ប្រទេសចិន បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានចុះហត្ថលេខារួចហើយលើកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយប្រទេសដែនកោះ Solomon ជាចំណាត់ការមួយដែលធ្វើឲ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនដែលមានប្រទេសអូស្ត្រាលី និងណូវែលសេឡង់ មានក្តីបារម្ភពីកំណើនឥទ្ធិពលរបស់ចិននៅក្នុងតំបន់ដែលជាប្រពៃណីស្ថិតនៅក្រោមគ្រប់គ្រងរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើទោះជាយ៉ាងនេះក្តី ក៏មន្ត្រីនៃប្រទេស Solomon ក្នុងពេលកន្លងទៅ បានបង្ហើបថា នៅពុំទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាជាមួយប្រទេសចិននោះនៅឡើយទេ។
លោក Douglas Ete ប្រធានគណៈកម្មាធិការកិច្ចការសាធារណៈរបស់សភាកោះ Solomon បានប្រាប់សមាជិកសភាថា មន្ត្រីចិន នឹងមកដល់ប្រទេសនេះនៅពាក់កណ្តាលខែឧសភាខាងមុខនេះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកោះ Solomon។
នាយករដ្ឋមន្ត្រីកោះ Solomon លោក Manasseh Sogavare បានថ្លែងប្រាប់សភាថា កិច្ចព្រមព្រៀង ដែលត្រូវបានស្នើឡើងនោះ នឹងមិនមានការដាក់បញ្ជូលមូលដ្ឋានយោធារបសចិននោះឡើយ។
លោក Ete បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងនេសាទ ក៏ប៉ុន្តែលោកជំទាស់ប្រឆាំងទៅនឹងគំនិតដែលអនុញ្ញាតឲ្យចិនបង្កើតមូលដ្ឋានយោធានៅក្នុងប្រទេស Solomon។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ សេតវិមានដែលនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់អាមេរិកមួយក្រុមទៅកាន់រដ្ឋធានី Honiara របស់ប្រទេស Solomon ក្នុងសប្តាហ៍នេះបានឲ្យដឹងថា ខ្លួនមានក្តីបារម្ភពី«កង្វះតម្លាភាពនិងខ្លឹមសារមិនច្បាស់លាស់»នៃកិច្ចព្រមព្រៀងនេះ។
ពួកមន្ត្រីអូស្ត្រាលីបាននិយាយថា ចិនចង់ធ្វើការងារនេះឲ្យបានមុននៃការមកដល់របស់គណៈប្រតិភូសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានី Honiara ដែលសេតវិមានបាននិយាយថា ខ្លួននឹងពិភាក្សាពីក្តីបារម្ភរបស់ខ្លួនជុំវិញប្រទេសចិនក៏ដូចជាការបើកឡើងវិញនូវស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះផងដែរ។
អ្នកនាំពាក្យក្រសួងការបរទសចិនលោក Wang Wenbin បាននិយាយថា ក្របខណ្ឌនៃកិច្ចព្រមព្រៀងជាមួយកោះ Solomon ត្រូវបានចុះហត្ថលេខារួចហើយនៅពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីការបរទេស Solomon លោក Jeremiah Manele។ លោកមិនបាននិយាយលម្អិតពីពេលវេលានិងទីកន្លែងដែលកិច្ចព្រមព្រៀងនោះត្រូវបានចុះហត្ថលេខានោះឡើយ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា សេចក្តីរាយការណ៍ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងចិននិងកោះ Solomon កើតមានឡើងបន្ទាប់ពីមានការបង្ហាញឲ្យដឹងថា ចិនបានផ្តល់កិច្ចព្រមព្រៀងមួយដែលមានលក្ខណៈស្រពិចស្រពិល មិនច្បាស់លាស់ជាមួយនឹងការពិគ្រោះយោបល់ក្នុងតំបន់តិចតួចទៅលើវិស័យនេសាទត្រី ការគ្រប់គ្រង់ប្រភពធនធាន ជំនួយអភិវឌ្ឍន៍និងការអនុវត្តសន្តិសុខជាដើម។
ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ក្រោយមកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់នោះដើម្បីឆ្លើយតបទៅនឹងការប្រឈមក្នុងសតវត្សរ៍ទី២១ ដោយរួមទាំងសន្តិសុខដែនសមុទ្រនិងការអភិវឌ្ឍសេដ្ឋកិច្ច រហូតដល់វិបត្តិអាកាសធាតុនិងជំងឺកូវីដ១៩ជាដើម»។
ដោយឡែករដ្ឋាភិបាលអូស្ត្រាលីវិញ ក៏មានក្តីបារម្ភថា កិច្ចព្រមព្រៀងនេះ អាចជាជំហានឆ្ពោះទៅមុខមួយក្នុងការបង្កើតវត្តមានកងទ័ពចិននៅក្នុងប្រទេស Solomon ដែលមានចំងាយប្រមាណតិចជាង២ពាន់គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្ររបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានឲ្យដឹងថា អូស្ត្រាលីមានការខកចិត្តយ៉ាងខ្លាំងជុំវិញរឿងនេះហើយថា អូស្ត្រាលីនឹងបន្តស្វែងរកលក្ខខណ្ឌលម្អិតនៃកិច្ចព្រមព្រៀងនេះបន្ថែមទៀតដោយលោកស្រីបានកត់សម្គាល់ថា ការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសឡើងដោយភាគីចិនតែប៉ុណ្ណោះ។
លោកស្រីក៏បានបង្ហាញក្តីបារម្ភអំពីកង្វះតម្លាភាពនៃកិច្ចព្រមព្រៀងនេះ ហើយថាកិច្ចព្រមព្រៀងនេះ «អាចនឹងប៉ះពាល់ដល់ស្ថិរភាពនៅក្នុងតំបន់របស់យើង»៕