លោក Ted Cruz សមាជិព្រឹទ្ធសភាសហរដ្ឋអាមេរិកបានហក់ចូលក្នុងជម្លោះក្តុងក្តាំងកាលពីថ្ងៃអង្គារដោយគំរាមកំហែងថានឹងមានផលវិបាក ប្រសិនបើលោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលជាប់ពន្ធនាគារមិនត្រូវបានគេដោះលែងទេនោះ។
លោក Cruz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រសិនបើនាយករដ្ឋមន្រ្តីរបស់លោកមិនដោះលែងលោក កឹម សុខា ត្រឹមថ្ងៃទី៩ ខែវិច្ឆិកាទេ ខ្ញុំនឹងធ្វើការជាមួយសហការីរបស់ខ្ញុំនៅក្នុងសភានិងរដ្ឋបាលរបស់ប្រធានាធិបតី ត្រាំដើម្បីពិនិត្យមើលថាតើមន្រ្តីរដ្ឋាភិបាលណាដែលទទួលខុសត្រូវចំពោះសកម្មភាពទាំងនោះនឹងត្រូវរារាំងមិនឲ្យធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក»។
ការចុះបោះឆ្នោតសម្រាប់ការបោះឆ្នោតសាកលនៅឆ្នាំក្រោយនឹងបញ្ចប់នៅថ្ងៃទី៩ ខែវិច្ឆិកា ដោយរដ្ឋាភិបាលចាតវិធានការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដែលអាចទុកចិត្តបានតែមួយគត់។
សហរដ្ឋអាមេរិកបានដាក់ការរឹតត្បិតខាងទិដ្ឋាការួចហើយទៅលើពួកមន្រ្តីក្រសួងការបរទេសនិងក្រុមគ្រួសាររបស់ពួកគេកាលពីខែកញ្ញា។ ទោះយ៉ាងនោះក៏ដោយ ចំណាត់ការនោះពាក់ព័ន្ធនឹងករណីផ្សេង។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តីបាននិយាយថា សេចក្តីថ្លែងការណ៍ដោយសមាជិកព្រឹទ្ធសភា Cruz ជាការអន្តរាគមន៍មកពីឥស្សរជនជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិករហូតមកទល់ពេលនេះ ក៏ប៉ុន្តែមិនមានអ្វីព្រួយកង្វល់ទេ។
លោក ផៃ ស៊ីផាន បាននិយាយថា៖ «គោលនយោបាយការបរទេសដែលធ្វើឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ មានន័យថា លោកបានឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសមួយផ្សេងទៀត ដូច្នេះ សេចក្តីថ្លែងការណ៍ដោយលោក Ted ផ្ទុយពីប្រធានាធិបតីរបស់លោក»។
លោកប្រធានាធិបតី ត្រាំ បានប្រកាសថា ថ្ងៃនៃការស្ថាបនារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសផ្សេងទៀតបានបញ្ចប់ ការណ៍នេះបានបណ្តាលឲ្យពួកអ្នកវិភាគខ្លះជជែកឲ្យហេតុផលថា មេដឹកនាំផ្តាច់ការនៅជុំវិញពិភពលោកមានសេចក្តីក្លាហានដើម្បីរំលាយស្ថាប័នប្រជាធិបតេយ្យ។
លោក កឹម សុខា រួមជាមួយលោក សម រង្ស៊ី មេដឹកនាំនិរទេសខ្លួនហើយអង្គការសង្គមស៊ីវិលជាង៥០ទៀត បានអំពាវនាវនៅដើមសប្តាហ៍នេះដល់ប្រទេសឥណ្ឌូនេស៊ី និងបារាំងឲ្យកោះប្រជុំឡើងវិញនូវភាគីនានាដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងមួយដែលចាប់ផ្តើមឲ្យមានគ្រឹះប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនៅឆ្នាំ១៩៩៣នៅក្នុងប្រទេសកម្ពុជា។
លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលនិងជាសហហត្ថលេខីនៃសេចក្តីអំពាវនាវនោះបាននិយាយថា ក្រុមអង្គការសង្គមស៊ីវិលនោះអនុវត្តនូវគំនិតចុងក្រោយដូចនេះ ពីព្រោះការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងមុនការបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះ ឥឡូវនេះត្រូវបានបង្ហាញថាជា«ការបានសម្រេចចុងក្រោយ»។
