ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​វេជ្ជបណ្ឌិត​សង្ឃឹម​ថា ​អង្គ​បដិប្រាណ​បង្កើត​ក្នុង​មន្ទីរ​ពិសោធន៍​អាច​ព្យាបាល​ជំងឺ​កូវីដ១៩​បាន


រូបឯកសារ៖ អ្នកវិទ្យាសាស្រ្តពិនិត្យមើលសំណាកជំងឺកូវីដ១៩ នៅមន្ទីរសុខាភិបាលមួយ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកវិទ្យាសាស្រ្តពិនិត្យមើលសំណាកជំងឺកូវីដ១៩ នៅមន្ទីរសុខាភិបាលមួយ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

វេជ្ជបណ្ឌិត​កំពុង​ស្វះស្វែង​បណ្តុះ​អង្គ​បដិប្រាណ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​នៅ​ក្នុង​បំពង់​ពិសោធន៍ ​ហើយ​ប្រើ​អង្គ​បដិប្រាណ​នេះ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។​

ការ​ព្យាបាល​ដែល​គេ​ហៅ​ថា​ monoclonal antibody treatment ​គឺ​ព្យាបាល​តាម​អង្គ​បដិប្រាណ​ប្រដូច​នេះ​អាច​ប្រើ​ជា​ឱសថ​សម្រាប់អ្នក​ជំងឺ​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​កូវីដ១៩​និង​ជា​ប្រើ​ជា​វិធី​មួយ​ ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ការ​ចម្លង​រោគ​នេះ​ដល់​គ្រូ​ពេទ្យ​ជួរ​មុខ​និងមនុស្ស​ឯ​ទៀត​ដែល​មាន​ហានិភ័យ​ខ្ពស់។​

គេ​រំពឹង​ថា​ មាន​ក្រុម​ហ៊ុន​យ៉ាង​តិច​៦​នឹង​ធ្វើ​តេស្ត​អង្គ​បដិប្រាណ​នេះ​ជា​មួយ​ពួក​អ្នក​ជំងឺ​កូវីដ១៩​ក្នុង​រដូវ​ក្តៅ​នេះ។​

Monoclonal antibodies ​គឺ​អង្គ​បដិប្រាណ​ប្រដូច​នេះ​បាន​បង្ហាញ​ថា​ វា​ជា​សារធាតុ​មាន​កម្លាំង​ខ្លាំង​ប្រឆាំង​នឹង​ជំងឺ​ ដោយ​មាន​រួម​បញ្ចូល​ជំងឺ​មហារីក​និង​ជំងឺ​រលាក​ខូច​សន្លាក់។​ ការ​ព្យាបាល​ថ្មី​ប្រឆាំង​នឹង​ជំងឺ​ Ebola ​កំពុង​ត្រូវ​ពិនិត្យ​សើ​រើ​ជា​ថ្មី​នៅ​ឯ​មន្ទីរ​រដ្ឋបាល​សហរដ្ឋអាមេរិកខាង​ម្ហូប​អាហារ​និង​ឱសថ។​

អង្គ​បដិប្រាណ​មាន​ប្រៀប​ជាង​ឱសថ​ធម្មតា​ដែល​នាំ​ឲ្យ​វា​នៅ​ជិត​ជួរ​មុខ​នៃ​វិធី​ព្យាបាល​ជំងឺ​ថ្មី​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។​ ការ​ផលិត​អង្គ​បដិប្រាណ​មាន​ល្បឿន​លឿន​គួរ​សម​តាម​រយៈ​បច្ចេកវិទ្យា​ដែល​បាន​ត្រូវ​បង្កើត​ឡើង​កាល​ពី​១០​ទៅ​១៥​ឆ្នាំ​មុន​នេះ។​

