នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់លោកស្រី Jacinda Ardern នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃអង្គារនេះនៅសេតវិមានដើម្បីពិភាក្សាពីការបន្តចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រីបានប្រាប់បណ្តាញព័ត៌មាននូវែលសេឡង់នៅក្នុងសន្និសីទសារព័ត៌មួយក្នុងរដ្ឋធានីវ៉ាស៊ីន តោនថា «ប្រធានបទដែលយើងនឹងលើកយកមកពិភាក្សា គឺបញ្ហាស្ថានភាពនៅក្នុងតំបន់របស់យើង និងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ យើងនឹងលើកទឹកចិត្តដល់សហរដ្ឋអាមេរិកឱ្យបន្តនិងពង្រឹងការចូលរួមរបស់ខ្លួននៅក្នុងតំបន់ដែលក្នុងនោះក៏រួមមានការចូលរួមផ្នែកសេដ្ឋកិច្ចផងដែរ ដែលវាមានសារៈសំខាន់ជាខ្លាំងសម្រាប់តំបន់របស់យើង»។
ជំនួបនេះ មានសារៈសំខាន់ ស្របពេលដែលនូវែលសេឡង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានលើកឡើងពីក្តីបារម្ភរបស់ខ្លួនអំពីវត្តមានរបស់ប្រទេសចិននៅក្នុងតំបន់ បន្ទាប់ពីព័ត៌មានបានផ្សព្វ ផ្សាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេស Solomon Islands។ ចិនបានជំរុញនូវកិច្ចប្រឹងប្រែងក្នុងការបង្កើននូវឥទ្ធិពលរបស់ខ្លួនហើយរដ្ឋមន្ត្រីការបរទេសចិនកាលពីពេលថ្មីៗនេះបានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសតុងហ្គាដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់ដ៏ធំមួយ របស់ប្រមុខការទូតចិន។
លោកស្រី Ardern និយាយថា លោកស្រីក៏នឹងរំពឹងជួបជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងអ្នកសម្របសម្រួលអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកលោក Kurt Campbell ផងដែរ។
លោកស្រី Ardern កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃគណៈប្រតិភូពាណិជ្ជកម្ម ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មរបស់នូវែលសេឡង់។ លោកស្រីនឹងថ្លែងសុន្ទរកថាផងដែរនៅសាកលវិទ្យាល័យ Harvard ក្នុងសហរដ្ឋអាមេរិក៕