកស្រី​និយាយ​ថា​ មាន​ចំណុច​បី​សំខាន់ៗ​ផ្សេង​ទៀត​ផង​ដែរ​ ដែល​ត្រូវ​កែ​លម្អ​ រួម​មាន​ការ​អនុវត្ត​កិច្ចសន្យា​ធ្វើ​ពាណិជ្ជកម្ម​ ការ​ដោះស្រាយ​បំណុល​ដែល​មិន​ទាន់​ទូទាត់​ និង​ការ​ផ្តល់​ដំណោះស្រាយ​ដល់​ការ​អនុញ្ញាត​សាង​សង់​កន្លែង​ធ្វើ​អាជីវកម្ម។​

​អ្នក​ស្រីបន្ថែម​ថា​ ការ​បន្ថែម​នីតិវិធី​ច្រើន​លើ​ដំណើរការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ ក៏​បាន​ធ្វើ​ខូច​ដល់បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង​ដែរ​ ដោយ​សារ​មាន​ការ​ដាក់​ចេញ​នូវនិយតកម្ម​ថ្មីៗ​ ដូច​ជា​ការ​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ដែល​ចុះបញ្ជី​រួច​ហើយ​ត្រូវ​ចុះ​បញ្ជី​ម្តង​ទៀត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​បង្ហាញ​ភស្តុតាង​នៃ​ការ​តម្កល់​ដើម​ទុន។​

អ្នក​ស្រី​បញ្ជាក់​ថា៖​

«ក្រោយ​ការ​ចុះ​បញ្ជី​មាន​ការ​តម្រូវ​ឲ្យ​ដាក់​ភស្តុតាង​នៃ​ដើមទុន​ ក៏​ដូច​ជា​ស្ថានភាព​នានា។​ ទាំងអស់​នេះ​ ត្រូវ​តែ​ដាក់​ចូល​ទៅ​នាយកដ្ឋាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ នៅ​ពេល​ណា​ការ​ចុះ​បញ្ជី​បាន​បញ្ចប់។​ ការណ៍​នេះ​ បាន​បន្ថែម​នីតិវិធី​បន្ថែម​ទៀត​លើ​ដំណើរការ​បើក​អាជីវកម្ម។»​

របាយការណ៍​ស្តី​ពី​បរិយាកាស​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧​ របស់​ធនាគារ​ពិភពលោក​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ បាន​បង្ហាញ​ថា​ ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ប្រទេស​ចំនួន​បួន​ ទទួល​បានចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១០​លើ​គេ​នៅ​លើ​ពិភពលោក។​ ប្រទេស​ទាំង​នោះ​ រួមមាន​ ប្រទេស​នូវែលសេឡង់ (New Zealand) ស្ថិត​ក្នុង​លំដាប់​ទី​មួយ​ ប្រទេស​សិង្ហបូរី​ ស្ថិត​ក្នុង​លំដាប់​ទី​ពីរ​ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ ប្រទេស​ចិន​ ស្ថិត​ក្នុង​លំដាប់​ទី​ ៤​ និង​សាធារណរដ្ឋ​កូរ៉េ​ (កូរ៉េ​ខាង​ត្បូង) ស្ថិត​ក្នុង​លំដាប់​ទី៥។​

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​ពីរ​នៅ​ក្បែរ​កម្ពុជា​គឺ​ ថៃ​ និង​វៀតណាម​ ក៏​ទទួល​បាន​ចំណាត់​ថ្នាក់នាំ​មុខ​កម្ពុជា​ផង​ដែរ។​ ប្រទេស​ថៃឈរ​នៅ​លំដាប់​ទី​៤៦​ ក្នុង​ចំណោម​១៩០​ប្រទេស​ ទទួលបាន​ពិន្ទុ​ ៧២,៥៣​ ហើយ​ប្រទេស​វៀត​ណាម​ឈរ​នៅ​លំដាប់​ទី​៨២​ ទទួល​បាន​ពិន្ទុ​៦៣,៨៣៕

XS
SM
MD
LG