លោក​ស្រី​ Laura Walker ​ជា​នាយិកា​ខាង​វិទ្យាសាស្ត្រ​អង្គ​បដិប្រាណ​នៅ​ឯ​ក្រុមហ៊ុន​បច្ចេកវិទ្យាជីវសាស្ត្រ ​Adimab។ ​លោក​ស្រី​បាន​និយាយ​ថា៖ ​«ដំណើរ​ការ​ទាំង​ស្រុង​នៃ​ការ​បង្កើត​អង្គ​បដិប្រាណ​សម្រាប់​គ្លីនិក​ចាប់​តាំង​ពី​ការ​យក​សំណាក​ឈាម​រហូត​ដល់​មាន​អង្គ​បដិប្រាណ​គឺ​មាន​រយៈ​ពេល​ប្រមាណបី​ខែ»។​

លោកស្រី​ Walker ​ បាន​និយាយ​ថា​ ​ការ​ធ្វើ​តេស្ត​អំពី​សុវត្ថិភាព​ទើប​ចាប់​ផ្តើម​ធ្វើ​ក៏ដោយ​ ក៏​ការ​ព្យាបាល​ដោយ​អង្គ​បដិប្រាណ​ជា​ទូទៅ​មាន​សុវត្ថិភាព​គួរសម។​

លោក​ស្រី​បាន​កត់​សម្គាល់​ថា៖​ «មនុស្ស​គ្រប់​គ្នា​ផលិត​អង្គ​បដិប្រាណ​តាម​ធម្មជាតិ»។​

លោក​ស្រី ​Walker​ បាន​ថ្លែង​បន្ថែម​ថា ​ ដូច្នេះ​យោង​តាម​ផ្នែក​មួយ​នៃ​ការ​សិក្សា​ហ្មត់ចត់អំពី​ប្រព័ន្ធ​ការពារ​ខ្លួន​ប្រាណ​មនុស្ស «អង្គ​បដិប្រាណ​ប្រដូច​គឺ​ monoclonal antibody​ នឹង​មាន​ប្រសិទ្ធ​ភាព​គួរ​សម»។​

អង្គ​បដិប្រាណ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ការពារ​ខ្លួន​មនុស្ស​ប្រឆាំង​នឹង​ជំងឺ។​ អង្គ​បដិប្រាណ​ការពារ​ខ្លួន​មនុស្ស​ ​ដោយ​ភ្ជាប់​ខ្លួន​វា​នឹង​មេរោគ​ឈ្លានពាន។​ នៅ​ក្នុង​ករណី​វីរុស​ អង្គ​បដិប្រាណ​រារាំង​វីរុស​មិន​ឱ្យ​ចូល​ក្នុង​កោសិកា​បណ្តាល​ឱ្យ​មាន​ការ​ឆ្លង​រោគ។

ការ​ផ្អាក​ថ្នាំ​វ៉ាក់សាំង​

លោក​ Joe Jardine ​ធ្វើការ​នៅ​ឯ​អង្គការ​ IAVI ​ដែល​ជា​អង្គការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​មិន​យក​កម្រៃ។​ លោក​និយាយ​ថា ​វ៉ាក់​សាំង​ធ្វើ​ការ​ឆ្លើយតប​នឹង​មេរោគ​ដូច​អង្គ​បដិប្រាណ​ដែរ។​ លោក​និយាយ​ថា​ ដោយសារ​គ្មាន​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូវីដ១៩​ ​ «យើង​រំលង​វិធានការ​បង្កើត​វ៉ាក់សាំង​ ហើយ​យើង​ផលិត​អង្គ​បដិប្រាណ​ទាំង​នេះ​ដោយ​ផ្ទាល់»។​