លោក Phil Robertson បាននិយាយថា៖ «ប្រសិនបើ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយនោះ ជំហានបន្ទាប់គឺថា សហភាពអឺរ៉ុបនិងប្រទេសជប៉ុនចាំបាច់ផ្អាកជំនួយនិងការជួយឧបត្ថម្ភដល់ការបោះឆ្នោតនេះ ទម្លាក់ចោលគំនិតនៃការមានអ្នកសង្កេតការណ៍អន្តរជាតិ ហើយត្រូវដើរចេញ»។
លោក Robertsonបាននិយាយទៀតថា ជំហានបន្ទាប់ពីនោះគឺការដាក់ទណ្ឌកម្មសាកលតាមច្បាប់ Magnitsky ដែលនឹងដៅលើសមាជិកកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងពួកយោធា។
ច្បាប់ Magnitsky ជាយន្តការនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យអំណាចប្រតិបត្តិបង្កកទ្រព្យសម្បត្តិរបស់ជនសង្ស័យដែលរំលោភសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិក រារាំងពួកគេមិនឲ្យប្រើសប្រាស់ប្រព័ន្ធហិរញ្ញវត្ថុហើយហាមឃាត់ពួកគេមិនឲ្យចូលក្នុងសហរដ្ឋអាមេរិក។
ច្បាប់នោះបានអនុម័តកាលពីដំបូងនៅឆ្នាំ២០១២ ដើម្បីដាក់ទណ្ឌកម្មលើពួកមន្រ្តីនិងពាណិជ្ជកររុស្ស៊ីដែលពាក់ព័ន្ធនឹងឃាតកម្មអ្នកស៊ើបអង្កេតរឿងពុករលួយ ក៏ប៉ុន្តែ ច្បាប់នោះត្រូវបានប្រើប្រាស់ជាសាកលនៅឆ្នាំ២០១៦។
លោក Robertson បានចាត់ទុកប្រទេសកម្ពុជាក្រោយពីរបបខ្មែរក្រហមមុនពេលអន្តរាគមន៍របស់អង្គការសហប្រជាជាតិដែលបានចាប់ផ្តើមអនុវត្តការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។ លោកនិយាយថា៖ «យើងនឹងត្រឡប់ថយក្រោយវិញមុនឆ្នាំ១៩៩២ដែលនៅទីនោះពួកគេជារដ្ឋឯកោ»។
ពលរដ្ឋកម្ពុជាដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្សនិងបណ្តាញព័ត៌មានឯករាជ្យបានប្រឈមការគំរាមកំហែងនិងការបំភិតបំភ័យជាយូរយាណាស់មកហើយ ហើយបរិយាកាសនេះឥឡូវនេះបានធ្លាក់ទៅលើពួកបរទេសដែរ។
ទ្រឹស្តីនៃការឃុបឃិតដែលបណ្តាញព័ត៌មានរដ្ឋបានធ្វើឡើងអស់រយៈពេលជាច្រើនខែមកហើយ ដែលបានចោទប្រកាន់ពួកអ្នករិះគន់រដ្ឋាភិបាលពីការរៀបចំផែនការក្បត់ជាតិដើម្បីចាប់ផ្តើមបដិវត្តន៍ពណ៍។ ទ្រឹស្តីនៃការឃុបឃិតគ្នាដែលបណ្តាញព័ត៌មានរដ្ឋបានធ្វើឡើងនោះកំពុងពង្រីកជារៀងរាល់ថ្ងៃដោយរួមបញ្ចូលទីដៅដែលមិននឹកស្មានដល់ សាបព្រោះការភ័យខ្លាចកាន់តែខ្លាំងឡើង។
ឯកសារហ្វឹកហាត់របស់ប៉ូលិសជាតិដែលបានផ្សព្វផ្សាយដោយកាសែត The Phnom Penh Post កាលពីថ្ងៃអង្គារបានបង្ហាញពីតារាងដែលជាប់ពាក់ព័ន្ធដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងអង្គការក្នុងស្រុកនិងអន្តរជាតិចំនួន៣០០នៅក្នុងផែនការនោះ។
ទូរទស្សន៍រដ្ឋបានផ្សាយការចោទប្រកាន់ស្រដៀងគ្នានេះតាមរយៈវីដេអូដែលមានរយៈពេល៤៦នាទីដែលជារឿយៗនិយាយទៅតាមទ្រឹស្តីនៃការឃុបឃិតដ៏មានប្រជាប្រិយភាពមួយរបស់ចលនាស្តាំនិយមនៅក្នុងសហរដ្ឋអាមេរិក។
បណ្តាញព័ត៌មានរួមមាន វីអូអេ វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ កាសែត Cambodia Daily និងកាសែត Phnom Penh Post បានរងការចោទប្រកាន់ពីការឃុបឃិតនេះ។
បើទោះបីជាសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថាជាអ្នកញុះញង់នៃការឃុបឃិតដ៏សំខាន់ សហភាពអឺរ៉ុបកំពុងលេចធ្លោក្លាយជាទីដៅដែរ។
ពួកមេដឹកនាំសហគមន៍ពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានបដិសេធដូចគ្នាពុំធ្វើអត្ថាធិប្បាយដល់សេចក្តីរាយការណ៍នេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន