ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​មីយ៉ាន់ម៉ា​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ថៃ


រូបថតដោយរដ្ឋបាលស្រុកសានសៃ បង្ហាញឲ្យឃើញអ្នកកាសែត ៣នាក់របស់ស្ថាប័ន​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា (DVB) ត្រូវបានសមត្ថកិច្ចថៃបញ្ជូនខ្លួនឡើងរថយន្តមួយ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួននៅខេត្តឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១។
រូបថតដោយរដ្ឋបាលស្រុកសានសៃ បង្ហាញឲ្យឃើញអ្នកកាសែត ៣នាក់របស់ស្ថាប័ន​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា (DVB) ត្រូវបានសមត្ថកិច្ចថៃបញ្ជូនខ្លួនឡើងរថយន្តមួយ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួននៅខេត្តឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១។

អ្នក​កាសែត​បី​នាក់​ដែល​បម្រើការ​ឲ្យ​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​មួយ​នៅ​មីយ៉ាន់ម៉ា ​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​បន្ដ​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​រង​ការ​ចោទប្រកាន់​ថា​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។

អ្នក​កាសែត​ទាំង​បី​នាក់​នោះ​ធ្វើ​ការ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា (DVB) ដែល​ជា​បណ្ដាញ​ផ្សាយ​ព័ត៌មាន​តាម​អនឡាញ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​បិទ​ដោយ​រដ្ឋាភិបាល​យោធា។

នាយក​គ្រប់គ្រង​ស្ថាប័ន​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា លោក Aye Chan Naing បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អ្នក​កាសែត​ទាំង​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ក្រុង​ឈៀងម៉ៃ ប៉ែក​ខាង​ជើង​ប្រទេស​ថៃ រួម​ជាមួយ​នឹង​សកម្មជន​ពីរ​នាក់​ផ្សេង​ទៀត។

លោក​បាន​ទទូច​កុំ​ឲ្យ​រដ្ឋាភិបាល​ថៃ​ចាប់​បញ្ជូន​មនុស្ស​ទាំង ​៥ ​នាក់​នោះ ​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ ដោយសារ​លើក​ហេតុផល​ថា ជីវិត​របស់​ពួកគេ ​«នឹង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ខ្ពស់​ ប្រសិន​បើ​ពួកគេ​ត្រឡប់​ទៅ​វិញ»។​

លោក Aye Chan ក៏​បាន​អំពាវនាវ​ដល់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ផង​ដែរ។

ស្ថាប័ន​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា​ គឺ​ជា​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ជា​ច្រើន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ដក​ហូត​អាជ្ញាប័ណ្ណ ចាប់​តាំង​ពី​យោធា​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​កាល​ពី​ថ្ងៃ​ទី ១ ខែកុម្ភៈ​មក និង​បាន​ចាប់​ឃុំ​ខ្លួន​ថ្នាក់ដឹកនាំ​ស៊ីវិល​ដោយ​រួម​ទាំង​មេដឹកនាំ​គឺ​អ្នកស្រី Aung San Suu Kyi។

អ្នកកាសែត​រាប់​សិប​នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ៕

XS
SM
MD
LG