អង្គ​បដិប្រាណ​ភាគ​ច្រើន​បាន​មក​ពី​ពួក​មនុស្ស​ដែល​បាន​ជា​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩។​ឈាម​របស់​ពួក​ជន​ទាំង​នេះ​មាន​អង្គ​បដិប្រាណ​ច្រើន ​ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជាវេជ្ជបណ្ឌិត​ធ្វើ​តេស្ត​ថា​តើប្លាស្មា​របស់​ពួក​មនុស្ស​ដែល​ជា​ពី​ជំងឺ​កូវីដ១៩​ អាច​ព្យាបាល​ជំងឺ​នេះ​ឬ​អាច​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​ឆ្លង​បាន​ឬ​ទេ។​ ប្លាស្មា​អង្គ​បដិប្រាណ​នេះ​គឺ​ជា​ ផ្នែក​មួយ​នៃ​ឈាម​មនុស្ស​ដែល​ជា​ពី​ការ​ឆ្លង​ជំងឺ​នេះ។​

ក៏​ប៉ុន្តែ​ការ​ប្រមូល​ប្លាស្មា​អង្គ​បដិប្រាណ​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ច្រើន​នាក់​គឺ​ជា ​ការងារ​ធំ​មួយ​ហើយ​ គេ​ត្រូវ​ពិនិត្យ​ប្លាស្មា​នេះ​ក្រែង​អ្នក​ផ្តល់​ប្លាស្មា​អង្គ​បដិប្រាណ​នេះ​មាន​ជំងឺ​ផ្សេង​ទៀត។​

ឈាម​របស់អ្នក​ជំងឺ​ដែល​ជា​ពី​រោគ​នេះ​ក៏​មាន​កោសិកា​ដែល​ផលិត​អង្គ​បដិប្រាណ​ច្រើន​ដែរ។​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ មាន​ការ​រក​ឃើញ​បច្ចេក​វិទ្យា ​ដែល​អាច​បែងចែក​កោសិកា​រាប់​លាន​ ដោយ​ចម្រាញ់​យក​កោសិកា​ដែល​ផលិត​អង្គ​បដិប្រាណ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​មេរោគ​ណា​មួយ។​កោសិកា​ទាំង​នេះ​បង្កើត​គ្រឹះ​សម្រាប់​បណ្តុះ​អង្គ​បដិប្រាណ​ដ៏​ច្រើន។​

​អ្នក​ជំងឺ​អាច​ទទួល​ការ​ព្យាបាល​ដោយ​ការ​ចាក់​បញ្ចូល​ក្នុង​សាច់​ ឬ​ការ​ចាក់​បញ្ចូល​តាម​សរសៃ​ឈាម។​

រហូត​មក​ដល់​ពេល​នេះ​ មាន​ក្រុម​ហ៊ុន​ពីរ​បាន​ធ្វើ​ការ​សាក​ល្បង​របៀប​ព្យាបាល​ដោយ​ប្រើ​អង្គ​បដិប្រាណ​ ប្រដូច​ monoclonal antibody ​សម្រាប់​ពួក​អ្នក​ជំងឺ​កូវីដ១៩​ដែល​ដេក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរ​ពេទ្យ។​ ​គេ​រំពឹង​ថា ​ យ៉ាង​ហោច​ណាស់​មាន​ក្រុម​ហ៊ុន​បួន​ទៀត​នឹង​ចាប់​ផ្តើម​ធ្វើ​តេស្ត​នៅ​រដូវ​ក្រៅ​នេះ​ផង​ដែរ។​

អង្គ​បដិប្រាណ​ក៏​អាច​ត្រូវ​ប្រើ​ដើម្បី​ផ្តល់​ការ​ការពារ​បណ្តោះ​អាសន្ន​ដូចថ្នាំ​វ៉ាក់​សាំង​ដែរ​ ដើម្បី​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ។​

