បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលមួយរូបទៀតព្រមានពិចារណាបិទទិដ្ឋាការសម្រាប់មន្ត្រីកម្ពុជាមួយចំនួន ប្រសិនបើស្ថានការណ៍នយោបាយកម្ពុជាទាក់ទងនឹងក្រុមជំទាស់មិនត្រូវបានដោះស្រាយនៅក្នុងខែវិច្ឆិកាខាងមុខ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងថា កម្ពុជាមិនខ្វល់ពីការព្រមានរបស់បរទេសណាមួយនោះទេ។
នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា កម្ពុជាមិនយកចិត្តទុកដាក់នឹងការលើកឡើងរបស់លោក ថេត គ្រូស្ស(Ted Cruz) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលបានព្រមានបិទទិដ្ឋាការសម្រាប់មន្រ្តីកម្ពុជាមួយចំនួន ជាថ្នូរនឹងការទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃរដ្ឋាភិបាលលោក ហ៊ុន សែន ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការលើកឡើងរបស់លោក Ted Cruz គឺមិនឆ្លើយតបទៅនឹងគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតីដូណាល់ត្រាំនោះទេ។ លោកថា ការលើកឡើងនេះមិនមានឥទ្ធិពលអ្វីទាល់តែសោះមកលើកម្ពុជា។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖
«សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌ ហើយក៏មិនមែនជាទិសដៅនៃអាទិភាពនៃគោលនយោបាយរបស់កម្ពុជានោះទេ។ គោលនយោបាយរបស់កម្ពុជា ជារបស់ខ្លួន គឺកិច្ចការការពារសន្តិភាព កិច្ចការការពារសន្តិសុខជាតិ និងកិច្ចការការពារវិបុលភាពមហាជនរបស់យើង។ ហើយការលើកឡើងហ្នឹងរឹតតែបញ្ជាក់ថា លោក Ted ហ្នឹងបានចូលរួមនៅពីក្រោយជនជាប់ចោទកឹម សុខា»។
កាលពីថ្ងៃចន្ទកន្លងទៅ សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់គឺលោក ថេត គ្រូហ្ស (Ted Cruz) បានផ្ញើលិខិតមួយច្បាប់ជូនលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដោយស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ជាបន្ទាន់ និងមិនត្រូវរំលាយគណបក្សជំទាស់ ហើយត្រូវអនុញ្ញាតឲ្យមានការចូលរួមការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅពេលខាងមុខ ដើម្បីជាថ្នូរនឹងការបន្តផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជាចូលមកសហរដ្ឋអាមេរិក។
លោក Ted Cruz សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Texas បានបន្ថែមក្នុងលិខិតនោះដោយមានខ្លឹមសារដើមថា៖
«ប្រសិនបើនាយករដ្ឋមន្ត្រីរបស់លោកមិនដោះលែងលោក កឹម សុខា នៅថ្ងៃទី៩ វិច្ឆិកាទេ ខ្ញុំនឹងធ្វើកិច្ចការជាមួយសហការីរបស់ខ្ញុំនៅក្នុងសភា ហើយនិងក្នុងរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ដើម្បីពិនិត្យមើល មិនឲ្យមន្ត្រីរដ្ឋាភិបាលសំខាន់ៗមួយចំនួន ដែលទទួលខុសត្រូវទង្វើទាំងនោះ ធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិកទេ»។
ស្រដៀងគ្នានោះដែរ កាលពីដើមខែកញ្ញា ភ្លាមៗក្រោយការចាប់ខ្លួនលោក កឹម សុខា សមាជិកព្រឹទ្ធសភាមួយរូបទៀតរបស់គណបក្សសាធារណរដ្ឋមកពីរដ្ឋ Arizona គឺ លោក John McCain បានសរសេរនៅលើប្រព័ន្ធ Twitter របស់លោកថា៖ «ការគាបសង្កត់ ដែលមិនអាចទទួលយកបាន ប្រឆាំងក្រុមមេដឹកនាំប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា គឺជាការបញ្ជាក់ឲ្យដឹងពីកំណើននៃភាពផ្តាច់ការនិយមដ៏គួរឲ្យព្រួយបារម្ភ»។
ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍ បានប្រកាសជាថ្មីទៀតថា ការអនុវត្តចំណាត់ការលើលោក កឹម សុខា នឹងមិនមានការថយក្រោយនោះឡើយ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្តាលយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ដោយចោទលោកពីបទ «ក្បត់ជាតិ» ដោយយោងលើវីដេអូឃ្លីបមួយដែលលោក កឹម សុខា បានបង្ហាញសារនយោបាយក្នុងការប្រជែងយកឈ្នះដៃគូនយោបាយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ ទោះជាយ៉ាងណា គណបក្សជំទាស់ចាត់ទុកថា ការចាប់ខ្លួនលោក កឹម សុខា ជាការបង្ក្រាបក្រុមជំទាស់មុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ហើយមិនហ៊ានប្រកួតប្រជែងតាមការបោះឆ្នោតដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។
ក្រោយការចាប់ និងឃុំខ្លួនលោក កឹម សុខា គេឃើញគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន កំពុងជំរុញយន្តការរឹបអូសយកអាសនៈទាំង៥៥របស់គណបក្សប្រឆាំងឲ្យទៅគណបក្សផ្សេង។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា លើកឡើងថា ការព្រមានរបស់សមាជិកព្រឹទ្ធសភាអាមេរិក នឹងមិនមានប្រសិទ្ធភាពលើចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ទោសលោក កឹម សុខា នោះទេ។ លោកបន្ថែមថា វិធានការដែលមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាអ្នកចេញមុខដោយផ្ទាល់។
លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា៖
«នីតិប្រតិបត្តិចេញវិធានការ ចេញសេចក្តីអំពាវនាវ ចេញការលើកចំណាត់ការណាមួយចំពោះការមិនធ្វើតាមការសំណូមពររបស់រដ្ឋាភិបាលបរទេសហ្នឹង អាហ្នឹងទើបរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្លាំងជាងនីតិបញ្ញត្តិ។ វិធានការ ខ្ញុំលើកឧទាហរណ៍មួយ ដូចជាការបង្កកចរន្តទឹកលុយអ្នកដែលផ្ញើរ ដែលមន្រ្តីខ្ពស់ៗផ្ញើរនៅក្រៅស្រុកអី អាហ្នឹង។ អាចធ្វើឲ្យគេចាប់អារម្មណ៍គិតពិចារណា។ បើគ្រាន់តែដកវីសា ខ្ញុំគិតថា វាមិនសូវជាករណីរសើបខ្លាំងក្លាណាស់នោះទេ»។
ក្រៅពីការព្រមានផ្សេងៗរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក កម្ពុជាក៏រងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អ.ស.ប. អូស្ត្រាលី កាណាដា អង់គ្លេស និងអង្គការអន្តរជាតិធំៗជាច្រើន ចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងការប៉ុនប៉ងរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជា។ សហគមន៍អន្តរជាតិតែងចោទជាសំណួរថា តើរដ្ឋាភិបាលកម្ពុជាអាចធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងពេលបោះឆ្នោតឆ្នាំ២០១៨ខាងមុខដែរ ឬទេ៕