លោក ​Joe Jardine ​បាន​និយាយ​ថា៖​ «នេះ​អាច​ជា​វិធី​បណ្តោះ​អាសន្ន​មួយ​ដើម្បី​ដោះស្រាយ​ការ​ឆ្លង​ជំងឺ​នេះ» ​សម្រាប់​ពួក​ពេទ្យ​ឬ​ពួក​មនុស្ស​ងាយ​រង​គ្រោះ​ ​នៅ​ពេល​ពួក​គេ​កំពុង​រក​ថ្នាំ​វ៉ាក់​សាំង​ឬ​វា​អាច​ជា​ការ​ពារ​មនុស្ស​ចាស់​ដែល​ការ​ប្រើ​ថ្នាំ​វ៉ាក់សាំង​គ្មាន​ប្រសិទ្ធ​ភាព​សម្រាប់​ពួក​គាត់។​

ការ​ការពារ​នេះ​អាច​មាន​រយៈ​ពេល​ប្រមាណ​មួយ​ខែហើយ​អាច​មាន​ដល់​៦​ខែ។​

ក្រុម​របស់​លោកស្រី​ Laura Walker​ បាន​ដាក់​អង្គ​បដិប្រាណ​មួយ​ចំនួន​ឱ្យ​នៅ​ដាច់​ពី​គេ​ដែល​មិន​គ្រាន់តែ​រារាំង ​វីរុស​កូរ៉ូណា​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​កូវីដ១៩​ប៉ុណ្ណោះ​ទេ​ ​ក៏​ប៉ុន្តែ​ក៏​អាច​រារាំង​មេរោគ​ដែល​បាន​នាំ​ឱ្យ​មាន​ការ​រាត្បាត​នៃ​ជំងឺ​ SARS ​កាល​ពី​ឆ្នាំ​២០០៣ ​និង​វីរុស​កូរ៉ូណា​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​សត្វ​ប្រចៀវ​ផង​ដែរ។​

ក្នុង​រយៈពេល​តិច​ជាង​ពីរ​ទសវត្សរ៍ វីរុស​កូវីដ១៩​ជា​វីរុស​កូរ៉ូណា​ទី​បី​ ដែល​បាន​លេច​ចេញ​ពី​សត្វព្រៃ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់។​ មាន​វីរុស​បែប​នេះ​ច្រើន​ទៀត​នៅ​ក្នុង​សត្វ​ប្រចៀវ​និង​សត្វ​ឯ​ទៀតៗ។ ​នៅ​ពេល​ដែល​មនុស្ស​ចូល​ទន្ទ្រាន​កាន់​តែ​ច្រើន​នៅ​កន្លែង​រស់​នៅ​នៃ​ពពួក​សត្វព្រៃ ​មនុស្ស​ក៏​ប្រឈម​នឹង​វីរុស​កាន់​តែ​ច្រើន​ដែរ។​

លោកស្រី ​Laura Walker ​បាន​ថ្លែង​ថា៖​« សឹង​តែ​ប្រាកដ​ណាស់​ថា​ ​យើង​នឹង​ឃើញ​មាន​ការ​រាតត្បាត​ដូច​នេះ​ទៀត​ក្នុង​ពេល​អនាគត។​ ​អ្វី​ដែល​យើង​ចង់​បាន​នោះ​គឺ ​មិនមែន​គ្រាន់តែ​អង្គ​បដិប្រាណ​ដែល​ប្រឆាំង​នឹង​វីរុស​នៅ​ពេល​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​យើង​ចង់​បាន​អង្គ​បដិប្រាណ​ប្រឆាំង​នឹង​វីរុស​មាន​ការ​ទាក់ទិន​នឹង​វីរុស​នេះ​ហើយ​ដែល​នឹង​កើត​មាន​ក្នុង​ពេល​អនាគត​ផង​ដែរ»។​

លោកស្រី​ Walker ​សង្ឃឹម​ថា​ នឹង​ចាប់​ផ្តើម​ការ​សាកល្បង​ខាង​ គ្លីនិក​នៅ​ចុង​ឆ្នាំ​នេះ៕​

ប្រែសម្រួល​ដោយ​លោក ​ឈឹម សុមេធ​

XS
SM
MD
LG